អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​ស្វែងរក​មធ្យោបាយ​ទប់ស្កាត់​បញ្ហា​ជំនន់​ទឹកភ្លៀង​

474
ចែករម្លែក

ដោយ​៖​បូកគោ​/​កំ​ពតៈ​ក្រោយ​ភ្លៀង​ធ្លាក់​ម្តងៗ​ក្រុង​និង​ស្រុក​មួយចំនួន​របស់​ខេត្តកំពត​តែង​រង​ការ​ជន់​លិច​មិនដែល​ខកខាន​ឡើយ​។​ផ្តោតលើ​ករណីនេះ​អភិបាលខេត្ត​កំពត​បាន​ជំរុញ​ដល់​អាជ្ញាធរ​ព្រមទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ឱ្យ​យកចិត្តទុកដាក់​ក្នុងការ​ស្វែ​រក​ដំណោះស្រាយ​ដើម្បី​បញ្ចៀស​ទឹកជំនន់​តាម​ដែល​អាចធ្វើ​ទៅបាន​។​

ក្នុង​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​១​ខែកុម្ភៈ​ឆ្នាំ​២០១៩​នៅ​សាលប្រជុំ​សាលាខេត្ត លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា​អាជ្ញាធរ​ឃុំ សង្កាត់ ស្រុក ក្រុង ព្រមទាំង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ត្រូវមាន​ឆន្ទៈ​និង​ចក្ខុវិស័យ​ក្នុងការ​ត្រៀមលក្ខណៈ​ទប់​ស្កាត់​មុនពេល​បញ្ហា​ផ្សេងៗ​កើតឡើង​។

​តាមរយៈ​ការអភិវឌ្ឍ​ពិសេស​សកម្មភាព​នៃ​ការចាក់ដី​នៅ​តំបន់​មួយចំនួន​នាពេលខាងមុខ​ក្រុង​កំពត​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ប្រសិនបើ​ការយកចិត្តទុកដាក់​នៅ​មាន​កម្រិត​។ លោក​អភិបាលខេត្ត​បាន​បន្តថា ឆ្នាំ​២០១៨​កន្លងទៅ​ដោយសារ​ភ្លៀង​ធ្លាក់​ច្រើន​បាន​បង្កឱ្យមាន​ជំនន់​លិច​ក្រុង​និង​តាម​បណ្តា​ស្រុក​មួយចំនួន​ជា​បន្តបន្ទាប់​។

ប៉ុន្តែ​ក្រោម​កិច្ចសហការ​រវាង​រដ្ឋ​បាល​ខេត្ត ជាមួយ​កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ជំនន់​ទាំងនោះ​មិនបាន​គំរាមកំហែង​ធ្ងន់ធ្ងរ​ទេ​ពោល​គឺអាច​បញ្ចៀស​បាន​តា​ម​មធ្យោបាយ​ផ្សេងៗ​។ សម្រាប់​នៅ​ឆ្នាំ​២០១៩​ប្ត​សិន​បើ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ទៀត​ក្រុង​កំពត​មិនអាច​គេចផុត​ពី​ការលិចលង់​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​នោះឡើយ ។

​ព្រោះ​ជាង​២០​ឆ្នាំកន្លងមក រដ្ឋបាល​ខេត្តកំពត​មិនដែល​បាន​ស្តារលូ និង​មាន​ប្រឡាយ​ធំៗ​ដើម្បី​បង្ហូរទឹក​ចេញទៅ​ក្រៅ​ទេ​។​ជាក់ស្តែង​តំបន់​ជុំវិញ​កំពុងមាន​សកម្មភាព​អភិវឌ្ឍ​ដោយ​ការចាក់ដី​រាល់ថ្ងៃ​ធ្វើឱ្យ​ក្រុង​កំពត​ក្លាយជា​បាតខ្ទះ​ទៅហើយ​។​

​លោក​ជាវ​តា​យ​បានបញ្ជាក់​ថាបើ​ក្រឡេក​មើលទៅ​ព្រែកជីក​ភូមិ​តា​អេង​ដែលជា​ផ្លូវទឹក​ដ៏​សំខាន់​វិញ​ជាង​២០​ឆ្នាំនេះ​មាន​ដើម​ចាក​ដុះ​ប្រជ្រៀត​គ្នា​ធំៗ​បង្ក​ឱ្យ​ស្ទះ​ផ្លូវទឹក​មិនអាច​ហូរ​ចុះទៅ​ដៃសមុទ្រ​បាន​។

​ត្រង់ចំណុច​នេះ​មន្ទីរ​ធនធានទឹក​មន្ទី​រ​សាធារណការ​និង​ផ្នែក​ពាក់ព័ន្ធ​ត្រូវ​សិក្សា​ដើម្បី​រក​វិធី​បញ្ចៀស​ការលិចលង់​ក្រុង​និង​តំបន់​ជុំវិញ​ព្រោះ​ពាក្យ​ថា​លិច​ក្រុង​ពិតជា​ពិបាក​ស្តាប់​ណាស់​។​កិច្ចការ​ទាំងនេះ​ដាច់ខាត​ត្រូវ​ចាត់វិធានការ​មុន​មិនមែន​ដល់ពេល​ទឹក​លិច​ទើប​ស្ទុះស្ទា​ធ្វើ​ស្ថានីយ​នោះ​ពិតជា​មិនអាច​ដោះស្រាយ​បញ្ហា​ទាន់​ទេ​៕S/​