អាជ្ញាធរ​ប្រទេស​ថៃ​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​០៦​នាក់​អោយ​វិល​ត្រលប់មក​ស្រុកកំណើត​វិញ​បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​

104
ចែករម្លែក

ដោយ:​បាយ័ន​/​ឧ​ត្ត​រ​មាន​ជ័​យ ៖ ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​០៦​នាក់ ត្រូវបាន​អាជ្ញាធរខេត្ត​ស៊ីសាកេត ប្រទេស​ថៃ បាន​បញ្ជូន​មកអោយ​ភាគី​កម្ពុជា​វិញ បន្ទាប់ពី​ជន​ទាំង​០៦​នាក់ ត្រូវបាន​ភាគី​ថៃ​ចាប់ខ្លួន​ពីបទ​ឆ្លងដែន​ដោយ​ខុសច្បាប់​ទៅ​កាប់​ឈើ​គ្រញូង ក្នុង​ទឹកដី​ប្រទេស​ថៃ ហើយ​យកទៅដាក់​ពន្ធនាគារ​នៅ​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ​រួចមក​។​

ពិធី​ប្រគល់​និង​ទទួល​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​០៦​នាក់​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៤០​នាទី ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិតនៅ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ ក្នុង​ទឹកដី​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ បាន​និយាយថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​០៦​នាក់​នេះ ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ពីបទ​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូលទៅ​កាប់​ឈើ​គ្រញូង ក្នុង​ទឹកដី​ថៃ ដោយ​ចូល​តាម​ច្រក​អូរ​ស្វាយ និង​ច្រក​ដើម​ស្ពុង ។​

សមត្ថកិច្ច​បាន​បន្តថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​០៦​នាក់ ដែល​ត្រូវបាន​ភាគី​ថៃ​បញ្ជូនមក​ស្រុកកំណើត​វិញ​គឺមាន​ទី​០១ ឈ្មោះ ណន ទីណា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ឃ្លាំង​កណ្តាល ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​មានជ័យ ត្រូវបាន​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៣​កន្លងទៅនេះ​ដោយ​ចូល​តាម​ច្រក​អូរ​ស្វាយ​, ទី​០២. ឈ្មោះ រ៉ក ខួ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ​ត្នោត ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៦​កន្លងទៅនេះ ដោយ​ចូល​តាម​ច្រក​អូរ​ស្វាយ​, ទី​០៣. ឈ្មោះ ឈូក ខ្មូរ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ល្បើក ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៦​កន្លងទៅនេះ ដោយ​ចូល​តាម​ច្រក​អូរ​ស្វាយ , ទី​០៤. ឈ្មោះ ញៀន គាវ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​មេ​ម៉ៃ ឃុំ​ក្រែក ស្រុក​ក្រែក ខេត្តកំពង់ចាម ចាប់ខ្លួន​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៨​កន្លងទៅនេះ ចូល​តាម​ច្រក​ដើម​ស្ពុង​, ទី​០៥. ឈ្មោះ ជួន ហេង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​តា​ឡូ ឃុំ​តា​ឡូ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ត្រូវបាន​ចាប់ខ្លួន​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៦​កន្លងទៅនេះ ដោយ​ចូល​តាម​ច្រក​អូរ​ស្វាយ ,​ទី​០៦. ឈ្មោះ ចាន់ ឆៃ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​លំ​ទង​ថ្មី ឃុំ​លំ​ទង​ថ្មី ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​មានជ័យ ចាប់ខ្លួន​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧​កន្លងទៅនេះ ដោយ​ចូល​តាម​ច្រក​អូរ​ស្វាយ ។​ក្រោយពី​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​០៦​នាក់​ត្រូវបាន​អាជ្ញាធរ​ថៃ យកទៅដាក់​ពន្ធនាគារ​នៅ​ខេត្ត​ស៊ីសាកេត រហូតដល់​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ទើប​ដោះលែង​អោយមាន​សេរីភាព​ហើយ​បញ្ជូនមក​ស្រុកកំណើត​វិញ​។​
ក្រោយពី​ទទួល​ពី​ភាគី​ថៃ​រួចមក ភាគី​កម្ពុជា​បានធ្វើ​ការអប់រំ ណែនាំ មិនអោយ​ធ្វើការ​ឆ្លងដែន​ដោយ​ខុសច្បាប់​បែបនេះ​តទៅទៀត រួច​ឲ្យ​វិល​ត្រលប់​ទៅ​ស្រុកកំណើត​ជួបជុំ​ក្រុមគ្រួសារ​រៀងៗ​ខ្លួន​វិញ​៕B/