អាជ្ញាធរ​បញ្ជា​ឲ្យ​មន្ត្រី​ចុះ​ដោះស្រាយ​រឿង​ទីតាំង​ចាក់​បំពេញ​ដី​

1072
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​អភិបាលខណ្ឌ​ឬ​ស្សី​កែវ បានដាក់​បទបញ្ជា​ភ្លាមៗ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ចុះទៅ​ត្រួតពិនិត្យ​ធ្វើការ​ដោះស្រាយ​ជាបន្ទាន់​ចំពោះ​ទីតាំង​ចាក់​បំពេញ​ដី​សាងសង់ របង​រួចរាល់​ជា​ស្ថាពរ​។​បណ្ដាល​ឲ្យ​រង​ផលប៉ះពាល់​លិចលង់​ទាំង​ផ្លូវ និង​ផ្ទះ​ប្រជាពលរដ្ឋ ពិបាក​ក្នុង​ការរស់នៅ​ចេញចូល​រកស៊ី​ទទួលទាន ពី​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​នេះ​មិន​ខាន ដោយសារ​ពុំទាន់​មាន​ប្រព័ន្ធ​លូ​បង្ហូរ​រំដោះ​ទឹក​ត្រឹមត្រូវ​តាម​លក្ខណៈ​ស្តង់ដារ​។​

​ការដាក់​បទបញ្ជា​ក្រោយពី​ការបញ្ចេញ​ប្រ​ត្តិ​កម្ម​ពី​សំណាក់​ប្រជាពលរដ្ឋ ចំនួន​១៧​គ្រួសារ រស់នៅ​ផ្ទះ​១៧​ល្វែង លើផ្លូវ​លំ ស្ថិតក្នុង​ក្រុមទី​២ ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ នា​រសៀល​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨​។​

​នាយក​រដ្ឋបាល​ខណ្ឌ​ឬ​ស្សី​កែវ លោក សន សោ​ភ័​ណ្ឌ បាន​បញ្ចា​ក់ថា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ ចំនួន​១៧​គ្រួសារ និង​ការដឹកនាំ​ចង្អុលបង្ហាញ​ពី​លោក ជា ពិសី អភិបាលខណ្ឌ​ឬ​ស្សី​កែវ មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន មាន​នាយករង​រដ្ឋបាល​ខណ្ឌ ប្រធានការិយាល័យ​អន្តរ​វិស័យ​ខណ្ឌ មន្ត្រី​ការិយាល័យ​រៀបចំ​ដែនដី​-​នគរូបនីយកម្ម សំណង់ និង​ភូមិបាល​ខណ្ឌ ជាមួយ​មន្ត្រីសង្កាត់​-​ភូមិ​ផងដែរ បាន​សហការ​ចុះ​ដោះស្រាយ​សម្របសម្រួល​ភ្លាមៗ​ទទួលបាន​លទ្ធផល​ដូចខាងក្រោម​៖

ក្រុម​ប្រជាពលរដ្ឋ​ក្នុងនាម (​ដើមបណ្ដឹង​) បានលើកឡើង​សំណូមពរ​ឲ្យ​ភាគី​ម្ចាស់​ដី​លោកស្រី សុខ ស្រីមុំ ធ្វើការ​កាយ​យក​អាចម៍ដី ដែល​បាន​ចាក់​រួចរាល់​ហើយ​នោះ ចេញ​វិញ​មួយចំនួន ដោយ​បារម្ភ​ណ៍​ខ្លាច​ដី​ចាក់​ហើយ​នោះ ខ្ពស់ជាង​ផ្លូវ អាច​បណ្តាល​ឲ្យ​ទឹក​លិច​ផ្លូវ ព្រោះ​ពុំទាន់​មាន​ប្រព័ន្ធ​លូ​នៅឡើយ​បច្ចុប្បន្ន​។​

​លោក សន សោ​ភ័​ណ្ឌ នាយក​រដ្ឋបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​បញ្ចាក់​ទៀតថា លើសពីនេះ ក្នុងការ​ពិភាក្សា​រក​ដំណោះស្រាយ​ឈ្នះ​ឈ្នះ​ទាំងអស់គ្នា លើ​បញ្ហា​ប្រព័ន្ធ​លូបង្ហូរទឹក ក្រុម​ប្រជាពលរដ្ឋ ក្នុងនាម​ដើមបណ្ដឹង បាន​ឯកភាព​ជាមួយ​ចុង​បណ្តឹង​តំណាង​ម្ចាស់​ដី​គឺ​លោកស្រី សុខ ស្រីមុំ បាន​សន្យា​ទៅ​ថ្ងៃមុខ គាត់​នឹង​ត​ភ្ជាប់​ប្រព័ន្ធ​លូបង្ហូរទឹក ទៅ​ប្រព័ន្ធ​លូ​របស់លោក​ឧកញ៉ា អ៊ុន ឃីម ដែល​ស្ថិតនៅ​ផ្នែក​ខាងលិច​ក្បែរ​ដី​នេះ ក្នុងន័យ​បញ្ចប់រឿង តែ​ចំពោះ​ការកាយ​យក​អាចម៍ដី​ចេញ​វិញ​នោះ លុះត្រាតែ​រងចាំ​ឆ្លង​យោបល់​ជាមួយ​ម្ចាស់​ដី​សិន ទើប​ផ្តល់ដំណឹង​ទៅតាម​ក្រោយ​តាម​លទ្ធភាព ដែល​អាចធ្វើ​ទៅបាន​៕S/