អាជ្ញាធរ​ស្រុក​ពាម​រក៍​កំពុង​ចាត់វិធានការ​ទប់ស្កាត់ ក្រុម​រថយន្ត​ដឹក​ខ្សាច់​ធំៗ​ដែល​បង្ក​ឲ្យ​ខូច​ផ្លូវ​

976
ចែករម្លែក

ដោយ​: ចាន់ ថន / ព្រៃវែង​: លោកស្រី សេង ទៀង អ​ភិល​ស្រុក​ពាមរ​ក៍បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨​នេះ​ថា លោកស្រី​កំពុង​ចាត់វិធានការ​ទប់ស្កាត់​ហើយ ចំពោះ​រថយន្ត​ដឹក​ខ្សាច់​ធំៗ ដែល​ចរាចរណ៍​លើ​ដងផ្លូវ បណ្ដាល​ឲ្យ​ស្រុត​ខូច​។​

​ការ​ថ្លែង​របស់​អាជ្ញាធរ​បែបនេះ បន្ទាប់ពី​ប្រជាពលរដ្ឋ នៅ​ឃុំ​ព្រែក​ខ្សាយ (​ខ​) ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង សំណូមពរ​ដល់​អាជ្ញាធរ​ឲ្យ​ចាត់វិធានការ​លើ​រថយន្ត​ដឹក​ខ្សាច់​ដែល​កំពុង ចរាចរណ៍​តាម​ដងផ្លូវ នា​ឃុំ​ព្រែក​ខ្សាយ (​ខ​) ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។ ក្រុម​រថយន្ត​ដឹក​ខ្សាច់​ទាំងនោះ មាន​គ្រប់​ខ្នាត​ទាំងអស់ តាំងពី​ខ្នាតតូច​រហូត​ដល់​ធំ​។ រីឯ​ប្រភេទ​រថយន្ត​ភ្លៅ​៥​កង់​១០ និង​ប្រភេទ​យី​ឌុប មាន​ច្រើនជាងគេ គឺ​ចាប់ពី​២០​ទៅ​៣០​គ្រឿងក្នុង​មួយថ្ងៃៗ ដែល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ខ្សាច់ គឺ​គេ​ចាប់​ដឹក​តាំងពី​ម៉ោង​៤​ព្រឹក រហូតដល់​ម៉ោង​៨​យប់ ឯណោះ​ជា​រៀងរាល់ថ្ងៃ​សឹងតែ​គ្មាន​ពេល​សំរាក បណ្ដាល​ឲ្យ​ពលរដ្ឋ​ពិបាកធ្វើ​ដំណើរ​និង​ស្រុត​ខូច​ផ្លូវ​ជាច្រើន​កន្លែង​។​

​ទោះបីជា​យ៉ាងណា​លោកស្រី សេង ទៀង អភិបាលស្រុក​ពាម​រក៍ បាន​ឲ្យ​ដឹងថា ចំពោះ​ករណីនេះ លោកស្រី​បាន​កោះប្រជុំ​ក្រុម​ព្រឹក្សា​ឃុំ​ព្រែក​ខ្សាយ​(​ខ​)​ហើយ ដើម្បី​រក​ដំណោះស្រាយ គឺ​តម្រូវ​ឲ្យ​ម្ចាស់​អាជីវកម្ម​ដែល​ប្រើប្រាស់​ផ្លូវ​នេះ ជួយ​ជួសជុល​ផ្លូវ​ឡើងវិញ និង​សិក្សា​ពី​ផលប៉ះពាល់​ជាមួយ​ពលរដ្ឋ​៕ ល​