អាជ្ញាធរ​ស្រុក​កងមាស​ចាប់ផ្តើម​អនុវត្តន៍​កែច្នៃ​តំបន់​អាងទឹក​ក្លាយជា​តំបន់កសិកម្ម​និង​ទេសចរណ៍​

301
ចែករម្លែក

ដោយ​: គង់​ហេង​
​កំពង់ចាម​:
ក្រោយពី​អាជ្ញាធរ​ស្រុក​កងមាស ខេត្តកំពង់ចាម​បាន​ខិតខំ កៀរគរ និង​អំពាវនាវ​សប្បុរសជន អង្គការ​ដៃគូ​នានា ប្រជាពលរដ្ឋ​តាម​សហគមន៍ និង​មន្ត្រីរាជការ គឺ​ប្រមែ​ប្រមូលបាន​ថវិកា​ចំនួន​ជាង ៦០,០០០ ដុល្លារ​អាម៉េរិក គឺ​បាន​យកមក​ស្តារ និង​ស្ថាបនា​អាងទឹក​មួយកន្លែង​ដែលមាន​សមត្ថភាព​ផ្ទុក​ទឹកបាន​ចំនួន ៥០,០០០ ម៉ែត្រត្រីគុណ គឺអាច​បម្រើ​ដល់​វិស័យ​កសិកម្ម និង​ទេសចរណ៍​ក្នុង​សហគមន៍​។​

​លោក អ៊ី កុក​គង់ មេឃុំ​ព្រែក​ក្របៅ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១០​កក្កដា នេះ​ថា ខណ​:​នេះ​យើង​បាន​ដំណើរ​ការស្តារ និង​សាងសង់​អាងទឹក​« ស្រះ​តា​លីវ​»​ក្នុង​តំបន់​វាល​ស្លែង ភូមិ​អណ្តូង​តា​អុង ព្រមទាំង​ប្រព័ន្ធ​ផ្លូវថ្នល់​មកកាន់​ទីនេះ​បានសម្រេច​១០០ ភាគរយ​ហើយ​។ ជា​ទិសដៅ​បន្ត​នេះ​យើង​បាន​ចលនា​មន្ត្រី​រាជ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ដាំ​ដើមឈើ​នៅ​ជុំវិញ​មាត់​អាង និង​អម​សងខាង​ជើង​ទំនប់​ជា​ផ្លូវ​នោះ​។​

​លោក​មេឃុំ​បាន​ឲ្យ​ដឹង​ទៀតថា បញ្ហា​ដែល​បាន​ឯកភាព​ឲ្យ​មាន​ដើមឈើ​ប្រភេទ បេង នាងនួន គគីរ និង​ដើមត្នោត​សរុប​ប្រមាណ ២,០០០​ដើម​បែបនេះ គឺ​ប្រយោជន៍​ថែរក្សា​អាងទឹក​ដែលមាន​សមត្ថភាព​ផ្ទុក​ទឹកបាន​ចំនួន ៥០,០០០​ម៉ែត្រត្រីគុណ និង​ផ្លូវ ដែល​នឹង​បម្រើ​ដល់​ការស្រោចស្រព​ផ្ទៃដី​កសិកម្ម​ចំនួន ៦៧ ហិកតា ក្នុង​រង្វង់​ចម្ងាយ​ពី​អាង​ប្រហែល​២០០ ម៉ែត្រ ដែលមាន​ប្រជាពលរដ្ឋ​ចំនួន ៨២​គ្រួសារ​ជា​សមាជិក​សហគមន៍ នៃ​គ្រួសារ​ប្រជាពលរដ្ឋ​សរុប​ចំនួន ១៤២ គ្រួសារ​ក្នុង​តំបន់​វាល​ស្លែង ក្នុងភូមិ​អណ្តូង​តា​អុង ឃុំ​ព្រែក​ក្របៅ​នេះ​។​

​លោក កុក​គង់ បាន​បន្ថែមថា ម្យ៉ាងវិញទៀត​ប្រការ​ដែល​យើង​ស្រុះស្រួល​បង្កើត​ការកែច្នៃ និង​អភិវឌ្ឍន៍​អាងទឹក​ស្រះ​តា​លីវ​នេះ គោលបំណង​សំខាន់​ក្រៅពី​បម្រើ​វិស័យ​កសិកម្ម​នោះ គឺ​ចង់​ទាក់ទាញ​គ្រួសារ​ប្រជាពលរដ្ឋ​ដទៃ​ផ្សេងទៀត​ដែល​និយម​រស់នៅ ជា​លក្ខណ​:​ប្រមូលផ្តុំ មក​រស់នៅ​លើដី​ទំនេរ បានជា​ការរស់នៅ​ពង្រាយ​គ្នា និង​ល្បាយស្មើសាច់​គ្នា និង​ពិសេស​ដើម្បី​ប្រែក្លាយជា​តំបន់​ទេសចរណ៍​ដ៏​ពេញនិយម​។​

​លោក មឿ​ន ផា អភិបាលស្រុក​កងមាស​បាន​ឲ្យ​ដឹង​ដែរ​ថា ឥឡូវនេះ​យើង​បាន​ស្តារ និង​សាងសង់​ប្រព័ន្ធធារាសាស្ត្រ​អាច​ផ្តល់​ទឹក​សម្រាប់​បម្រើ​ឲ្យ​ការដាំដុះ​ដំណាំ គឺ​អាង​ទឹកស្រះ​តា​លីវ​តំបន់​វាល​ស្លែង និង​ទំនប់​បង្ហៀរ​ក្តា​ក់ បាន​រួចរាល់ ១០០ ភាគរយ​ហើយ​។ ដើម្បី​ទាញយក​សក្តានុពល​ពី​តំបន់​ធារាសាស្ត្រ​ទាំងពីរ​កន្លែង ក្រៅពី​វិស័យ​កសិកម្ម គឺ​អាជ្ញាធរ​នឹង​កែច្នៃ​តំបន់​ទាំងនោះ​ឲ្យ​ទៅជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​បន្ថែមទៀត ដើម្បី​ផ្តល់​ផលប្រយោជន៍​បម្រើ​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​។​

​លោក​អភិបាលស្រុក​បាន​ឲ្យ​ដឹង​ទៀតថា ដើម្បី​ជាការ​ចាប់អារម្មណ៍ និង​ពេញចិត្ត​ពី​ភ្ញៀវទេសចរ​ចង់ទៅ​លេង​ក​ម្សា​ន្ត​នោះ គឺ​នៅ​ចំពោះមុខ​នេះ​យើង​បាន​ចលនា​ប្រជាពលរដ្ឋ និង​មន្ត្រី​រាជ​ចូលរួម​ដាំ​ដើមឈើ ពិសេស​គឺ​ដើមត្នោត​ដែលជា​អត្តសញ្ញាណ​ជាតិ និង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​សម្បើម​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​លោក​បាន​បន្តថា ជាក់ស្តែង​កាលពីដើម​សប្តាហ៍​កន្លងទៅនេះ​យើង​បាន​ចលនា ប្រជាពលរដ្ឋ​មន្ត្រីរាជកា​រ និង​មន្ត្រីនគរបាល​ឲ្យ​ចូលរួម​ដាំ​ដើមឈើ​ប្រមាណ ២,០០០ ដើម​។ ក្នុងនោះ​មាន​ដើមត្នោត​ចំនួន ១,០០០ ដើម នៅតាម​ជើង​ទំនប់​និង​អម​សងខាង​ផ្លូវ នៃ​អាង​ទឹកស្រះ​តា​លីវ ហើយ​នៅពេល​ឆាប់ៗ ខាងមុខនេះ គ្រោង​គ្រាប់ត្នោត​ដែលមាន​ដុះ​ពន្លក​ហើយ​ស្រេច​ចំនួន ១,០០០ បន្ថែមទៀត​សម្រាប់​ដាក់​ដាំ​នៅ​ទំនប់​បង្ហៀរ​ក្តា​ក់​៕ ល​