អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ឆ្មក់​បង្ក្រាប​រដ្ឋធានី​គ្រឿងញៀន​របស់​មី​យ៉ាន់​ម៉ា ដោយ​រង​ការ​វាយបក​វិញ​ជាមួយ​ការបាញ់​កាំភ្លើង​ធំ​ធុន​ធ្ងន់​

307
ចែករម្លែក

​ប៉ូលិស​បង្ក្រាប​គ្រឿង​ញឿ​ន​មី​យ៉ាន់​ម៉ា​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១​សីហា​ថា ការ​ឆ្មក់​បង្ក្រាប​លើ​មន្ទីរពិសោធន៍​គ្រឿងញៀន​ក្នុងព្រៃ​ត្រូវបាន​វាយបក​វិញ​ជាមួយនឹង​កាំភ្លើង​ធំ​ធុន​ធ្ងន់​នៅក្នុង​តំបន់​ដែល​ពោរពេញ​ទៅដោយ​ក្រុម​ប្រដាប់អាវុធ ដែល​គេ​ចោទប្រកាន់ថា​បាន​បញ្ចេញ​នូវ​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​ភាគច្រើន​នៅលើ​ពិភពលោក​។​

​ប្រទេស​មី​យ៉ាន់​ម៉ា​កំពុង​រង​សម្ពាធ​យ៉ាងខ្លាំង​ពី​ប្រទេសជិតខាង​របស់ខ្លួន​ដើម្បី​បិទ​បន្ទប់ពិសោធន៍​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន ដែល​រៀបចំឡើង​ដោយ​ខុសច្បាប់​នៅក្នុង​រដ្ឋ​សាន ដែលជា​បេះដូង​នៃ​តំបន់ “​ត្រីកោណមាស​”​។​

​កងទ័ព​មី​យ៉ាន់​ម៉ា​បាន​និយាយថា​ការបង្ក្រាប​ដ៏​ធំ​បានចាប់ផ្តើម​កាលពី​ខែ​មុន​នៅ​ទីប្រជុំជន​គូត​កៃ ភាគ​ខាងជើង​រដ្ឋ​សាន កន្លែង​ដែល​បណ្តាញ​រួមគ្នា​នៃ​ពួក​មេ​គ្រឿង ក្រុម​ឧទ្ទាម​ជនជាតិភាគតិច និង​កងកម្លាំង​សន្តិសុខ ត្រូវបាន​ចោទប្រកាន់ថា​បាន​លួច​បើក​សេដ្ឋកិច្ច​គ្រឿងញៀន​ស្រមោល ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​។​

​ស្តុក​នៃ​សារធាតុ​គីមី​ដ៏​ធំ​ក៏ដូចជា​ម៉ា​ទឹកកក​តម្លៃ​រាប់លាន​ដុល្លារ ដែលជា​ប្រភេទ​ថ្នាំញៀន​លក់ដាច់​បំផុត​នោះ ត្រូវបាន​រឹបអូស​នៅក្នុង​ការ​ឆ្មក់​បង្ក្រាប​មួយ​ទៅលើ​បន្ទប់ពិសោធន៍ ដែល​សង់កប់​ជ្រៅ​នៅក្នុង​ព្រៃ​។​

​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​មកពី​ក្រុមប្រឆាំង​គ្រឿងញៀន​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នា​ក់បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​ការបង្ក្រាប​កំពុង​បន្តធ្វើ​”​។​

​មន្ត្រី​រូបនោះ​បាន​និយាយថា​កងទ័ព​និង​ប៉ូលិស​បង្ក្រាប​គ្រឿងញៀន​ដំបូង​បានធ្វើការ​ឆ្មក់​ចូលក្នុង​តំបន់​នោះ​កាលពី​ថ្ងៃទី ២១ ខែកក្កដា ប៉ុន្តែ​បាន​រង​ការវាយប្រហារ​វិញ​ដោយ​កាំភ្លើង​ធំ​ធុន​ធ្ងន់​នៅ​ទីតាំង​បង្ក្រាប​នោះ​។​

​ក្រុម​កងទ័ព​និង​ប៉ូលិស​បាន​ត្រឡប់មកវិញ​នៅ​ច្រើន​ថ្ងៃ​ក្រោយមក ដោយបាន​បង្ក្រាប​កន្លែង​ផលិត​គ្រឿងញៀន​ដ៏​ធំ​មួយ ដែលមាន​កូនខ្ទម​ជិត ១០០​។

​ប៉ូលិស​បាន​រឹបអូស​ម៉ា​ទឹកកក​ទម្ងន់ ៧៥០ គីឡូក្រាម​តម្លៃ​ប្រហែល ១០,៥ លាន​ដុល្លារ រួមជាមួយ​ថ្នាំ​យ៉ាម៉ា ៩.០០០ គ្រាប់​។

​ពួកគេ​ក៏បាន​រកឃើញ​ប៊ីដុង​និង​ដប​ទឹក​អាស៊ីត ចង្ក្រាន ទូទឹកកក ម៉ាស៊ីនភ្លើង និង​ថង់​តែ រាប់ពាន់​ផងដែរ ដែល​គេ​តែង​ប្រើ​ដើម្បី​បន្លំ​ភ្នែក​សម្រាប់​ការរត់ពន្ធ​គ្រឿងញៀន​៕ ដោយ៖ កញ្ញាដាលីស

ទាហាន​និង​ប៉ូលិស​មី​យ៉ាន់​ម៉ា​ឆ្មក់​បង្ក្រាប​កន្លែង​ផលិត​គ្រឿងញៀន​ដ៏​ធំ​មួយ​នៅ​ភាគ​ខាងជើង​រដ្ឋ​សាន