អាជ្ញាធរ​និង​ក្រុមហ៊ុន​ថា អាច​គ្រប់​គ្រង់​ទឹក​អាង​អូ​ខៃ​ដន​បាន បើ​ភ្លៀង​មិន​បន្ត​ធ្លាក់​បន្ថែម​

960
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ : អាជ្ញាធរ សមត្ថកិច្ច​ខេត្ត ក្រុង​និង​ក្រុមហ៊ុន​អាន​កូ ដែល​វិនិយោគ​អាងទឹក​ទុក​ធ្វើ​ទឹកស្អាត និង​ការស្រោចស្រព​ថា អាច​គ្រប់​គ្រង់​ទឹក​អាង​អូ​ខៃ​ដន​បាន បើ​ភ្លៀង​មិន​បន្ត​ធ្លាក់​បន្ថែម​។​

​លោក​សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត ប្រាប់​កាសែត​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ នា​ល្ងាច​ថ្ងៃទី​១៨​ខែកញ្ញា​ថា ដោយ​ប្រើ​កម្លាំង​សរុប​ដូចខាងលើ យើង​ដោះស្រាយ​ពី​យប់​ថ្ងៃទី​១៧ រហូតដល់​ល្ងាច​ថ្ងៃទី​១៨​ខែកញ្ញា​នេះ នៅ​អាង​អូ​ខៃ​ដន​ក្នុង​សង្កាត់​និមិត្ត គឺ​កាយ​បើកមុខ​ទឹក​ចាស់​១​កន្លែង​និង​ថ្មី​២​កន្លែង នៃ​ទំនប់​អាង​នេះ មកទល់ពេលនេះ​ឃើញថា គេ​អាច​គ្រប់គ្រង​បាន​ទឹក មិន​ឲ្យ​បាក់​ទំនប់​អាង ហើយក៏​មិន​ឲ្យ​លិចលង់​ភូមិ​សុខសាន្ត និង​មិន​ប៉ះពាល់​ធ្ងន់​ពេក​ដល់​ភូមិ​មាន​ភូមិ​រស្មី​សេរីភាព ភូមិ​កូប​ធំ ភូមិ​រស្មី​សាមគ្គី ភូមិ​អន្លង់​ស្វាយ​និង​ភូមិ​ដុង​អារញ្ញ​ក្នុង​សង្កាត់​និមិត្ត ។​

​ប៉ុន្តែ​ដោយសារ​ក្រុមហ៊ុន​អាន​កូ បាន​កាយ​ទំនប់​ខាងជើង​ដាក់លូ ទឹកធ្លាក់​គំហុក​ទៅ​វា​អាច​លិចលង់​ភូមិ​កូនដំរី និង​ភូមិ​សុរិយា​និង​ភូមិ​ដទៃទៀត​នៅ​ប្រប​នឹង​ផ្លូវជាតិ​លេខ​៥​និង​ផ្លូវដែក ។​

​ចំពោះ​ខ្ចូ​ស​លក់ដូរ​អាហារ និង​ការកំសាន្ត​នៅ​អាង​នេះ​វិញ ទឹកបាន​ពន្លិច​អស់​ភាគច្រើន ហើយ​អ្នក​ជួល​លក់បាន​បង្ខំចិត្ត​ធ្វើ​ក្បួន ដើម្បី​លក់ដូរ​កុំ​ឲ្យ​ដាច់​ម៉ូយ​។​

​ដោយឡែក​នៅ​ទីប្រជុំជន​ក្រុង​ប៉ោយប៉ែត​វិញ មកទល់​ល្ងាច​ថ្ង​ទី​១៨​ខែកញ្ញា លោក​សាន ស៊ានហូ និយាយថា ជំនន់​ទឹកភ្លៀង​បាន​ស្រក​ចុះ​ភាគច្រើន ហើយ​មន្ត្រី និង​ក្រុមការងារ​បាននិងកំពុង​សម្អាត លាង​ផ្លូវ​និង​ទីធ្លា​ខ្លះ​។ ហើយក៏​បន្ត​កាយ​ស្តារលូ​និង​ប្រឡាយ​នានា ដើម្បី​បង្ការ ទប់ស្កាត់​កុំ​ឲ្យ​ជន់​លិច​ជាថ្មី ដោយសារតែ​ស្ទះលូ​និង​ប្រឡាយ​រំដោះ​ទឹក​នោះ​៕ ល​