អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន៣​នាក់​ឲ្យ​វិល​ត្រលប់មក​ស្រុកកំណើត​វិញ​តាម​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ

122

ដោយ:​បាយ័ន​/​សៀមរាប ៖ ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន៣​នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​​បញ្ជូន​ឲ្យ​វិល​ត្រលប់​មកកាន់​ស្រុកកំណើត​វិញ​តាម​ច្រក​អន្តរជាតិ​ជាំស្រងាំ បន្ទាប់ពី​ពួកគេ​ទាំង​៣​នាក់​ត្រូវបាន​ទាហាន​ថៃ​ចាប់ខ្លួន​រួច​បញ្ជូនទៅ​ជាប់ពន្ធនាគា​រ​នៅ​ស្រុក​ខាន់​តា​ឡាក់ ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ រួច​បានដោះលែង​អោយមាន​សេរីភាព​រួចមក​។

ពិធី​ប្រគល់​និង​ទទួល​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​៣​នាក់ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១ ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៩​នេះ ស្ថិតនៅ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ បាន​និយាយថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​៣​នាក់​ខាងលើ ត្រូវបាន​ភាគី​ថៃ​ចាប់ខ្លួន​ពីបទ​ឆ្លងដែន​ដោយ​ខុសច្បាប់ ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ ដោយ​ចូល​តាម​ច្រក​ភ្នំ​ខ្មោច​។​

សមត្ថកិច្ច​បាន​បន្តថា ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​ភាគី​ថៃ​​ដោះលែង​ឲ្យមាន​សេរីភាព​និង​បញ្ជូនមក​ស្រុក​វិញ​គឺមាន​ទី​១ ឈ្មោះ ជា អី​ម ភេទ​ប្រុស អាយុ ៣០ ឆ្នាំ រស់នៅ ភូមិ​កងមាស ឃុំ​ព្នៅ ស្រុក​កងមាស ខេត្តកំពង់ចាម, ​ទី​២ ឈ្មោះ ជឿន តក់ ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅ ភូមិ​ចិន​ឡុង ឃុំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ , និង​ទី​៣ ឈ្មោះ គល់ ចាន់ ភេទ​ប្រុស​អាយុ ២៧​ឆ្នាំ​រស់នៅ ភូមិ​ត្រាច ឃុំ​បន្ទាយមាស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។​

សមត្ថកិច្ច​បាន​បន្តទៀត​ថា អ្នក​ទាំងបី​ត្រូវបាន​ភាគី​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃទី ១២ ខែតុលា ឆ្នាំ​២០១៧​កន្លងទៅនេះ រួច​ជាប់ពន្ធនាគារ​នៅ​ស្រុក​ខាន់​តា​ឡាក់ ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ រហូតដល់​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៩​នេះ ទើបត្រូវ​បាន​ដោះលែង​អោយមាន​សេរីភាព​។​

​ក្រោយពី​ទទួល​ពី​ភាគី​ថៃ​រួចមក ប្រជាពលរដ្ឋ​ទាំង​៣​នាក់​ត្រូវបាន​អាជ្ញាធរ​កម្ពុជា​បានធ្វើ​ការអប់រំ និង​ណែនាំ​មិនអោយ​ធ្វើការ​ឆ្លងដែន​ដោយ​ខុសច្បាប់​បែបនេះ​ឡើយ ហើយ​បានអោយ​ត្រលប់​ទៅកាន់​លំនៅដ្ឋាន​រៀងៗ​ខ្លួន​ដើម្បី​ជួបជុំ​ក្រុមគ្រួសារ​វិញ​៕B/