អាជ្ញាធរ​អប្ប​រា: ​តើ​គួរ​ចូលរួម​គោរព លើក​តម្លៃ និង​ថែរក្សា​បរិស្ថាន​ប្រាសាទ​អង្គរ​ដោយ​វិធី​ណា​?

497
ចែករម្លែក

ដោយ​: បាយ័ន​
​សៀមរាប​:
រមណីយដ្ឋាន​អង្គរ គឺជា​ទីកន្លែង​ពិសិដ្ឋ​ដែល​ប្រជាជន​ខ្មែរ តែងតែ​ធ្វើការ​គោរពបូជា ប្រតិបត្តិ​នូវ​ជំនឿ​សាសនា​ជាទី​សក្ការៈ​ខ្ពង់​ខ្ពស់បំផុត​របស់ខ្លួន​។ ជាមួយគ្នានេះ​ផងដែរ ប្រាសាទ​អង្គរ ដែលជា​ដួងព្រលឹង​ជាតិខ្មែរ គឺ​ត្រូវបាន​អ្នក​ប្រវត្តិវិទូ និង​បុរាណ​វិទូ ចាត់ទុកថា​តំណាងឱ្យ​ចក្រ​វា​ឡ​។ នេះ​ជាការ​លើកឡើង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា នៅ​រសៀល​ថ្ងៃទី​១៦ ខែកក្កដា​នេះ​។​

​គ្រប់ផ្នែក​ទាំងអស់​នៃ​ប្រាសាទ​អង្គរ ដូចជា​ប្រាង្គ​ប្រាសាទ ក​សិន្ធុ​ទឹក ទីធ្លា​ជុំវិញ សុទ្ធតែជា​ទីសក្ការៈ​បូជា ព្រោះ​ក្នុង​ជំនឿ​សាសនា ប្រាង្គ​ប្រាសាទ​គឺជា​តំណាង​ភ្នំ​ព្រះ​សុមេរុ ហើយក​សិន្ធុ​ទឹក​តំណាងឱ្យ​មហាសមុទ្រ​ដែល​ព័ទ្ធជុំវិញ​ភ្នំ​ព្រះ​សុមេរុ​នោះ​។ ទន្ទឹមនឹងនេះ ប្រជាជន​ខ្មែរ​តែងតែ​សម្លឹង​មក​ប្រាសាទ​អង្គរ​ប្រកបដោយ​ក្តី​មោទនៈ​ជាទីបំផុត នៅពេលដែល​គេ​រំឭក​អំពី​ភាពរុងរឿង​ដ៏​អស្ចារ្យ​របស់​ជាតិខ្មែរ នាពេល​អតីតកាល​។ ដូច្នេះ យើង​គួរ​គប្បី​ចូលរួម​ទាំងអស់គ្នា​ប្រកបដោយ​ឆន្ទៈ​គោរព​ប្រតិបត្តិ​គ្រប់ផ្នែក​ទាំងអស់​នៃ​ប្រាសាទ​អង្គរ ចាត់ទុកជា​ទីសក្ការៈ​បំផុត​។​

​អាជ្ញាធរ​ជាតិ​អប្សរា ក៏ដូចជា​សាធារណជន បាន​សង្កេតឃើញថា បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​តូច ពុំបាន​ផ្តល់​គុណ​តម្លៃ​ដល់​ប្រាសាទ​អង្គរ​ដូច​អត្ថន័យ​ខាងលើ​ឡើយ ពោលគឺ​បាននាំគ្នា​អង្គុយ​នៅលើ​វាលស្មៅ លើ​ថ្ម​ច្រាំង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត លើ​ខឿន​ប្រាសាទ​ផ្សេងៗ ដើម្បី​សេព​គ្រឿង​ស្រវឹង បើក​ឧបករណ៍​បំពង​សំឡេង​កម្សាន្ត​សប្បាយ​ខ្លាំងៗ ព្រមទាំង​បន្សល់ទុក​នូវ​សំរាម​ដែល​បង្ក​ការប៉ះពាល់​ដល់ទី​សក្ការៈ សោភ័ណភាព បរិស្ថាន និង​សណ្តាប់ធ្នាប់​ទូទៅ​ផងដែរ​។ ទង្វើ​ទាំងនេះ បាននិងកំពុង​ធ្វើឱ្យ​បាត់បង់​ជា​បណ្តើរៗ​នូវ​ភាព​អច្ឆរិយៈ ភាពជា​ទីកន្លែង​សក្ការៈបូជា​របស់​ប្រាសាទ​អង្គរ ហើយក៏​ធ្វើឱ្យ​ភ្ញៀវទេសចរ​បរទេស​បាត់​បង់​នូវ​ជំនឿ​មកលើ​ទឹកដី​ដ៏​អស្ចារ្យ​មួយ​នេះ ដូចដែល​គេ​ស្រមៃ​មុនពេល​មក​ទស្សនា​។​

​ការចូលរួមរ​បស់បង​ប្អូន​ជនរួមជាតិ​ក្នុង​ការលើកតម្លៃ និង​ថែរក្សា​បរិស្ថាន​ប្រាសាទ​អង្គរ តាមរយៈ​សកម្មភាព​ដោយ​ប្រយោល ដោយ​មិន​ពិសារ​អាហារ សេព​គ្រឿង​ស្រវឹង​នៅលើ​វាលស្មៅ និង​មិន​បោះ​សំរាម​ចោល​ផ្តេសផ្តាស​ជុំវិញ​បរិវេណ​ប្រាសាទ​អង្គរ ពិសេស​គោរព​ទៅតាម​ក្រម​ប្រតិបត្តិ​អង្គរ នោះ​គឺជា​ការគោរព​ចំពោះ​ស្នាដៃ​ដូនតា​យើង និង​ចូល​រូ​ម​អភិរក្ស​មួយផ្នែកធំ​រួចទៅហើយ​។​

​ក្នុងន័យនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​បញ្ឈប់​សកម្មភាព​ទាំងឡាយណា ដែល​ធ្វើឱ្យប៉ះពាល់​ដល់​គុណ​តម្លៃ​នៃ​រមណីយដ្ឋាន​អង្គរ និង​ចូលរួម​ថែរក្សា​កេរ្តិ៍​មត៌ក​ដូនតា​ទាំងអស់គ្នា ជាពិសេស​ប្រាសាទ​អង្គរ​យើង​។ សូមឱ្យ​ប្រាសាទ​អង្គរ​នៅតែ​ជាទី​អច្ឆរិយៈ​ជា​រៀងរហូត​៕