អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ប្តេជ្ញា​ធ្វើឱ្យ​គ្រប់​ភូមិ​ទទួលបាន​អគ្គិសនី​ក្នុងឆ្នាំ២០២០

345
ចែករម្លែក
លោក​យឹម វិសិដ្ឋ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ប្តេជ្ញា នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ដែល​សម្រេច​ក្នុង​ឆ្នាំ​២០១៩ និង ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់ខ្លួន​ថា​ធ្វើយ៉ាងណា​ឱ្យ​គ្រប់​ភូមិ​នៅ​ទូទាំងប្រទេស អាច​ទទួលបាន​ការផ្គត់ផ្គង់​អគ្គិសនី​នៅក្នុង​ឆ្នាំ​២០២០​។​
​ ​លោក​យឹម វិសិដ្ឋ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ថ្លែង​ស្វាគមន៍​នៅក្នុង​ឱកាស​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ដែល​សម្រេច​ក្នុង​ឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២០​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភូ​គី​ត្រា​ភ្នំពេញ​នា​ថ្ងៃទី​២៩​ខែមករា​ឆ្នាំ​២០២០​ដែលមាន​អ្នកពាក់ព័ន្ធ​ចំនួន​៧០០​នាក់​បាន​ចូលរួម​ថា​ការអភិវឌ្ឍ​បង្កើន​សមត្ថភាព​ប្រភព​អគ្គិសនី​ប​ច្ចប្ប​ន្ន​មាន​អនុភាព​សរុប​កើនឡើង​ពី​២.៦៣៥​មេ​ហ្កា​វ៉ា​ត់​នៅ​ចុងឆ្នាំ​២០១៨​ដល់ ៣.២៨២​មេ​ហ្កា​វ៉ា​ត់​នៅ​ចុងឆ្នាំ​២០១៩ ។ ក្នុងនោះ​អនុភាព​អតិបរមា​ប្រើប្រាស់​បាន​កើនឡើង​ពី​១.៥០០​មេ​ហ្គា​វ៉ា​ត់​ឆ្នាំ​២០១៨​ដល់​១.៨០០​មេ​ហ្គា​វ៉ា​ត់​នៅ​ឆ្នាំ​២០១៩​។​បរិមាណ​ថាមពល ដែល​បាន​ប្រើប្រាស់​ចេញពី​ប្រភព​អគ្គិសនី​ខាងលើ​បាន​កើនឡើង​២៣​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៨ គឺ​កើនឡើង​៩.៧៣៨​លាន​គីឡូវ៉ាត់ម៉ោង នៅ​ឆ្នាំ​២០១៨​មក​១២.០១៤​លាន​គីឡូវ៉ាត់ម៉ោង​នៅ​ឆ្នាំ​២០១៩​។​
​ ​ប្រធាន​អាជ្ញាធរ​បាន​ថ្លែងបន្ត​ទៀតថា ការអភិវឌ្ឍ​ប្រព័ន្ធ​បញ្ជូន​អគ្គិសនី​នៅក្នុង​ឆ្នាំ​២០១៩ បន្ថែម​បាន​ចំនួន​១២៦​គីឡូម៉ែត្រ​និង​សាងសង់​អនុ​ស្ថានីយ​ចំនួន​៤​ធ្វើឱ្យ​ដល់​ប​ច្ច​ប្បន្ន​មាន​ខ្សែ​បញ្ជូន​សរុប ២.២៦៧​គីឡូម៉ែត្រ​និង​អនុ​ស្ថានីយ​ចំនួន​៣៧ ដែល​អាច​បញ្ជូន​ប្រភព​អគ្គិសនី​ដល់​រាជធានី ខេត្ត​ចំនួន​២២​ផ្ទាល់​រួចហើយ​នៅសល់​ខេត្ត​ចំនួន​បី​ប៉ុណ្ណោះ ដែល​ពុំទាន់​មាន​អនុ​ស្ថានីយ​ផ្តល់​ប្រភព​នៅក្នុង​ខេត្ត​ផ្ទាល់​នៅឡើយ​។ គឺ​ខេត្ត​ត្បូងឃ្មុំ រតនគិរី និង​ខេត្តមណ្ឌលគិរី​។​រហូតដល់​ត្រឹម​ចុងឆ្នាំ​២០១៩​ហេ​ដ្ឋេ​រចនាសម្ព័ន្ធ​ទាំងបី​ដែល​រួមមាន ខ្សែបណ្តាញ អឹម​វី​(MV) បាន​កើន​ឡើងដល់​៣៤.០៥៦​គីឡូម៉ែត្រ​ត្រង់​ហ្វូ​ចែកចាយ​បាន​កើន​ដល់​១៨.៤៦២​គ្រឿង​និង​ខ្សែបណ្តាញ​អិ​ល​វី LV​បាន​កើន​ឡើងដល់​៣៦.៨៥៣​គីឡូម៉ែត្រ​។ គោលដៅ​នៃ​ការអភិវឌ្ឍ​បណ្តាញ​បញ្ជូន​រង​និង​បណ្តាញ​ចែកចាយ​គឺ​ធ្វើយ៉ាងណា​ឱ្យ​គ្រប់​ភូមិ​អាច​ទទួលបាន​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​ឆ្នាំ​២០២០​៕សរន