អាជ្ញាធរ​ទប់ស្កាត់​ការប៉ុនប៉ង​បំពាន​ផ្ទៃ​ដៃ​ព្រែក​មួយកន្លែង​ស្ថិតក្នុង​ឃុំ​ជុំ​ក្រៀល​

863
ចែករម្លែក

​ដោយ​: បូកគោ​
​កំពត​:
ជន​សកម្ម​ខាង​ដីធ្លី​មួយរូប​បាន​ជីក​បម្រុង​ហ៊ុមព័ទ្ធ​យក​ផ្ទៃ​ទឹក ដែលជា​ផ្នែក​ដ៏​សំខាន់​បន្ត​ពី​ព្រែក​ក្បាល​រមាស ស្ថិត​ក្នុងភូមិ​ត្រពាំង​ធំ ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ ក្រោមលេស​ទុក​សម្រាប់​ចិញ្ចឹម​បង្គា​។ ក្នុងស្ថានភាព​បែបនេះ រដ្ឋបាល​មូលដ្ឋាន​បាន​ចុះ​ហាមឃាត់ រួច​បំពេញ​សំណុំបែបបទ​បញ្ជូនទៅ​អាជ្ញាធរ​ស្រុក​ដើម្បី​កោះហៅ និង​សាកសួរ​បន្ត​។​

​ក្រោយ​ឃើញ​សកម្មភាព​ជីកដី​ក្នុង​ដៃ​ព្រែក​មួយកន្លែង ស្ថិតនៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ ទំនងជា​ប៉ុនប៉ង​កាន់កាប់​ជា​កម្មសិទ្ធិ​នោះ អ្នកដំណើរ​ទូទៅ​បា​នស​ម្តែ​ង​ការសង្ស័យថា អាច​បង្កឡើង​ដោយ​អ្នកមានអំណាច ឬ​ជាការ​ត្រូវរ៉ូវ​គ្នា​ពី​ផ្នែក​ពាក់ព័ន្ធ ពិសេស​អាជ្ញាធរ​មូលដ្ឋាន​តែម្តង​។ រូបភាព​បែបនេះ ជា​រឿង​ធម្មតា​ទៅហើយ ព្រោះ​ក្នុង​ដែនដី​នៃ​ខេត្តកំពត​មានការ​ហ៊ុមព័ទ្ធ​កាន់កាប់​ដី​រដ្ឋ​កើតឡើង​ហូរហែ មិន​ថា​ដៃ​ព្រែក ដីភ្នំ ផ្ទៃ​បឹង ឬ​សមុទ្រ​នោះទេ​។​

​ទាក់ទិន​នឹង​ករណី​ខាងលើ លោក ហៃ សេង មេឃុំ​ជុំ​ក្រៀល​បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា នា​រសៀល​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ ថា​អ្នក​ដែល​ជីកដី​ដៃ​ព្រែក​បម្រុង​ហ៊ុមព័ទ្ធ​នោះ ឈ្មោះ ទី តក់ ដោយ​អះអាងថា ទុក​ធ្វើ​កន្លែង​ចិញ្ចឹម​បង្គា​។ ប៉ុន្តែ​អាជ្ញាធរ​ឃុំ​បាន​ចុះ​ហាមឃាត់​កាលពី​ម្សិលមិញ និង​បាន​បញ្ជូន​សំណុំបែបបទ​ទៅ​សាលាស្រុក​ទឹកឈូ​រួចរាល់​ហើយ ដើម្បី​ចាត់ការ​បន្ត​៕ ល​