ដោយ: បាយ័ន / សៀមរាប: ដើម្បីអនុវត្តគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាសូមធ្វើការអំពាវនាវដល់បុគ្គលដែលមានគណនីហ្វេសប៊ុក ” សុខរ៉ាមនលក់អចលនទ្រព្យក្រុងសៀមរាប” និងបុគ្គលផ្សេងទៀត ដែលកំពុងតែប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ តាមប្រព័ន្ធទំនាក់ទំនងសង្គម ឲ្យបញ្ឈប់នូវសកម្មភាពរបស់ខ្លួនជាបន្ទាន់។
អាជ្ញាធរអប្សរាព្រមានថា ក្នុងករណីមិនព្រមបញ្ឈប់សកម្មភាពនេះទេ អាជ្ញាធរជាតិអប្សរានឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។ អាជ្ញាធរជាតិអប្សរាព្រមានបែបនេះនៅព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះ តាមគេហទំព័ររបស់ខ្លួន។
ម្យ៉ាងទៀត ដើម្បីបង្ការការខូចខាតផលប្រយោជន៍របស់សាធារណជន ដែលកើតឡើងពីការទិញដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា ក៏សូមអំពាវនាវផងដែរដល់សាធារណជនដែលមានបំណងទិញដីធ្លីក្នុងតំបន់នេះ សូមកុំទិញឱ្យសោះ និងសូមធ្វើការទំនាក់ទំនងមកកាន់អាជ្ញាធរជាតិអប្សរា បើមានចម្ងល់ទាំងឡាយណាពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ តាមលេខទូរសព្ទ ០៩២ ៨៩ ៩៩ ៦៦។
សូមបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ គឺជាតំបន់មានស្ថានីយបុរាណវត្ថុសំខាន់ៗ ដែលត្រូវការកិច្ចការពារកម្រិតខ្ពស់បំផុត (តំបន់១) និងជាតំបន់សម្បូរសំណល់បុរាណវត្ថុ ដែលត្រូវការពារទប់ទល់នឹងនឹងការប្រើប្រាស់ដីធ្លីផ្តេសផ្តាស និងការអភិវឌ្ឍន៍មិនសមស្រប(តំបន់២)។ ការលក់ទិញដីធ្លីក្នុងតំបន់នេះ គឺផ្ទុយនឹងច្បាប់ដែលមានចែងក្នុងព្រះរាជក្រឹត្យលេខ០០១ ន.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២៕ ល/Ha