អាជ្ញាធរ​មណ្ឌលសីមា ហាមប្រាម​ពលរដ្ឋ​ចិញ្ចឹម​សត្វពាហនៈ ឲ្យ​ដើរ​ពាល​វាល​ពាល​កាល​

1392
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: រដ្ឋបាល​ស្រុក​មណ្ឌលសីមា បន្ត​ហាមប្រាម​ដល់​ប្រជាពលរដ្ឋ ដែល​ចិញ្ចឹម​សត្វពាហនៈ​ឲ្យ​ដើរ​ពាសវាល​ពាសកាល ដែល​ធ្វើឱ្យ​ខូច​សោ​ភ័​ណ្ឌ​បរិស្ថាន សណ្តាប់ធ្នាប់​សង្គម និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​ជា ដើម​។ ករណី​មិន​ចូលរួម​គោរព​អនុវត្ត​ទេ អាជ្ញាធរ​ទុកពេល​មួយខែ មុននឹង​តាមច្បាប់​កំណត់​។​

​គ្មាន​ការយោគយល់​ដល់​ប្រជាពលរដ្ឋ​ម្ចាស់​ចិញ្ចឹមសត្វ​គោ ក្របី ទៀតហើយ ចាប់ពី​ថ្ងៃនេះ​តទៅ អាជ្ញាធរ​ស្រុក​មណ្ឌលសីមា នឹង​ត្រៀម​វិធានការ​ច្បាប់​ដ៏​តឹងរឹង​មួយ ចំពោះ​ម្ចាស់​សត្វពាហនៈ​ណា​ម្នាក់ ដែល​នៅតែ​បំពាន​កិច្ចសន្យា​ព្រមព្រៀងគ្នា ខណៈ​អាជ្ញាធរ​ស្រុក​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​។​

​លោក ហាក់ ឡេង អភិបាលស្រុក​មណ្ឌលសីមា គូសបញ្ជាក់​ក្នុង​កិច្ចប្រជុំ​ជាមួយ​ពលរដ្ឋ​ម្ចាស់​សត្វពាហនៈ​ប្រមាណ​ជា​១០​រូប កាលពី​ថ្ងៃទី​២៨ មិថុនា​ថា អាជ្ញាធរ​សមត្ថកិច្ចរ​ប​ស់លោក តែង​ចុះ​អប់រំ​ណែនាំ​ធ្វើ​កិច្ចសន្យា​ជាច្រើនលើក​មកហើយ ចំពោះ​ពលរដ្ឋ​ចិញ្ចឹមសត្វ​ឱ្យ​ដើរ​ពាល​វាល​ពាល​កាល​យ៉ាង​ដូច្នេះ​។ ពីព្រោះ​ចិញ្ចឹមសត្វ​ដោយ អោយ​ដើរ​ពាសវាល​ពាសកាល​បែបនេះ បាន​កំពុងតែ​ធ្វើឱ្យ​បាត់បង់​សោ​ភ័​ណ្ឌ​បរិស្ថាន សណ្តាប់ធ្នាប់​សង្គម និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​ជា​ញឹកញាប់​។​

​ទោះយ៉ាងណា លោក ហាក់ ឡេង បាន​ទុក​ពេលវេលា​១​ខែ ទៀត​ប៉ុណ្ណោះ​ចំពោះ​ម្ចាស់​សត្វ​គោ ក្របី មុន​នឹងមាន​វិធានការ​ច្បាប់ ពុំ​អាច​យោគយល់​បន្តទៀត​បានឡើយ ជៀង​វាង​ការរិះគន់​មក​ក្រុម​អាជ្ញាធរខេត្ត​ទាំងមូល​។

​គួរ​កត់សម្គាល់ថា ចំណាត់ការ​របស់​អាជ្ញា​ធរ​ស្រុក​នៅពេលនេះ ធ្វើឡើង​ក្រោយ​មានការ​រិះគន់​ពី​ភ្ញៀវទេសចរ​នៅពេល​មាន​សត្វ​គោ​ជាច្រើន​ក្បាល បាន​ដើរ​នៅតាម​មាត់សមុទ្រ ដែល​ប៉ះពាល់​ដល់​សោ​ភ័​ណ្ឌ​ភាព​បរិស្ថាន​ជុំវិញ​ទីនោះ ខណៈ​ឆ្នេរសមុទ្រ​ប៉ាក់​ខ្លង​ជា​តំបន់​ទេសចរណ៍​ដ៏​មាន​សក្តានុពល​មួយ​នៅក្នុង​ខេត្តកោះកុង​។​

​រីឯ​លោក ពូ ឆូ​យ និង​យុវជន គង់ សុ​ផានី ម្ចាស់​ចិញ្ចឹម​សត្វពាហនៈ​នៅ​ឃុំ​ប៉ាក់​ខ្លង ក៏បាន​ឱ្យដឹង​ដែរ​ថា ពួកគាត់​មិន​ជំទាស់​នឹង​ចំណាត់ការ​របស់​អាជ្ញាធ​រ​ស្រុក ដោយ​មិន​អនុញ្ញាត​សត្វ​គោ ក្របី ដើរ​ពាសវាល​ពាសកាល​បន្តទៅទៀត​ទេ​។ ប៉ុន្តែ​ពួកគាត់​ក៏​ស្នើ​ដល់​ពលរដ្ឋ ចិញ្ចឹម​គោ ក្របី ដ៏​ទៃ​ផងដែរ គឺ​ត្រូវ​ចូលរួម​គ្នា​គោរព​អនុវត្ត​ទាំងអស់គ្នា​ផង ជៀសវាង​បញ្ហា​កើតមាន​ទៅ​ថ្ងៃមុខ​។​

​បច្ចុប្បន្ន នៅ​មូលដ្ឋាន​ស្រុក​មណ្ឌលសីមា ប្រជាពលរដ្ឋ​ចិញ្ចឹមសត្វ​ពាហនៈ​មាន​ចំនួន​១៧​ម្ចាស់ ភាគច្រើន​ដែល​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន​ស​ណ្នា​ប់​ធ្នាប់​សាធារណៈ និង​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​។ ជាក់ស្តែង មាន​៣​ម្ចាស់​ប៉ុណ្ណោះ​តែង​បំពាន គឺ​ទី​១ សត្វពាហនៈ​របស់​កង​ទ័ពជើងទឹក ទី​២ គោ​របស់​ចៅ​កែ​ម្នាក់​ឈ្មោះ ម៉ា ចែវ និង​ទី​៣ គឺ​សត្វ​គោ ក្របី​របស់​មន្ត្រី​អាវុធហត្ថ​ស្រុក​៕ ល​

#