អាជ្ញាធរ​សុំ​អន្តរាគមន៍​ពី​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​គ្រោះមហន្តរាយ​ជួយសង្គ្រោះ​ច្រាំងទន្លេ​និង​ព្រែក​

207
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ក្រោយពី​ចុះ​ពិនិត្យ​ស្ថានភាព​ច្រាំងទន្លេ​និង​ព្រែក​បាននិងកំពុង​បាក់ស្រុត​នៅក្នុង​ភូមិសាស្ត្រ​ក្រុង​កំពង់ចាម និង​ស្រុក​កំពង់សៀម​កាលពី​រសៀល​ថ្ងៃទី ២១ ខែតុលា ឆ្នាំ​២០១៩ អាជ្ញាធរខេត្ត​កំពង់ចាម​បានស្នើ​សុំ​ទៅ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​គ្រោះមហន្តរាយ​និង​ក្រសួង​ពាក់ព័ន្ធ​ជួយសង្គ្រោះ​ការភ័យខ្លាច​និង​ទុក្ខលំបាក​ដែល​កំពុង​ញាំញី​លើ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​។​

​លោក អ៊ុម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ចាម​ដែល​បាន​អមដំណើរ​លោក អ៊ុន​ចាន់​ដា​ជា​អភិបាលខេត្ត​ចុះ​ពិនិត្យ​ច្រាំងទន្លេ​និង​ព្រែក​បាននិងកំពុង​បាក់ស្រុត​នោះបាន​លើកឡើងថា​ពិនិត្យ​ស្ថានភាព​ការបាក់​ស្រុត​ច្រាំងទន្លេ​នៅ​ភូមិ​តា​មាង​ឃុំ​កោះ​រកា​ស្រុក​កំពង់សៀម​គឺ​ពុំមាន​ការបាក់​ស្រុត​រុល​បន្ថែម​លើ​ពី ១.០០០ ម៉ែត្រ​នោះ​ទៀត​ទេ​។​ការបាក់​ស្រុត​នេះ​បានចាប់ផ្តើម​កាលពី​ថ្ងៃទី ១៤ ខែតុលា​នេះ​។​


លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា​ចំណែក​ស្ថានភាព​បាក់ស្រុត​ច្រាំង​ព្រែក​កាលពី​ថ្ងៃទី​៨​ខែតុលា​នៅ​ឃុំ​កៀន​ជ្រៃ​ស្រុក​កំពង់សៀម​ដដែល​បាន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សសរ​ស្ពានបេតុង​ឆ្លងកាត់​ព្រែក​កៀន​ជ្រៃ​ដែល​បាន​ស្ថាបនា​កាលពី​ឆ្នាំ​២០០១ -២០០២ ប្រវែង ៩០ ម៉ែត្រ​ស្ថិត​ក្នុងភូមិ​កៀន​ជ្រៃ​ក្នុង ឃុំ​កៀន​ជ្រៃ​។​ការបាក់​ស្រុក​ច្រាំង​ព្រែក​កៀន​ជ្រៃ​ប៉ះពាល់​សសរស្ពាន​នេះ​បណ្តាលមកពី​ទឹកទន្លេ​មេគង្គ​ស្រក ហើយ​ទឹក​បឹង​យ៉ាងគំហុក​នោះ​។​


លោក​វិបុល​បាន​បន្តថា​លោក​អភិបាលខេត្ត​បន្ត​ត្រួតពិនិត្យ​ការបាក់​ស្រុត​ច្រាំងទន្លេ​មេគង្គ​នៅ​ខាងក្រោយ​សាលាសង្កាត់​កំពង់ចាម​ក្រុង​កំពង់ចាម​នាពេល​ថ្មីៗ​នេះ​អស់​ទទឹង​ពី​ប្រាំ​ទៅ​ប្រាំបី​ម៉ែត្រ​នៅក្បែរ​ខឿន​ច្រាំងទន្លេ​ដែល​សង់​រួចហើយនោះ​។​កត្តា​ដែល​បណ្តាល​ឲ្យ​បាក់ស្រុត​ច្រាំងទន្លេ​និង​ព្រែក​ច្រើន​កន្លែង​ឆ្នាំ​២០១៩​នេះ គឺ​ទឹកទន្លេ​មេគង្គ​ធំ ដី​កោះ និង​ខ្សាច់​ដុះ និង​មួយទៀត​ចរន្ត​មានការ​ប្រែប្រួល​។​
អ្នកស្រី​អ៊ា​ចាន់ថុល​មេឃុំ​កៀន​ជ្រៃ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២២​តុលា​ថា​ការដែល​ទឹក​បឹង​សម្រុក​ហូរ​ចុះមក​ក្នុង​ទន្លេ​វិញ​យ៉ាង​ប្រញាប់​នៅក្នុង​ខែតុលា​នេះ​គឺ​បានធ្វើ​ឲ្យ​បាក់ស្រុត​ច្រាំង​ព្រែក​កៀន​ជ្រៃ​អតីត​ឡូត៍​លេខ​១ ជាច្រើន​កន្លែង​មាន នៅ​ភូមិ​ស្ពាន​ថ្មី ភូមិ​កៀន​ជ្រៃ​ក្រៅ ភូមិ​កៀន​ជ្រៃ​ក្នុង និង​ភូមិ​បឹង​បបុស​។

​ប៉ុន្តែ​នៅ​មិនមាន​ចំនួន​ប្រវែង​ច្រាំង​បាក់ស្រុត​សរុប​នៅឡើយ​ទេ​។​អ្នកស្រី​មេឃុំ​បាន​បន្តថា​ក្នុង​នោះបាន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​លំនៅស្ថាន​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​គឺ​បាននិងកំពុង​រុះរើ​និង​សែង​រំកិល​ចេញពី​ការបាក់​ស្រុត​នោះ​។​ក្រៅពី​នោះបាន​ប៉ះពាល់​ប្រឈម​ខ្លាំង​ដល់​ស្ពានបេតុង​ប្រវែង​៩០​ម៉ែត្រ​និង​ផ្លូវ​បេតុង​ខាង​មាត់ទន្លេ​ក្បែរ​អ្នកតាចិន​។​

​ក្រោយពី​ការចុះពិនិត្យ និង​សិក្សា​ពី​ស្ថានភាព​បាក់​ច្រាំងទន្លេ និង​ព្រែក​តាម​បណ្តា​ទីតាំង​ខាងលើ​លោក អ៊ុន​ចាន់​ដា​អភិបាល​ខេត្តកំពង់ចាម​នឹង​រៀបចំ​សំណើសុំ​អន្តរាគមន៍​ទៅកាន់​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​និង​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ទប់ស្កាត់​សង្គ្រោះបន្ទាន់​រក្សា​ច្រាំងទន្លេ​តំបន់​ប្រឈម​ខ្លាំង​ឈានទៅ​កាត់បន្ថយ​ការភ័យខ្លាច និង​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​៕S/​