អាជ្ញាធរ​រាជធានី​៖ អ្នកលក់​ឱសថ​ត្រូវ​គិតពី​សុខភាព​ពលរដ្ឋ​ជាធំ​

130

(​ភ្នំពេញ​)៖ លោក​អភិបាល​រាជធានី​ភ្នំពេញ បានស្នើ​សុំអោយ​អ្នកលក់​ឱសថ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​យកចិត្តទុកដាក់​គិត​ទៅដល់​​សុខភាព​ប្រជាជន កុំ​គិតតែ​ពី​ប្រាក់ចំណូល​ចូលក្នុង​ហោប៉ៅ​របស់ខ្លួន ហើយ​អ្នក​ដែល​គ្មាន​វិជ្ជាជីវៈ​ពេទ្យ​មេត្តា​កុំ​ចេញមុខ​មក​លក់​ឱសថ​​អោយសោះ ព្រោះថា​ឱសថ​គឺជា​អាវុធ​មុខ​ពីរ ។​
​ ​
​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ស្នើសុំ​បែបនេះ​កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែធ្នូ​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​​ដល់​សមាជិក​អ្នកលក់​ឱសថ​កម្ពុជា​ជំនា​ន់ទី​៣​នៅ​មហោស្រប​ចេនឡា ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​។​
​ ​
​ក្នុងនោះ​លោក​ឃួ​ង ស្រេង បាន​លើកឡើងថា ឱសថ​គឺជា​អាវុធ​មុខ​ពីរ បើ​អ្នកលក់​មិនមាន​ការប្រុងប្រយ័ត្ន​ទេនោះ​នឹងធ្វើ​អោយមាន​​ការប៉ះពាល់​ដល់​សុខភាព​សាធារណៈ ដូច្នេះ​អ្នកលក់​ទាំងអស់ ត្រូវធ្វើ​ការងារ​ដោយ​វិជ្ជាជីវៈ និង​ទៅតាម​នីតិវិធី​របស់​ក្រសួងសុខាភិបាល ក៏ដូចជា​មន្ទីរ​សុខាភិបាល ហើយ​អ្នកលក់ ឱសថ ត្រូវ​គិតពី​សុខភាព​ប្រជាជន​ជាធំ កុំ​គិតតែ​ពី​ប្រាក់ចំណូល​ចូល​ហោប៉ៅ​៕​ដោយ​៖​រ៉ា​ម៉ន​/sn