អាជ្ញាធរ​ប្រាប់​ឲ្យ​ម្ចាស់​សំណង់​ខុសច្បាប់ រុះរើ​ចេញពី​តំបន់​អង្គរ​ក្នុងពេល​១​សប្តាហ៍​ទៀត​

494

(​សៀមរាប​) ៖ រដ្ឋបាល​ខេត្តសៀមរាប និង​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី​០១​ខែសីហា បានផ្តល់​ចេញ​សេចក្ដីជូនដំណឹង​ជាថ្មី​ដោយបាន​បញ្ជាក់​​ដល់​ប្រជាពលរដ្ឋ​ដែល​បាននាំគ្នា​ទៅ​សាងសង់​សំណង់​ខុសច្បាប់​នៅ​តំបន់​អង្គរ​កាលពីពេល​កន្លង​ទៅ​ឲ្យ​រុះ​រើចេញ​ដោយ​ខ្លួនឯង​មុននឹង​​ចំណាត់ការ​ចុងក្រោយ​ដោយ​អាជ្ញាធរ​នៅ​ថ្ងៃទី​៩​ខែសីហា​ខាងមុខ​។ ការជូនដំណឹង​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ប្រជាពលរដ្ឋ​មិនទាន់បាន​​រុះរើ​សំណង់​ខុសច្បាប់​របស់​ពួកគេ​ដោយ​ស្ម័គ្រចិត្ត តាម​ការអំពាវនាវរ​បស់​អាជ្ញាធរ​ចំនួន​២​លើក កាលពី​ខែកក្កដា​កន្លងទៅ​។​
​ ​
​នៅក្នុង​សេចក្តីប្រកាស​ចុងក្រោយ​រួមគ្នា​រវាង​រដ្ឋបាល​សាលាខេត្ត​សៀមរាប និង​អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាល​ទីក្រុង​ទេសចរណ៍​មួយ​នេះ បាន​ទុកពេល​ឲ្យ​ម្ចាស់​សំណង់​ខុសច្បាប់ ដែល​បាន​សាងសង់​អំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ឆ្នាំ​២០១៧ និង​សំណង់​ខុសច្បាប់​ថ្មីៗ​បាននិងកំពុង​សាងសង់ ឲ្យ​ធ្វើ​ការរុះរើ​ពី​តំបន់​១​និង​តំបន់​២ ក្នុង​រយៈពេល​៧​ថ្ងៃ​ទៀត​ដោយ​ស្ម័គ្រចិត្ត​។​
​ ​
​តាមរយៈ​ខ្លឹមសារ​នេះ ចាត់ទុកថា​ជាការ​ជូនដំណឹង​ចុងក្រោយ​ដែល​អាជ្ញាធរខេត្ត​សៀមរាប​និង​អាជ្ញាធរ​អប្សរា​សម្រេច​ចាត់វិធានការ​រុះ​​រើ​សំណង់​ទាំងនេះ​នៅ​ថ្ងៃទី​១០​សីហា ដោយ​មិន​ទទួលខុសត្រូវ​ក្នុងការ​បាត់បង់​ឬ​ខូចខាត​ទ្រព្យសម្បត្តិ​អ្វី​ឡើយ​ប្រសិនបើ​ម្ចាស់​សំណង់​ខុស​​ច្បាប់​មិន​ព្រម​រុះរើ​ដោយ​ខ្លួនឯង​៕

​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ព្រឹក​ថ្ងៃទី​១២​ខែកក្កដា ឆ្នាំ​២០១៧​អាជ្ញា​ជាតិ​អ​ប្សា​រា​បាន​ថ្លែងថា ​សំណង់​ខុសច្បាប់​ទាំងអស់​ដែល​បាន​សាងសង់​នៅ​តំបន់​អង្គរ​នឹងត្រូវ​រុះរើ​ដោយ​គ្មាន​ការលើកលែង​។ សន្និសីទកាសែត​នេះ ជា​សារ​ដាស់តឿន និង​ជា​ព័ត៌មាន​ដើម្បី​ជួយ​ជំរុញ​ឲ្យ​ម្ចាស់​សំណង់​ខុសច្បាប់ និង​សាធារណជន​ទាំងអស់ យល់ដឹង​កាន់តែច្បាស់​អំពី​ផលប៉ះពាល់​នៃ​សំណង់​ចំពោះ​បេតិកភណ្ឌ​អង្គរ និង​ចូលរួម​អភិរក្ស​ឲ្យ​បាន​គង់វង្ស​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​គណៈកម្មការ​ចម្រុះ​ដើម្បី​រុះរើ​សំណង់​ខុសច្បាប់​ក្នុង​តំបន់​អង្គរ លោក ស៊ុំ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បានអោយដឹងថា ម្ចាស់​សំណង់​ខុសច្បាប់​នៅក្នុង​តំបន់​អង្គរ​តំរូវអោយធ្វើ​ការរុះរើ​ជាបន្ទាន់ ដោយហេតុថា​សំណង់​ទាំងអស់ បានធ្វើអោយ​ប៉ះពាល់​ដល់​សម្បត្តិ​បេតិកភណ្ឌ ទេសភាព​វប្បធម៌ និង​កំរិត​បរិស្ថាន ។ ហើយ​ផលប៉ះពាល់​អាក្រក់​ធ្ងន់ធ្ងរ​ជាង​នេះ គឺអាច​បណ្តាលអោយ​ប្រាសាទអង្គរវត្ត ត្រូវ​អង្គការ​យូណេស្កូ​ដកចេញ​ពី​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ថែមទៀត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ប្រជាពលរដ្ឋ​គ្មាន​ហេតុផល និង​លិខិតស្នាម​ផ្លូវច្បាប់​គ្រប់គ្រាន់​ក្នុងការ​ធ្វើការ​ទាមទារ​នោះទេ ដោយសារតែ​ពួកគេ​ធ្វើការ​សាងសង់​ដោយ​គ្មាន​ច្បាប់​ទំលាប់​។​

​ក្នុងពេល​ជាមួយគ្នា​អាជ្ញាធរ​អ​ប្សា​រា​ក៏​ព្រមាន​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​មន្ត្រី​អប្សរា​ណា​ដែល​ដើរ​យកលុយ​ពី​សំណង់​ខុសច្បាប់​នានា ដែល​សាង់សង់​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ នេះ​បើតាម​ការអះអាង របស់លោក​ស៊ុំ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​អប្សរា ប្រាប់​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃទី​១៣ កក្កដា ឆ្នាំ​២០១៧​កន្លងទៅ​។​
​ ​
​លោក ស៊ុំ ម៉ាប់ បាន​បន្ថែមថា បើសិន​ជាមាន ភស្តុតាង មាន​មន្ត្រី​អប្សរា ដើរ​យកលុយ​មែន លោក​នឹង​ចាត់វិធានការ តាមផ្លូវ​ច្បាប់ បើ​ពាក់ព័ន្ធ ទៅនឹង​ប្រព្រឹត្ត​ពុករលួយ ទុក​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់ការ​តាមច្បាប់​ពុករលួយ​៕​ដោយ​៖​វិបុល​-​វាសនា