អាជ្ញាធរ​ថៃ​បញ្ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​២​នាក់​អោយ​វិល​ត្រលប់មក​ស្រុកកំណើត​វិញ​​បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​

498
ចែករម្លែក

ដោយ : បាយ័ន/ ​សៀមរាប : អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​២​នាក់ អោយ​វិល​ត្រលប់មក​ស្រុកកំណើត​វិញ បន្ទាប់ពី​ភាគី​អា​ជ្ញ​ធរ​ថៃ​បាន​ដោះលែង​ពី​ពន្ធនាគារ​អោយមាន​សេរីភាព​វិញ​។​ពិធី​ប្រគល់​និង​ទទួល​ប្រជាពលរដ្ឋ​កម្ពុជា​ពី​អាជ្ញាធរ​ថៃ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៤​និង​៥០​នាទី ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨ តាម​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ ស្ថិត​ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

សមត្ថកិច្ច​នគរបាល​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ បាន​និយាយថា ជនកម្ពុជា​ទាំង​២​នាក់​ត្រូវបាន​អាជ្ញាធរ​ថៃ ចាប់ខ្លួន​កាលពី​ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០១៧​កន្លងទៅនេះ ពីបទ​ឆ្លងដែន​កាប់​ឈើ​គ្រញូង​ក្នុងប្រទេស​ថៃ ចូល​តាម​ច្រក​ភូមិសាស្ត្រ​ក្បាល​អូរ​ស្វាយ ខាង​ខ្មែរ​ស្ថិតនៅ​ភូមិ​ទំនប់​អភិវឌ្ឍន៍ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​ឈម​ខាង​ថៃ​ស្ថិតនៅ​ភូមិ​ស្ទឹង​ចាន់ ឃុំ​ស្ទឹង​ចាន់ ស្រុក​ឃុន​ហាន ខេត្ត​ស៊ីសាកេត​។​

​សមត្ថកិច្ច​បាន​បន្តថា ក្រោយពី​ចាប់ខ្លួន​ជនកម្ពុជា​ទាំង​២​នាក់ ត្រូវបាន​នាំខ្លួន​ទៅ​កាត់ទោស​នៅ​ស្រុកថៃ ហើយ​សម្រេច​អោយ​ជាប់ពន្ធនាគារ​នៅ​ស្រុក​ខាន់​តា​ឡាក់ ខេត្ត​ស៊ីសាកេត ចាប់តាំងពី​ពេលនោះ​មក រហូតមកដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨ ទើប​ត្រូវបាន​អាជ្ញាធរ​ថៃ​ដោះលែង​អោយមាន​សេរីភាព​ហើយ​ថ្វើ​ការបញ្ជូន​មកកាន់​ស្រុកកំណើត​វិញ​។​

​ជនកម្ពុជា​ដែល​ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូនមក​ស្រុកកំណើត​វិញ​គឺមាន​ឈ្មោះ សាំង សំ​រ៉ង់ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ សាំង ស្រស់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​។​អ្នក​ទាំងពីរ​រស់នៅ​ភូមិ​បាកាន ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់​។

​ក្រោយពី​ទទួល​ពី​អាជ្ញាធរ​ថៃ​រួចមក ភាគី​ខាង​កម្ពុជា​បានធ្វើ​ការអប់រំ​និង​ណែនាំ រួច​បានអោយ​វិល​ត្រលប់​ទៅកាន់​លំនៅដ្ឋាន​ដើម្បី​ជួបជុំ​ក្រុមគ្រួសារ​វិញ​៕B