អាជ្ញាធរ​រាជធានី​វាយកម្ទេច​អគារ​រោងចក្រ​ផលិត​ពូក​កម្ពស់​៦​ជាន់​, ដែល​ឆេះ​ជិត ២៤​ម៉ោង​

386
ចែករម្លែក

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: កាលពី​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩​នេះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បានសម្រេច​វាយកម្ទេច​ចោល អគារ​រោងចក្រ​ផលិត​ពូក​កម្ពស់​៦​ជាន់ ដែល​ឆេះ​ជិត ២៤​ម៉ោង​ដែល ដែលជា​អគារ​រោងចក្រ​ផលិត​ពូក កម្ពស់​៦​ជាន់​ដែល​ឆេះ​យ៉ាង​សន្ធោសន្ធៅ ជិត​២៤​ម៉ោង​មិនទាន់​រលត់ នៅ​សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ​។​

​វត្តមាន​ក្នុង​កិច្ច​ប្រតិ​ប័​ត្ត​ការ​ខាងលើ​នោះ​មាន​លោក​ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ​និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​វត្តមាន​ដឹកនាំ​បញ្ជា​ផ្ទាល់ នៅ​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​វាយកម្ទេច​ចោល​នូវ​អគារ ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​នេះ​។ ក្រោយ​ការ​វាយកម្ទេច​នេះ​លោក​ទេសរដ្ឋមន្ត្រី​គន់ គីម បាន​ដឹកនាំ​ក្រុមការងារ និង​វិស្វករ​ជំនាញ ដើម្បី​សិក្សា​ពី​ផលប៉ះពាល់​នានា ជុំវិញ​បញ្ហា​ឆាបឆេះ​អគារ​ផលិត​ពូក​នេះ​ផងដែរ​។​

​ទោះបីជា​ពេល​វាយកម្ទេច​អគារ​ហើយ​ក្ដី​ស្ទើរតែ​២៤​ម៉ោង​ហើយ ពោល​គិត​មក​ត្រឹម​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩​នេះ អគ្គិភ័យ​ឆេះ​អគារ​រោងចក្រ​ផលិត​ពូក នៅ​សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ មិនទាន់​រលត់​ទេ ហើយ​សមត្ថកិច្ច​កំពុង​បន្ត​បាញ់​ពន្លត់​នៅឡើយ ខណៈ​អគារ​ត្រូវបាន​ឆេះ​ខូចខាត​ទាំងស្រុង​។​

​គួរ​បញ្ជាក់ថា​៖ គ្រោះ​អគ្គិភ័យ​ឆេះ​អគារ​រោងចក្រ​ផលិត​ពូក​នេះ បាន​កើតឡើង​តាំងពី​ម៉ោងជាង​១​ថ្ងៃត្រង់ ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩​ម្សិលមិញ​មកម្ល៉េះ​។ អគ្គិភ័យ​នេះ បាន​ផ្តើម​ឆេះ​ចេញពី​រោងចក្រ​សិប្បកម្ម​ផលិត​ពូក ទើប​រាលដាល​ដល់​អាគារ ចំនួន​៣​ទៀត​នៅជាប់​នោះ​។​ក្នុងឱកាស​នោះ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​សូម​ថ្លែងអំណរគុណ​ដល់​កម្លាំង​សរុប កម្លាំង​អគ្គស្នងការ​នគរបាល​ជាតិ កម្លាំង​ស្នងការ​នគរបាល​រាជធានី កម្លាំង​រាជ​អាវុធហត្ថ​រាជធានី កម្លាំង​អាជ្ញាធរ​មូលដ្ឋាន កម្លាំង​ពន្លត់​អគ្គិភ័យ​ចម្រុះ​រួមទាំង​កម្លាំង​ក្រុមហ៊ុន OCIC ក្រុមហ៊ុន​បុរី​ប៉េង​ហួត កងពលតូច ង​៧០ បាន​ចូល​រួមទាំង​កម្លាំង ទាំង​ស្មារតី និង​សម្ភារ បាន​និង​បន្ត​ខិតខំ​ព្យាយាម​ប្រឹងប្រែង បាញ់​ពន្លត់ ទប់ស្កាត់​អគ្គិភ័យ និង​គ្រប់គ្រង​ស្ថាន​ការ​បាន​ការពារ​មិន​ឲ្យ​អគ្គិភ័យ​ឆេះ​រាលដាល​នៅ​តំបន់​បរិវេណ​ជុំវិញ​ទីតាំង​សិប្បកម្ម​ធ្វើ​ពូក ដែល​បាន​ឆាបឆេះ ស្ថិតនៅ​ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ​។​

​បើតាម​សេចក្ដីរាយការណ៍​ចុងក្រោយ អគ្គិភ័យ​បាន​ឆាបឆេះ​ត្រឹមតែ​ទីតាំង​ដដែល មិនបាន​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ជិតខាង​នោះទេ​។ ទោះបីជា​យ៉ាងនេះ​ក្តី សមត្ថកិច្ច​ក៏បាន​ជម្លៀស​ប្រជាពលរដ្ឋ នៅ​តំបន់​នោះ​ចេញពី​កន្លែងកើតហេតុ​ជា​បណ្តោះអាសន្ន​សិន​៕ ល​

#