អាជ្ញាធរ​បាន​ត្រៀម​មធ្យោបាយ​គ្រប់គ្រាន់ សម្រាប់​ជួយ​ពលរដ្ឋ រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ទៅកាន់​ទីទួល​សុវត្ថិភាព​

784
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រៀម​មធ្យោបាយ​គ្រប់គ្រាន់ សម្រាប់​ជួយ​ពលរដ្ឋ រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ទៅកាន់​ទីទួល​សុវត្ថិភាព​។​
​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​បែបនេះ​ក្នុងពេល​លោក​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ នៅ​តំបន់​មួយចំនួន នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្នុងខណៈដែល​ជំនន់​ទឹកភ្លៀង​កំពុងតែ​កើនឡើង ដែល​ធ្វើ​ឲ្យ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ទទួលរង​នូវ​ការលិចលង់ ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ស្រប​ជាមួយនឹង​ដងស្ទឹង​ព្រែក​ត្នោត ។​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០១៨​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ អមដំណើរ​ដោយ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាននិងកំពុង​ជិះទូក​ចុះ​ពិនិត្យ​តាម​មូលដ្ឋាន​ប្រជាពលរដ្ឋ​ដែល​រង​ការលិចលង់ ដើម្បី​ពិនិត្យមើល​ពី​ស្ថានភាព​ទឹក ក៏ដូចជា​តម្រូវការ​ចាំបាច់ របស់​បងប្អូន​ប្រជាពលរដ្ឋ ថា​តើ​ពួកគាត់​ចង់បាន​អ្វី ខ្វះខាត​អ្វី យើង​អាចជួយ​ពួកគាត់​បាន​ភ្លាមៗ​តែម្តង​។​ក្នុងឱកាស​នោះ លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ណែនាំ​ឲ្យ​មន្ត្រី​មូលដ្ឋាន ពិសេស​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ចុះមក​ផ្ទាល់​ដល់​មូលដ្ឋាន​ដែល​លិចលង់ ដើម្បី​ជួយ​ក៏ដូចជា​ការបង្ការ​ទប់​ស្កាត់ ជំងឺ​តម្កាត់​បៀតបៀន​ផ្សេងៗ​ទៅលើ​ប្រជាពលរដ្ឋ ដែល​កំពុង​ទទួលរង​ការលិចលង់​នេះ​។​
​លោក​អភិបាល​រាជធានី ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ នៅក្នុង​ឱកាស​ដែល​រាជធានី​ភ្នំពេញ រង​នូវ​ការ​ជន់​លិចលង់​ដោយ​ទឹកជំនន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន​ក្នុង​ខណ្ឌ​ពោធិ៍​សែន​។​លោក​បាន​អំពាវ​អំ​នាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​តំបន់​ទឹកជំនន់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​កូនចៅ​តូចៗ កុំ​ឲ្យ​មាន​លេង​នៅតាម​ដងអូរ ប្រឡាយ ព្រែក ដែលមាន​ទឹក កំពុងមាន​ហូរ​ខ្លាំង​។​
​លោក​អភិបាល បាន​ថ្លែងថា ផ្ទះ​ប្រជាពលរដ្ឋ និង​ដីស្រែ​ចម្ការ បានទទួល​នូវ​ការ​ជន់​លិចលង់​ទាំងស្រុង ហើយ​ជា​ជំ​ហ៊ាន​ដំ​បុ​ង​អាជ្ញាធរ​ត្រូវ​ជួយសង្គ្រោះ​ជីវិត​មនុស្ស និង​សត្វ ដើម្បី​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​មាន​ចំណីអាហារ​បរិភោគ​គ្រប់គ្រាន់ ដោយសារ​ពួកគាត់​បាន​លិច​ផ្ទះ​អស់ហើយ និង​ផ្នែក​សុខាភិបាល​ទទួលបាន​ភា​ព​ល្អប្រសើរ សម្រាប់​ព្យាបាល​ជំងឺ ដូច្នេះ​អាជ្ញាធរ​រាជធានី និង​អាជ្ញាធរខេត្ត​ពាក់ព័ន្ធ ត្រូវ​រៀបចំ​កិច្ចការងារ​នេះ ជូន​ប្រជាពលរដ្ឋ ជាពិសេស​កាកបាទក្រហម ត្រូវ​ដាំបាយ​ជូន​ប្រជាពលរដ្ឋ ព្រោះ​ផ្ទះ​លិច កន្លែង​ដាំបាយ​ក៏​លិច​ផងដែរ ។ នេះ​មិនមែន​ជាការ​សូកប៉ាន់​ក្នុងពេល​បោះឆ្នោត​នោះទេ ព្រោះ​វា​ជា​កិច្ច​ការដែល​អាជ្ញាធរ​ត្រូវធ្វើ​តាមរយៈ​កាកបាទក្រហមកម្ពុជា និង​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ និង​ថ្នាក់​ខណ្ឌ​។ អាជ្ញាធរ​បានស្នើ​សុំ​ជួយ​អន្តរាគមន៍​ពី​គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានផ្តល់​នូវ​មធ្យោបាយ​ដឹកជញ្ជូន ដូចជា​អូប័រ​ចំនួន​២០​គ្រឿង និង​កងកម្លាំង​ត្រៀម ដើម្បី​ជួយសង្គ្រោះ ហើយ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ក៏បាន​ត្រៀម​ក្រុមការងារ មកជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ហើយ​លើសពីនេះ​ទៀត អាជ្ញាធរ​រាជធានី បានស្នើ​សុំ​ទៅដល់​គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ ដើម្បី​សុំ​អូប័រ​បន្ថែម ក្នុងករណី​ចាំបាច់​ត្រូវ​ដឹក​ប្រជាពលរដ្ឋ មករក​ទីទួល​សុវត្ថិភាព​។ ប៉ុន្តែ​តាមរយៈ​ការចុះពិនិត្យ​ស្ថានភាព​នា​ព្រឹក​នេះ គឺ​ពួកគាត់​មាន​ទីទួល​មួយ​នៅ​ភូមិ​ដូន​កុក សម្រាប់​ស្នាក់​បណ្តោះអាសន្ន ហើយ​កាកបាទក្រហម នឹង​ដាំបាយ​នៅ​ទីទួល​នោះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ស្បៀងអាហារ​គ្រប់គ្រាន់​សម្រាប់​ផ្គត់​ផ្គ​ប់​ប្រចាំថ្ងៃ​។​
​លោក​បាន​បន្ថែមថា​៖ បើតាម​ការវាយតម្លៃ​នោះ គឺ​ស្ថានភាព​ទឹក​នៅ​ចំណុច​ខាងលើ​បាន​ស្រក​ហើយ ប៉ុន្តែ​ជាធម្មតា​បើ​ទឹក​នៅ​ខាងលើ​ស្រក គឺ​នៅ​ខាងក្រោម​នឹង​កើនឡើង ហើយ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ទឹក​នៅ​តំបន់​នេះ​នឹង​ស្រក​ចុះ ពីព្រោះថា​ទឹកទន្លេ​នៅ​ទាប ទឹក​អាច​ហូរ​ចូល​ទន្លេ ប៉ុន្តែ​ក្នុងខណៈដែល​ក្នុង​ខែកក្កដា នេះ​ទឹកទន្លេ​មិនទាន់​ឡើង​ពេញ​ទន្លេ ដូច្នេះហើយ​បានជា​ទឹក​ហូរ​ពី​ស្ទឹង​បាន​លឿន តែ​ប៉ុន្តែ​បើ​ទឹកស្ទឹង​ឡើង​ក្នុង​តុលា​វិញ ច្បាស់​ជា​រង​ការ​ជន់​លិចលង់​ខ្លាំង​ជាមិនខាន ព្រោះ​ទឹក​ឡើង​ពេញ​ទន្លេ​ហើយ ធ្វើ​ឲ្យ​ទឹកស្ទឹង​ចាល់​ហូរ​ចូល​ទន្លេ​មិនកើត​។
​លោក អភិបាល​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវមាន​ការប្រុងប្រយ័ត្ន ហើយ​ម្យ៉ាងទៀត ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ ហាក់ដូចជា​ស៊ាំ​ហើយ ក្នុងការ​ទឹក​ជន់​លិច​បែបនេះ នៅតាម​សណ្ត​ស្ទឹង​ព្រែក​ត្នោត និង​បាន​ជ្រួតជ្រាប​អស់ហើយ និង​បាន​ណែនាំ​ដល់​កូនចៅ ឲ្យ​មានការ​ប្រយ័ត្នប្រយែង​ចំពោះ​កូនចៅ​រៀនសូត្រ ហើយ​បញ្ហា​ដែល​អាជ្ញាធរ​ត្រូវ​ប្រុងប្រយ័ត្ន គឺ​បញ្ហា​ស្បៀង និង​សុខាភិបាល ដែល​ត្រូវបញ្ជូន​បុគ្គលិក​សុខាភិបាល មក​បោះតង់​ជាប្រចាំ​នៅ​ទៅនេះ ដើម្បី​ជួយ​ព្យាបាល​ប្រជាពលរដ្ឋ ឲ្យ​បាន​ទាន់ពេលវេលា​៕