អាជ្ញាធរ​ថៃ​នៅ​ខេត្ត​ស្រះកែវ​ជួយ​បិទ​ផ្សាយ​ការស្វែងរក​ចាប់ខ្លួន​ក្រុម​ឧទ្ទាម​ប៉ង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​

772
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: មិន​ត្រឹមតែ​កងកម្លាំង អាជ្ញាធរ និង​ពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ​ទេ​ដែល​បាន​បិទ​ផ្សាយ​នូវ​ខិតប័ណ្ណ​ប្រកាស​ស្វែងរក​ចាប់ខ្លួន​ក្រុម​ឧទ្ទាម​ក្បត់ជាតិ ដែលមាន​ទណ្ឌិត សម រង្ស៊ី ជា​មេខ្លោង​នោះ សូម្បី​មន្ត្រី​អាជ្ញាធរ កងកម្លាំង​ថៃ​នៅ​ខេត្ត​ស្រះកែវ ក៏​ជួយ​បិទ​ផ្សាយ​ដែរ​។​

​យោង​ប្រភពព័ត៌មាន​ពី​កងកម្លាំង និង​មន្ត្រី​អាជ្ញាធរ​ថៃ និង​កម្ពុជា តាម​បណ្តោយ​ព្រំដែន បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ថា ខិត្តប័ណ្ណ ឬ​ប័ណ្ណប្រកាស​ដែលមាន​ឈ្មោះ និង​រូបថត​ស្វែងរក​ចាប់ខ្លួន​ក្រុម​ឧទ្ទាម​ក្បត់ជាតិ​កម្ពុជា ដែលមាន​ទណ្ឌិត សម រង្ស៊ី ជា​មេខ្លោង​និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មន្ត្រី​ប្រតិបត្តិ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ផលិតឡើង​ដោយ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ទាំងនោះ ត្រូវគេ​ឃើញ​មន្ត្រី​អាជ្ញាធរ កង​តម្រួត និង​ទាហាន​ឈុតខ្មៅ​ថៃ លើក​បង្ហាញ​និង​បិទ​ផ្សាយ​នៅ​ទឹកដី​ថៃ​ដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ថា ពិត​នូវ​ព័ត៌មាន​ដែលថា មន្ត្រី​អាជ្ញាធរ​និង​កងកម្លាំង​ថៃ​បាន​ជួយ​បិទ​ផ្សាយ​នូវ​ខិ​ត្តិ​ប័ណ្ណ ឬ​ប័ណ្ណប្រកាស ដែល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នេះ បាន​ផលិត​និង​ផ្សព្វផ្សាយ​នោះ​។​

​សូម​រំលឹកថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ បាន​សន្យា​ផ្លូវការ​ធ្វើតាម​ការចង់បាន​របស់​អាជ្ញាធរ​កម្ពុជា​ករណី​ទប់ស្កាត់ បង្ក្រាប​ទណ្ឌិត សម រង្ស៊ី និង​បក្ខពួក​ដោយ​មិន​ឲ្យ​ប្រើប្រាស់​ទឹកដី ឬ​ឆ្លងកាត់​ទឹកដី​មក​ប្រទេស​កម្ពុជា​តាម​ច្រកព្រំដែន​អន្តរជាតិ​ខ្លង​លឹក ស្រុក​អារញ្ញ​ប្រាថេត​ខេត្ត​ស្រះកែវ​មក​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឡើយ នា​ថ្ងៃទី​៩​ខែវិច្ឆិកា ឬ​នៅ​ថ្ងៃ​បន្ទាប់​ទៀត​។​

​លោក វ​រ៉ា​ផាន់ សុ​វា​ណុន (HE WORAPHAN SUWANNUS ) អភិបាលខេត្ត​ស្រះកែវ នៃ​ព្រះរាជាណាចក្រ​ថៃ បាន​សន្យា​ជាមួយ​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ព្រះរាជាណាចក្រ​កម្ពុជា និង​មន្ត្រី​អាជ្ញាធរ កងកម្លាំង​ដូច្នេះ កាលពី​ល្ងាច​ថ្ងៃទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០១៩ ពេល​ទទួល​សំណើ​ពឹង​ពរ​រក​សុំ​កិច្ចសហការ​អនុវត្តន៍ ការទប់ស្កាត់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ និង​បក្ខពួក​កម្ពុ​ជាមាន​ទណ្ឌិត សម រង្ស៊ី ជា​មេខ្លោង​ដែល​ប្រកាស​យក​ទឹកដី​ប្រទេស​ថៃ​ដោយឡែក​ខេត្ត​ស្រះកែវ ពិសេស​ច្រកទ្វារព្រំដែន​អន្តរជាតិ​ខ្លង​លឹក -​ប៉ោយប៉ែត ជា​ច្រក​ផ្លូវ​ឬ​មូលដ្ឋាន មាតុភូមិនិវត្តន៍​ចូលមក​កម្ពុ​ជានា​ថ្ងៃទី​៩​ខែវិច្ឆិកា ស្អែក​នេះ​៕ ល​