អាជ្ញាធរ​មីន​ថា អាជ្ញាធរ​ដែនដី​, ម៉ា​ពូ និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន សហការគ្នា​បោសសម្អាត​មីន នៅ​បន្ទាយមានជ័យ​

1173
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: មន្ត្រីជាន់ខ្ពស់​អាជ្ញាធរ​មីន​អះអាងថា អាជ្ញាធរ​ដែនដី​, ម៉ា​ពូ (MAPU) និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន នៅ​ខេត្តបន្ទាយមានជ័យ សហការគ្នា​ល្អ​ក្នុង​ដំណើរការ​បោសសម្អាត​មីន រំដោះ​ដី​គ្រោះថ្នាក់​មក​ដី​សុវត្ថិភាព​។​

​លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​កម្ពុជា កន្លងមកនេះ​បានទទួល​ស្គាល់ កោតសរសើរ និង​អំពាវនាវ​ឲ្យ​បន្ត​ខិតខំ​បន្ត​កិច្ចសហការ​បែបនេះ​បន្តទៀត ហើយក៏​ស្នើសុំ​ម្ចាស់ជំនួយ និង​រដ្ឋ​ជា​ភាគី នៃ​អនុសញ្ញា​អូ​តា​វ៉ា (​ឬ​អនុសញ្ញា​ស្តីពី​ការហាម ការប្រើប្រាស់ ការរក្សា​ទុក ការផលិត និង​ការផ្ទេរ​គ្រាប់មីន​ប្រឆាំង​មនុស្ស​) ជួយ​រក​ថវិកា​មក​គាំទ្រ​វិស័យ​មីន​កម្ពុជា ក៏ដូចជា​ក្នុង​ខេត្តបន្ទាយមានជ័យ​។​

​លោក អ៊ុ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ ឲ្យ​ដឹង​ថ្ងៃទី​៨​ខែឧសភា​ថា ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៨​នេះ ក្រុមការងារ​ផែនការ​សកម្មភាព​មីន​ខេត្ត ឬ​ម៉ា​ពូ (MAPU) បាន​ចូលរួម​ផ្ទេរ​ប្រគល់​ផ្ទៃដី​បោសសម្អាត​មីន​រួច​ចំនួន ៧៥​ចម្ការមីន ផ្ទៃដី​សរុប​ជាង​៣,៦​លាន​ម៉ែត្រក្រឡា ក្នុងនោះ​បោស​ដោយ​ប្រតិបត្តិ​ករ CMAC ចំនួន​៤៩​ចម្ការមីន ដោយ Halo Trust ២២ និង​ដោយ CSHD ៣​ចម្ការ​។ ក្នុងនោះ រកឃើញ​មីន​ប្រឆាំង​មនុស្ស​៣២៤​គ្រាប់​, មីន​ប្រឆាំង​រថក្រោះ​៨​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សម័យ​សង្គ្រាម ៣៣៨​គ្រាប់​។ ចំណែក​ការចុះ​អប់រំ​ការយល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​មីន បាន​៤៣២២​លើក​។​

​ចំណេ​កលោក ឡេង រ៉ានី​ន ប្រធាន​ក្រុមការងារ​ផែនការ​សកម្មភាព​មីន​ខេត្ត ឬ​ម៉ា​ពូ (MAPU) ខេត្តបន្ទាយមានជ័យ ឲ្យ​ដឹង​ដែរ ការ​បោសសម្អាត​មីន​ពី​ឆ្នាំ​២០១០​ដល់​ឆ្នាំ​២០១៧​កន្លងមក ក្នុង​ខេត្ត​នេះ បោសសម្អាត​ដី​មីន​បាន​៨.៣៥១​ហិកតា ក្នុងនោះ កាត់បន្ថយ​ផ្ទៃដី​ពី​មាន​មីន​មក​គ្មាន​មីន​ជូន​ពលរដ្ឋ​បាន ៤.៧៣២​ហិកតា​។ លោក​បន្ត ក្រៅពី​មន្ត្រី​អាជ្ញាធរ​ដែនដី និង​អ្នកពាក់ព័ន្ធ​សហការ​ល្អ​នឹង​ម៉ា​ពូ និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​នោះ ក៏មាន​មន្ត្រី​អាជ្ញាធរ​ដែនដី មន្ត្រី​កងកម្លាំង​មួយចំនួន​តូច​ដែរ ដែល​មិន​សហការ​។​

​លោកស្រី ផៅ​លីន តា​មេ​សីស (Mrs Pauline Tamesis) តំណាង​របស់​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ និង​ជា​អ្នកសម្របសម្រួល​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា កន្លងមក​ដែរ ក៏បាន​ទទួលស្គាល់​ការលំបាក កង្វះ​ថវិកា និង​ការប្រឹងប្រែង​របស់​អាជ្ញា​ធរ​មីន​កម្ពុជា ក៏​ដូច​ប្រតិបត្តិ​ករ ក៏​ដូច​អ្នកពាក់ព័ន្ធ​ក្នុង​ដំណើរការ​បោសសម្អាត​មីន​៕ ល​