អាជ្ញាធរ​នៅ​ឆ្នេរ​ខាងកើត​អូស្ត្រាលី​ប្រកាស​ស្ថានភាព​គ្រាអាសន្ន​ចំ​ពេល​មាន​ការ​គំរាម​ពី​អគ្គិភ័យ​

236
ចែករម្លែក

​អាជ្ញាធរ​នៅក្នុង​រដ្ឋ​ក្វីន​លែន​និង​ញូ​វ សោត​វេល កាលពី​ថ្ងៃ​ចន្ទ​ទី​១១​វិច្ឆិកា​នេះ​បានប្រកាស​ស្ថាព​ភាព​គ្រាអាសន្ន​នៅពេល​តំបន់​ខាងកើត​ប្រទេស​អូស្ត្រាលី​ត្រៀម​សំរាប់​ភ្លើង​ឆេះ​ព្រៃ​​ដ៏​អន្តរាយ​។​

​ភ្លើង​ព្រៃ​នៅ​ញូ​វ សោត​វេល​និង​ក្វីន​លែន​កាលពី​ចុង​សប្តាហ៍​បាន​សម្លាប់​មនុស្ស​៣​នាក់​និង​បំផ្លាញ​ផ្ទះ​ជាង​១៥០​នៅពេល​ទីក្រុង​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​នៅ​អូស្ត្រាលី គឺ​ក្រុង​​ស៊ីដ​នី បាន​គេ​ផុត​ពី​ស្ថានភាព​អាក្រក់​កាលពី​ចុង​សប្តាហ៍ តែ​សីតុណ្ហភាព​ត្រូវ​ឡើង​ដល់​លើ​៣៤​អង្សា​សេ ជាមួយនឹង​ខ្យល់​ស្ងួត​និង​បក់​ខ្លាំង​។​

​បុគ្គលិក​ពន្លត់​អគ្គិភ័យ ព្យាយាម​ទប់ស្កាត់​ភ្លើង​ព្រៃ​នៅ ញូ​វ សោត​វេស កាលពី​ថ្ងៃ​១០​វិច្ឆិកា​នៅពេល​អ្នកស្រុក​គេចចេញ​ពី​ភ្លើង​និង​ផ្សែង​នៅ​ជិតៗ​ផ្ទះ​របស់​គេ​

​អាជ្ញាធរ​បាន​ធ្វើ​ការព្យាករណ៍​ថា មហា​តំបន់​ស៊ីដនី អាច​នឹង​ប្រឈម​អគ្គិភ័យ​នៅ​ថ្ងៃ​អង្គារ​ដោយ​អភិបាលរដ្ឋ​ញូ​វ សោត​វេល បាន​និយាយថា​«​ថ្ងៃស្អែក​ប្រហែលជា​ពេល​ត្រូវ​ការពារ​​អាយុជីវិត ការពារ​ទ្រព្យសម្បត្តិ​និង​ធានា​ថា​គ្រប់​គ្នា​មាន​សុវត្ថិភាព​»​។​

​ជា​ជម្រក​សំរាប់​មនុស្ស​ជាង​៥​លាន​នាក់ តំបន់​ស៊ីដនី អម​ដោយ​តំបន់​ព្រៃធំៗ ដែល​រង​ភាពរាំងស្ងួត​រយៈពេល​យូរ​ដោយសារ​មាន​ភ្លៀង​ធ្លាក់​តិចតួច​នៅ​ប៉ុន្មាន​ខែ​មកនេះ​។​ប្រជា​​ជន​នៅ​តំបន់​នេះ​ប្រឈម​នឹង​ការស្នើសុំ​អោយ​ជម្លៀស​ខ្លួន​ដោយសារ​ការ​គំរាម​ពី​ភ្លើង​ព្រៃ​។​

​ភ្លើងព្រៃ​កើតមាន​ជា​ធម្មតា​នៅ​រដូវប្រាំង​ដែល​ក្តៅ​ស្ងួត​នៅ​អូស្ត្រាលី​។​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០០៩ ភ្លើងព្រៃ​ដ៏​អាក្រក់​បំផុត​របស់​អូស្ត្រាលី​បាន​បំផ្លាញ​ផ្ទះ​រាប់ពាន់​និង​សម្លាប់​មនុស្ស​១៧៣​នាក់ ហើយ​បង្ក​របួស​ជាង​៤០០​នាក់​៕​ដោយ​៖​វាសនា​