អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​អោយ​វិល​ត្រលប់​មកកាន់​ភូមិកំណើត​វិញ​

361

ដោយ​: បាយ័ន / ឧ​ត្ត​រ​មានជ័យ​: ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ ត្រូវបាន​អាជ្ញាធរ​ប្រទេស​ថៃ បានធ្វើការ​បញ្ជូនមក​អោយ​ភាគី​កម្ពុជា​វិញ បន្ទាប់ពី​ពលរដ្ឋ​ខ្មែរ​រូបនោះ ត្រូវបាន​ថៃ​ចាប់ខ្លួន​ពីបទ​ឆ្លងដែន​ទៅ​កាប់​ឈើ​គ្រញូង​ដោយ​ខុសច្បាប់ នៅក្នុង​ទឹកដី​ថៃ​រួចមក​។​

​ពិធី​ប្រគល់​និង​ទទួល​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៤​និង​១០​នាទី ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​អាជ្ញាធរ​កម្ពុជា បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវបាន​ភាគី​ថៃ​ប្រគល់អោយ​កម្ពុជា​គឺមាន​ឈ្មោះ ថន ចន្ថា ភេទ​ប្រុស ១៩​ឆ្នាំ រស់នៅ ភូមិ​មណ្ឌល​ដប់ ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ដ ខេត្តព្រះវិហារ​។​ជន​ឈ្មោះ ថន ចន្ថា ត្រូវបាន​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៧​កន្លងទៅនេះ ពីបទ​ឆ្លងដែន​កាប់​ឈើ​គ្រញូង​ខុសច្បាប់ ដោយ​ចូល​តាម​ច្រក​ភូមិសាស្ត្រ​ចាក់ច្រែង ។​

​ក្រោយពី​ចាប់ខ្លួន​ជន​ឈ្មោះ ថន ចន្ថា ត្រូវបាន​អាជ្ញាធរ​ថៃ យកទៅដាក់​ពន្ធនាគារ​នៅ​ស្រុក​ខាន់​តា​ឡាក់ ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ រហូតដល់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៨​នេះ ទើប​ដើ​លែងអោយ​មាន​សេរីភាព និង​បានអោយ​វិល​ត្រលប់​មកកាន់​ស្រុកកំណើត​វិញ ។​

​ក្រោយពី​ទទួល​ពី​ភាគី​ថៃ​រួចមក ភាគី​កម្ពុជា​បានធ្វើ​ការអប់រំ​និង​ណែនាំ រួច​អោយ​វិល​ត្រលប់​ទៅកាន់​ផ្ទះសំបែង ដើម្បី​ជួបជុំ​ក្រុមគ្រួសារ​វិញ​៕ ល​