អាជ្ញាធរ​អប្សរា​ធ្វើ​ការចុះ​ហាមឃាត់​ការ​ពុះ​ដី​ឡូ​តិ៍លក់​នៅក្នុង​ស្រុក​ប្រាសាទបាគង​

605
ចែករម្លែក

ដោយ:​បាយ័ន​/​សៀមរាប ​៖ កាលពី​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើ​ការចុះ​ហាមឃាត់​ក្រុមហ៊ុន​មួយកន្លែង​ដែល​ធ្វើ​សកម្មភាព​ពុះ​ដី​ឡូ​តិ៍លក់ក្នុង​តំបន់​ការពារ​បេតិកភណ្ឌ​ពិភពលោក ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​រុន ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

អាជ្ញាធរ​ជាតិ​អប្សរា ចុះ​ហាមឃាត់​ការ​ពុះ​ដី​ឡូ​តិ៍លក់​នៅ​ភូមិ​ត្រពាំងរុន ឃុំ​អំពិល ស្រុក​ប្រាសាទបាគង បន្ទាប់ពី​ខាង​អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើ​ការចេញ​នូវ​សេចក្តីជូនដំណឹង​ជាច្រើនលើក​ដើម្បី​បញ្ឈប់​សកម្មភាព​លក់ដូ​រ​ដីធ្លី​ក្នុង​តំបន់​ការពារ​បេតិកភណ្ឌ​ពិភពលោក ក៏មាន​បុគ្គល​មួយចំនួន​នៅតែ​សំងំ​ធ្វើ​សកម្មភាព​យ៉ាង​គឃ្លើន​ផ្ទុយ​ពី​សេចក្តីជូនដំណឹង​។​

ក្រុមការងារ​ទប់ស្កាត់​សំណង់​ខុសច្បាប់​នៃ​សណ្តាប់ធ្នាប់​និង​កិច្ចសហប្រតិបត្តិការ រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ត្រួតពិនិត្យ​និង​ហាមឃាត់​ការ​ពុះ​ដី​ឡូ​តិ៍លក់​មួយកន្លែង​នៅ​ភូមិ​ត្រពាំងរុន ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

ក្នុង​ការចុះ​ប្រតិបត្តិការ​នេះ ម្ចាស់​ដី​ឡូ​តិ៍​ពុំមាន​វត្ត​មាននៅ​ទីតាំង​ទេ តែបើ​តាម​សម្តី​របស់លោក ប៉ោយ ណា​រ័ត្ន ភេទ​ប្រុស អាយុ៤០​ឆ្នាំ ដែលជា​អ្នក​ចាំ​ដី បាន​ប្រាប់ថា​ម្ចាស់​ដី​មានឈ្មោះ ស៊ី​ង រស់នៅ​ទីក្រុង​សៀមរាប ខេត្តសៀមរាប​។

ចំពោះ​បុគ្គល​ដែលជា​ម្ចាស់​ដី​ឡូ​តិ៍​ខាងលើ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចាត់វិធានការ​ច្បាប់​នាពេលខាងមុខ​។ ជាថ្មី​ម្តងទៀត ដើម្បី​ចូលរួម​លើក​តម្លៃ​រមណីយដ្ឋាន​អង្គរ និង​ថែរក្សា​មរតក​ដូនតា​ឱ្យបាន​គង់វង្ស​យូរអង្វែង អាជ្ញាធរ​ជាតិ​អប្សរា​សូម​អំពាវនាវ​ឲ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​ពុះ​ដី​ឡូ​តិ៍លក់​ក្នុង​តំបន់​ការពារ​បេតិកភណ្ឌ ពិភពលោក​។ ពិសេស​ជាងនេះទៅទៀត សូមកុំ​មានការ​ទិញ​ដី​ក្នុង​តំបន់​តាមរយៈ​ការឃោសនា​របស់​ឈ្មួញ ព្រោះ​នឹង​នាំឱ្យ​ខាតបង់​ទ្រព្យសម្បត្តិ​ជា​អាសា​របង់​៕B/