អាជ្ញាធរ​នឹង​អនុវត្ត​ច្បាប់​តឹងរ៉ឹង និង បំផ្លាញចោល​មធ្យោបាយ​នៃ​បទល្មើស​នៅនឹងកន្លែង​ចំពោះ​បទល្មើស​ព្រៃឈើ​

383
ចែករម្លែក

ដោយ​:​ឆាយា​នាថ​/​ភ្នំពេញ​ ៖​ នៅ​ថ្ងៃទី​៨ ខែកក្កដា នេះ គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយស្តីពី “​ការអនុវត្ត​វិធានការ​ទៅលើ​បុគ្គល ឬក្រុមហ៊ុន និង មធ្យោបាយ​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​” ដោយមាន​វិធានការ​ថ្មី​ចំនួន​២​ចំំ​ណុ​ច។

វិធានការ​ថ្មី​ចំនួន​២​ចំំ​ណុ​ចនេះ រួមមាន ៖

​ទី​១.​បុគ្គល ឬ ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ការប្រព្រឹត្ត​ល្មើសច្បាប់​នេះ នឹងត្រូវ​អនុវត្ត​វិធានការ​ច្បាប់​តឹងរ៉ឹង​។​ ​ទី​២.មធ្យោបាយ រថយន្ត គោយន្ត ម៉ូតូ​…​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នេះ ត្រូវបាន​ស្នើសុំ​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​បំផ្លាញចោល​នៅនឹងកន្លែង​។​

​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​បញ្ជាក់ថា កន្លងទៅ អាជ្ញាធរ​បានធ្វើ​ការត្រួត​ពិនិត្យឃើញថា ទោះបី​មានការ​ផ្សព្វផ្សាយ​អប់រំ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជា​បន្តបន្ទាប់​ក៏ដោយ នៅតែមាន​ការលួចបន្លំ​កាប់​ឈើ ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ដោយ​ខុសច្បាប់ តាម​គ្រប់​មធ្យោបាយ គ្រប់​រូបភាព​។

​សូមបញ្ជាក់ថា គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា បង្កើតឡើង​កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៦ ដោយមាន​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស​ជា​ប្រធាន និង លោក ហ៊ូ សា​គុណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរ​បាល​ព្រំដែន ជា​អនុប្រធាន ព្រមទាំង​មាន​សមាជិក​មកពី​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ រួមទាំង​អភិបាល​រាជធានី​-​ខេត្ត​ផងដែរ៕B/

#