អាជ្ញាធរ​ស្រុក​ទឹកឈូ​ប្តេជ្ញា​លុបបំបាត់​ការបំពាន​ទ្រព្យសម្បត្តិ​រដ្ឋ​

363

​ដោយៈ​បូកគោ​/​កំ​ពតៈ​ថ្នាក់ដឹកនាំ​នៃ​រដ្ឋបាល​ស្រុក​ទឹកឈូ​បាន​ប្តេជ្ញា​ថា​នឹង​លុបបំបាត់​ឱ្យបាន​នូវ​រាល់​សកម្មភាព​បំពាន​យក​ទ្រព្យសម្បត្តិ​សាធារណៈ​ក្នុង​ដែនដី​គ្រប់គ្រង​របស់ខ្លួន​។​នេះ​ជាការ​បញ្ជាក់​ឱ្យដឹងពី​អភិបាលរង​ស្រុក​មួយរូប​នាឱកាស​ចុះ​រុះរើ​របង​ហ៊ុមព័ទ្ធ​យក​ចំណីផ្លូវ​និង​មាត់​ប្រឡាយ​ពី​សំណាក់​គ្រួសារ​មួយ​ស្ថិតក្នុង​ភូមិ​វត្ត​អង្គ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ​។​

បានឱ្យ​ដឹងកាលពី​រសៀល​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ ​លោក​អ៊ឹម​ច័ន្ទ​សុធន​អភិបាលរង​ស្រុក​ទឺ​ក​ឈូក​បាន​មានប្រសាសន៍ថា​ភូមិសាស្ត្រ​របស់​ស្រុក​ទឹកឈូ​មាន​វិសាលភាព​ធំធេង​ដែល​គ្រប់គ្រង​លើ​មូលដ្ឋានចំនួន​១៦​ឃុំ​។​ភូមិសាស្ត្រ​ជាច្រើន​ប្រកបដោយ​អំណោយផល​ពី​ធម្មជាតិ​ដែលមាន​ភ្នំ​ស្ទឹង​ព្រែក​ប្រឡាយ​ជាហេតុ​ធ្វើឱ្យ​សកម្មភាព​នៃ​ការហ៊ុមព័ទ្ធ​យក​ដី​សាធារណៈ​របស់​រដ្ឋ​ពី​ជនខិលខូច​មួយចំនួន​កើតឡើង​បន្ត​។​

ផ្អែកលើ​ការ​តាម​ស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​រូបភាព​អវិជ្ជមាន​ទាំងនោះ​ឃើញថា​មាន​កត្តា​ពីរ​ដែល​ជំរុញ​ឱ្យ​ករណី​ទាំងនោះ​កើតឡើង​។លោក​អភិបាលរង​ស្រុក​បាន​បន្តថា​ទីមួយ​ដោយសារ​ពលរដ្ឋ​ខ្លះ​មិនទាន់​យល់ច្បាស់​ទាក់ទិន​នឹង​ផ្លូវច្បាប់​។ ទី​ពីរ អ្នកខ្លះ​បានដឹង​ដែរ ប៉ុន្តែ​នៅ​បន្តធ្វើ​ទាំង​បំពាន​ទើប​បង្ក​ឱ្យ​រដ្ឋបាល​ស្រុក​ជួប​ការលំបាក និង​រង​ការរិះគន់​ពី​មជ្ឈដ្ឋាន​ទូទៅ​។​

លោក​អ៊ឹម​ច័ន្ទ​សុធន​បាន​បញ្ជាក់ថា​យោងតាម​ប្រសាសន៍​ណែនាំ​របស់លោក​អភិបាលខេត្ត​កំពត​ពាក់​ព័ន្ធ​នឹង​ករណី​ទាំងនេះ​រដ្ឋបាល​ស្រុក​ទឹកឈូ​ប្តេជ្ញា​ថា​ចាប់ពីពេលនេះ​ទៅ​ឮ​អាជ្ញាធរ​នឹង​លុបបំបាត់​ព្រមទាំង​មិន​បណ្តែតបណ្តោយ​ការបំពាន​យក​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​កើតឡើង​ជាដាច់ខាត​៕S/​

​អាជ្ញាធរ​ស្រុក​ទឹកឈូ​ប្តេជ្ញា​លុបបំបាត់​ការបំពាន​ទ្រព្យសម្បត្តិ​រដ្ឋ​