អាជ្ញាធរ​អប្សរា​ចុះ​អនុស្សារណៈ​ជាមួយ​អាជ្ញាធរ DASTA របស់​ប្រទេស​ថៃ ពី​ការអភិវឌ្ឍ​ទេសចរណ៍​

1301
ចែករម្លែក

ដោយ​:​អង្គរតូច / សៀមរាប​: អាជ្ញាធរ​អប្សរា កាលពី​ថ្ងៃទី​១៤​ខែមិថុនា​ឆ្នាំ​២០១៨ នៅ​ទីក្រុង​បាង កក​នៃ​ប្រទេស​ថៃ បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​ជា​ផ្លូវការ ជាមួយ​អាជ្ញាធរ DASTA របស់​ប្រទេស​ថៃ ស្តីពី​ការអភិវឌ្ឍន៍​ទេសចរណ៍ ក្រោយពី​បាន​ជួបពិភាក្សា​និង​សិក្សា​ពីគ្នា អស់​រយៈពេល​ជាង​មួយឆ្នាំ​មក​។​

​សារៈសំខាន់​នៃ​ពិធី​ចុះ​អនុស្សារណៈ​គឺ ដើម្បី​បង្កើត​កិច្ចសហការ​សម្រាប់​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ជំនាញ​នៃ​ការគ្រប់គ្រង​ទេសចរណ៍​ប្រកបដោយ​ចីរភាព ដោយ​ផ្តោតទៅលើ​កិច្ចការ​សំខាន់ៗ​មួយចំនួន​ដូចជា ការស្រាវជ្រាវ​ទេសចរណ៍ ការផ្លាស់ប្តូរ​អ្នកជំនាញ​ទេសចរណ៍ ចែករំលែក​បទពិសោធ​ន៍ និង​ចំណេះដឹង​នានា​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ទេសចរណ៍​។ ការធ្វើ​ទស្សនកិច្ច​ចុះ​សង្កេត​ដើម្បី​ស្វែងយល់ និង​ដក​ពិសោធន៍​ការងារ ការបណ្តុះបណ្តាល​អំពី​គំរូ​នៃ​ការអភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​ការបណ្តុះបណ្តាល​វគ្គ​ជំនាញ​ទេសចរណ៍​ផ្សេងៗ​ជាដើម​។​

​លោក សុខ សង្វារ អគ្គនាយករង អាជ្ញាធរ​អប្សរា បាន​បញ្ជាក់ថា ការសម្រេចចិត្ត​ចុះ​អនុស្សារណៈ​យោគយល់​ជាមួយ​អាជ្ញាធរ​DASTA គឺ​ក្នុង​គោលដៅ​ពង្រឹង​ទំនាក់ទំនង​លើ​វិស័យ​គ្រប់គ្រង​ទេសចរណ៍​។ កិច្ចការ​ចម្បង​របស់​អាជ្ញាធរ​នេះ​គឺ​ផ្តោត​សំខាន់​ទៅលើ​ចីរភាព​ទេសចរណ៍ នៅ​តំបន់​ទាំង​៥​គឺ Koh Chang Islands, Pataya City, Sukhothai-Kamphaengphet Historic Parks, Leoi Province និង U-Thong ដែល​បាន​កំណត់ដោយ​ព្រះរាជក្រឹត្យ​។​លោក​បញ្ជាក់ថា ភាពជោគជ័យ​នៃ​ការគ្រប់គ្រង​រមណីយដ្ឋាន​អង្គរ គឺជា​ចំណុច​ដែល​ធ្វើ​ឲ្យ​ក្រុមការងារ​របស់លោក កោតសរសើរ​យ៉ាងខ្លាំង​។ តាមរយៈ​ទំនាក់ទំនង​នេះ ក្រុមការងារ​នឹង​ទទួលបាន​បទពិសោធន៍​ល្អៗ​បន្ថែមទៀត ក្នុងការ​រៀបចំ​តំបន់​ទេសចរណ៍​។

​ជាមួយគ្នានេះដែរ លោក​Nalikathibhag Sangsnit អគ្គនាយក​អាជ្ញាធរ​DASTA ក៏បាន​អញ្ជើញ​មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ចូលរួម​ប្រជុំ​អំពី​ការគ្រប់គ្រង​តំបន់​បេតិកភណ្ឌ​ពិភពលោក ក្នុង​តំបន់​អាស៊ាន ដែល​គ្រោង​នឹង​រៀបចំ​នៅ​ប្រទេស​ថៃ ក្នុង​ខែសីហា​ខាងមុខនេះ​។​

​ជាការ​ចាប់ផ្តើម​នៃ​ការអនុវត្ត​លើ​អនុស្សារណៈ​យោគយល់​គ្នា​នេះ អាជ្ញាធរ DASTA បានរៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា​ជូន​មន្ត្រី​ជំនាញ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ទៅកាន់​រមណីយដ្ឋាន​សុខោទ័យ ដែលជា​បេតិកភណ្ឌ​ពិភពលោក​មួយ ដើម្បី​ដកស្រង់​បទពិសោធន៍​ពី​ការងារ​គ្រប់គ្រង​ទេសចរណ៍​នៅ​ទីនោះ​៕ ល​