អាជ្ញាធរ​អគ្គិសនី​ប្រចាំ​ភូមិភាគ​ថៃ​ជួយ​ផ្ទាំង​ថាមពល​សូ​ឡា​នៅ​វិទ្យាល័យ​សំពៅ​លូន រួមជាមួយ​ត្រង់​ស្វ័​រ 250KVA ជូន​ដល់​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន

788
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅក្នុង​បរិវេណ​វិទ្យាល័យ​សំពៅ​លូន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង អាជ្ញាធ​អគ្គិសនី ប្រចាំ​ភូមិភាគ នៃ​ព្រះរាជាណាចក្រ​ថៃ បានធ្វើការ​ប្រគល់​ផ្ទាំង​ថាមពល​សូ​ឡា រួមជាមួយ​ត្រង់​ស្វ័​រ 250KVA ដល់​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន ក្រោម​អធិបតីភាព​លោក ប៊ុត គឹមស៊ាន អភិបាលរង​ខេត្ត​តំណាង​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង និង​លោក ឧ​ត្ត​ម ខេ​ត​រ៉ា​សៈដ​នុយ Udom Kate Radnui អភិបាលរង​ខេត្ត​ស្រះកែវ នៃ​ព្រះរាជាណាចក្រ​ថៃ និង​ប្រតិភូ​អមដំណើរ​ជាច្រើនរូប​។​

​លោក ប៊ុត គឹមស៊ាន អភិបាលរង​ខេត្ត​មានប្រសាសន៍ថា ក្នុងនាម​រដ្ឋបាលខេត្ត និង​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង បាន​សូម​សំដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​វត្តមាន​របស់លោក​អភិបាលរង​ខេត្ត​ស្រះកែវ អាជ្ញាធរ​អគ្គិសនី និង​គណៈប្រតិភូ​ខេត្ត​ស្រះកែវ​នៃ​ព្រះរាជាណាចក្រ​ថៃ ដែល​តែងតែមាន​ទំនាក់ទំនង​ល្អ​រក្សាបាន​នូវ​ចំណងមិត្តភាព និង​មាន​កិច្ចសហប្រតិបត្តិការ និង​មានការ​យោគយល់​គ្នា ដែលជា​ប្រទេសជិតខាង​គ្នា​។

​លោក​បាន​បញ្ជាក់ថា ជាក់ស្តែង​នា​ព្រឹក​ថ្ងៃនេះ ស្រុក​សំពៅ​លូន បានទទួល​នូវ​ថាមពល​សូ​ឡា ដោយ​ពន្លឺព្រះអាទិត្យ និង​ត្រង់​ស្វ័​រ 250KVA ដែលជា​ជំនួយ​របស់​អាជ្ញាធរ​អគ្គិសនី​ប្រចាំ​ភូមិភាគ នៃ​ព្រះរាជណាចក្រ​ថៃ ផ្តល់ជូន​វិទ្យាល័យ​សំពៅ​លូន និង​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន ព្រមទាំង​ជំនួយ​ឧបត្ថម្ភ​ជា​បន្តបន្ទាប់​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​តម្រូវ​ការចាំបាច់​សំរាប់​ប្រជាពលរដ្ឋ នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ បាន​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ​រួមគ្នា ធ្វើឱ្យ​សេដ្ឋកិច្ច នយោបាយ និង​ការអភិវឌ្ឍ​នៅតាម​មូលដ្ឋាន​នៅជាប់​ព្រំដែន​កាន់តែ​ល្អប្រសើរ​។​

​ជាថ្មី​ម្តងទៀត លោក​អភិបាលរង​ខេត្ត​ក្នុងនាម​រដ្ឋបាល​ខេត្តបាត់ដំបង រដ្ឋបាល​ស្រុក​សំពៅ​លូន ស្ថាប័ន​អប់រំ សុខាភិបាល​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ជាទីបំផុត ចំពោះ​រាជរដ្ឋាភិបាល​ថៃ អាជ្ញាធរ​អគ្គិសនី​ប្រចាំ​ភូមិភាគ អភិបាលខេត្ត​ស្រះកែវ អភិបាលស្រុក​អារញ្ញ​ប្រាថេត និង​ដៃគូរ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ផ្តល់នូវ​សំភារៈ​ដ៏​ថ្លៃថ្លា​ក្នុងការ​ជួយឧបត្ថម្ភ​ដល់​កិច្ចដំណើរការ​អភិវឌ្ឍ​ស្រុក នៅ​តំបន់​ព្រំដែន​នេះ​ឱ្យមាន​ការអភិវឌ្ឍ​រីកចម្រើន​ត​ទៅមុខទៀត​៕