អាជ្ញាធរ​ថៃ​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ឲ្យ​ត្រលប់មក​ស្រុកកំណើត​វិញ ​​បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​អោយមាន​សេរីភាព​

675
ចែករម្លែក

​ដោយ:​បាយ័ន​/​ឧ​ត្ត​រ​មាន​ជ័​យ ៖ កាលពី​វេលា​ម៉ោង​១៥​និង​៤៥​នាទី ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ភាគី​អាជ្ញាធរ​ថៃ​បានបញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ឲ្យ​វិល​ត្រលប់មក​ស្រុកកំណើត​វិញ តាម​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បន្ទាប់ពី​ជន​រូប​នោះបាន​ឆ្លងដែន​ខុសច្បាប់​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ ហើយ​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​យកទៅដាក់​ពន្ធនាគារ​នៅ​ខេត្ត​ស៊ីសាកេត​។​

សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ បាន​និយាយថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវបាន​ថៃ​បញ្ជូន​មកវិញ​គឺមាន​ឈ្មោះ យ៉ាន ក្រឹម ភេទ​ប្រុស អាយុ ២១ ឆ្នាំ​រស់នៅ​ភូមិ​បន្ទាយ​ចាស់ ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច​បាន​បន្តថា ជននេះ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ​២០១៦ កន្លងទៅ​ពីបទ​ឆ្លង ដែន​កាប់​ឈើ​ក្រញូង ដោយ​ចូល​តាម​ច្រក​ចាក់ច្រែង ហើយ​ត្រូវបាន​ភា​គិ​ថៃ​ចាប់ខ្លួន​យោ​ទៅ​ដាក់ពន្ធនាគារ នៅ​ស្រុក​ខាន់​តា​ឡាក់ ខេត្ត​ស៊ីសាកេត ចាប់តាំងពី​ពេលនោះ​មក ។​

​រហូតដល់​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ជននេះ​ត្រូវបាន​ភាគី​ថៃ​បានដោះលែងឲ្យមាន​សេរីភាព​ពី​ពន្ធនាគារ ហើយ​បញ្ជូន​អោយ​ត្រលប់​មកកាន់​ស្រុកកំណើត​វិញ​។​ ក្រោយពី​ទទួល​ពី​ភាគី​ថៃ​រួចមក សមត្ថកិច្ច​នគរបាល​កម្ពុជា​បានធ្វើ​ការអប់រំ ណែនាំ មិនឲ្យ​ធ្វើការ​ឆ្លងដែន​ខុសច្បាប់​ដូច្នេះ​ទៀត​ទេ រួចឲ្យ​វិល​ត្រលប់​ទៅ​ជួបជុំ​ក្រុមគ្រួសារ​វិញ​៕B