អាជ្ញាធរ​ស្រុក​ពារាំង បាន​ព្រមាន​ធ្ងន់ៗ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​គ្រឿងចក្រ​ណា ដែល​បន្ត​កាយ​ដី​ចំណី​ព្រែក​ម៉ា​លិច​

935
ចែករម្លែក

​ដោយ​ : ​ចាន់ ថន​ / ​ព្រៃវែង​ ៖ ​លោក ហ៊ី ធួ​ក អភិបាលស្រុក​ពារាំង បាន​ថ្លែងប្រាប់ រស្មី​កម្ពុជា ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​០៦​ខែមិថុនា​ឆ្នាំ​២០១៨​នេះ​ថា លោក​បាន​ចាត់វិធានការ​យ៉ាង​តឹងរឹង​ចំពោះ​គ្រឿងចក្រ​មួយចំនួន​ដែល​លួច កាយ​ដី​ចំណី ព្រែក​អូរ​ម៉ា​លិច​នៅ​ចំណុច​វៃ​វេទ ឃុំ​រាប ស្រុក​ពារាំង​ខេត្តព្រៃវែង​។​ទន្ទឹម​នោះ បើ​គ្រឿងចក្រ​ណា នៅ​បន្ត​កាយ​ដី​ចំណី​ព្រែ​កទៀត គឺ​ត្រូវ​កាច់​សោរ​ឡាន​និង​ចាប់បញ្ជូន​ទៅកាន់​តុលាការ​ដោយ​មិន​យោគយល់​អ្វី​ទាំងអស់​​។​

​ការ​ថ្លែង​របស់​អាជ្ញាធរ​បែបនេះ​បន្ទាប់ពី គេហទំព័រ រស្មី​កម្ពុជា បានចេញ​ផ្សាយ​កាលពី​ព្រឹក​ថ្ងៃទី​០៦​ខែមិថុនា នេះ​ដែលមាន​ចំណងជើង​ថា ពលរដ្ឋ​ចោទ មេឃុំ​រាបស្រុក​ពារាំង លក់​អាចម៍ដី​អូរ​ម៉ា​លិច ឲ្យ​ថៅកែ​គ្រឿងចក្រ​យក​ធ្វើ​អាជីវកម្ម ដោយ​ហេតុផល​ស្ដារ​ធ្វើ​ផ្លូវ​។​

បច្ចុប្បន្ននេះ គេឃើញមាន​ឈ្មួញ​បានដាក់​គ្រឿងចក្រ​ជីក​យក​អាចម៍ដី ចំណី​ព្រែក​ម៉ា​លិច នៅ​ចំណុច​ខាងជើង​ស្ពាន​ជ្រៃ​ចំងាយ​ប្រហែល​២០០​ម៉ែត្រ ស្ថិតនៅ​ភូមិ​វៃ​វេទ​ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង មក​ធ្វើ​អាជីវកម្ម​បណ្ដាល​ឲ្យ​ដី​ព្រែក​ម៉ា​លិច​នៅ​ចំណុច​នោះ រូង​ខូង​ជ្រៅ ក្រហេងក្រហូង​មើល​លែង​យល់ បាក់​ដី​ដល់​ក្បាលដី​ប្រាំង​ពលរដ្ឋ​ជាច្រើន​កន្លែង​។​

​សេចក្ដីរាយការណ៍​បាន​ឲ្យដឹងថា សកម្ម​ភា​ទាំងនោះ​មាន​ជា​យូ​ខែ​ឆ្នាំ​មកហើយ ដោយ​អាជ្ញាធរ​មូលដ្ឋាន លក់​អាចម៍ដី​ឲ្យ​ថៅកែ​ធ្វើ​អាជីវកម្ម ជា​បន្តបន្ទាប់ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​និង​បក្ខពួក​។​ ​ដោយមាន​ឡេះ​ថា អភិវឌ្ឍន៍​នេះ​អភិវឌ្ឍន៍​នោះ ធ្វើ​ផ្លូវ ដោយ​ចាក់​ផ្លូវ​៥​ទៅ​១០​ឡាន រួច​យក​អាចម៍ដី​រាប់ពាន់​ឡាន​ចាក់​លក់​តាម​ផ្ទះ​។​

​មិនតែប៉ុណ្ណោះ​ក៏មាន​រណ្ដៅ​ដី​មួយកន្លែង​នៅ​ខាងជើង​ព្រែក​ម៉ា​លិច គឺ​ឈ្មួញ​បាន​ជីក​ជម្រៅ​ជ្រៅ​កើល​ដល់​ផ្លូវ​ទៅ​វាលស្រែ​ធ្វើ​ឲ្យ ទឹកភ្លៀង​ហូរ​ច្រោះ​បាក់​ផ្លូវ និង​ពលរដ្ឋ​ភ័យខ្លាច​ធ្វើដំណើរ​ធ្លាក់ចូល​រណ្ដៅ​នោះ​ស្លាប់​។​​ ទន្ទឹម​នោះ​ឈ្មួញ ដែល​គេ​ស្គាល់​ថា ឈ្មោះ ហៀ​ប ជា​ថៅកែ​គ្រឿងចក្រ និង​មាន​ទីលំនៅ​ជិត​ផ្សារ​ស្នាយ​ពល ឃុំ​រកា​ស្រុក​ពារាំង បានដាក់​គ្រឿងចក្រ​កាយ​យក​អាចម៍ដី ចំណី​ព្រែ​កនៅ​ចំណុច​ខាងលើ បាន​យ៉ាង​រលូន​ឥត​ស្ទាក់ស្ទើ​មិនមាន​ការទប់ស្កាត់​អ្វី​ទាំងអស់​។​

​ទោះបីយ៉ាងណា​លោក ហ៊ី ធួ​ក អភិបាលស្រុក​ពារាំង បាន​ថ្លែងថា លោក​បាន​ចាត់វិធានការ​ហើយ ចំពោះ​គ្រឿងចក្រ​មួយចំនួន​ដែល​លួច កាយ​ដី​ចំណី​អូរ ព្រែក ម៉ា​លិច​នៅ​ចំណុច​ខាងលើ ប៉ុន្តែ​ក្រោយពេល​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​នោះ គឺ​គ្រឿងចក្រ​ឈ្មោះ ហៀ​ប នោះបាន​កាយ​ដី​ព្រែក​ពិតមែន ប៉ុន្តែ​កាយ​យក​អាចម៍ដី​មក​ធ្វើ​ផ្លូវ​ប្រមាណ​ជាង​៥០០​ម៉ែត្រ នៅ​ភូមិ​វៃ​វេទ​ឃុំ​រាប តាម​សំណើរ​និង​តម្រូវការ​ពល​ក្នុង​មូលដ្ឋាន​៕​B

#