អាជ្ញាធរ​លើក​ទំនប់​ការពារ​ផ្លូវ​ជាង​៦០០​ម៉ែត្រ​ដែល​រង​ការគំរាមកំហែង​ពី​ទឹកជំនន់​

182
ចែករម្លែក

ដោយ​៖​ចាន់ថន​/​ព្រៃវែង​៖​កម្លាំងចម្រុះ​ជាច្រើន​នាក់​នៅ​ស្រុក​ពោធិ៍​រៀង​ខេត្តព្រៃវែង​ដឹកនាំ​ដោយ​លោក ម៉ៅ គឹម​ឡុង ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ពោធិ៍​រៀង និង​លោក យស ស៊ី​ណាត អភិបាលស្រុក​ពោធិ៍​រៀង​។កាលពី​ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០១៩​បាននាំគ្នា​ជីកដី​ច្រក​បាវ​រៀប​ជា​ជួរ​ឃាំង​តាម​ខ្នង​ផ្លូវ​មួយ​ខ្សែរ​ស្ថិតនៅ ភូមិ​ពោធិ៍​រៀង​ខាងត្បូង ឃុំ​ពោធិ៍​រៀង ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង ។​

​លោក​ម៉ៅ​គឹម​ឡុង​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ពោធិ៍​រៀង​ក៍​ដូចជា​លោក​យស​ស៊ី​ណាត​អភិបាលស្រុក​ពោធិ៍​រៀង​ដែល​កំពុង​ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ស្រុក​និង​ក្រុមប្រឹក្សាឃុំ​ពោធិ៍​រៀង​រួមជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ប្រជា​ការពារ​និង​ពលរដ្ឋ​។​ចុះ​លើក​ទំនប់​បានឱ្យដឹងថា​ផ្លូវ​មួយ​ខ្សែ​នេះ​ត​ភ្ជាប់​ពី​ភូមិ​ពោធិ៍​រៀង​ខាងត្បូង​ឃុំ​ពោធិ៍​រៀង​ទៅ​ឃុំ​ព្រៃ​កន្លោង​ស្រុក​ពោធិ៍​រៀង​ខេត្តព្រៃវែង​។​ក្នុងនោះ​ទឹក​កំពុង​គំរាមកំហែង​និង​ហូរ​ច្រោះ​មាន​ប្រវែង ៦៧០​ម៉ែត្រ ។​

​ប្រភព​ដដែល​បន្តថា ផ្លូវ​នេះ​វា​ពុំទាន់​លិចលង់​នៅឡើយ​ទេ ។​ប៉ុន្តែ​ជាក់ស្ដែង​វា​បាន​ហូរ​ច្រោះ​ជា​អន្លើៗ ដោយ​កន្លែង​ខ្លះ នៅ​កម្ពស់​កន្លះ​ម៉ែត្រ​កន្លែង​ទៀត​នៅ​កំពស់​តែ​ពីរ​ទៅ​បី​ទឹក​ប៉ុណ្ណោះ​និង​លិច​ហើយ​។​ទោះជា​យ៉ាងណាក្ដី​អាជ្ញាធរ​និង​ចាត់វិធានការ​ដោយ​ប្រើ​គ្រឿងចក្រ​កាយ​ដី​ផង​លើក​ទំនប់​ផង​និង​ជីកដី​ច្រក​បាវ​រាប់ពាន់​បាវ ដើម្បី​រៀប​ជា​ជួរ​តាម​ខ្នង​ផ្លូវ​ផង​សម្រាប់​ទប់​កុំឱ្យ​លិចលង់​។​

​ពលរដ្ឋ​លើកឡើងថា​ផ្លូវ​ជាង​៦០០​ម៉ែត្រ​នេះ​បើ​ទឹក​នៅតែ​បន្ត​ឡើង​តែ​បី​ទៅ​៥​ថ្ងៃ​ទៀត​នឹង​លិច​មិន​ខាន​។​ម្យ៉ាងវិញទៀត​បើ​ទឹក​មិន​លិច​ក៏​រងគ្រោះ​ដោយសា​ខ្យល់​បោកបក់​ទឹករលក​ផ្ទប់​ផ្លូវ​បណ្ដាលឱ្យ​ហូរ​ច្រោះ​ដែរ និយាយ​រួម​គឺ​ពិបាក​ថែរក្សា​ណាស់ អ្នកធ្វើដំណើរ​ប្រឈម​និង​ឆ្លង​ដរ​នៅ​ថ្ងៃ​ខាងមុខ​

​ទន្ទឹម​នោះ​លោក​អភិបាលស្រុក​ពោធិ៍​រៀង​ក៏បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​មូលដ្ឋាន​សូម​ប្រុងប្រយ័ត្ន​ឱ្យ​ខ្ពស់​ចំពោះ​ទឹកជំនន់​ឆ្នាំនេះ​ជាពិសេស​សត្វ​គោក្របី​ជ្រូក​មាន់​ទា​ត្រូវ​រក​ទីទួល​សុវត្ថិភាព​៕S/​