អាជ្ញាធរ​អប្សរា​យក​ដើម​គ្រញូង​ដែល​ចោរលួច​កាប់​ទៅ​រក្សាទុក​នៅ​កន្លែង​មាន​សុវត្ថិភាព​

362

ដោយ​: បាយ័ន / សៀមរាប​: ហេតុការណ៍​មួយ​បានកើត​ឡើង ដោយ​ជន​មិន​ស្គាល់មុខ​បាន​លួច​កាប់​ដើម​គ្រញូង​មួយ​ដើម ស្ថិតក្នុង​រមណីយដ្ឋាន​អង្គរ​។ ភ្លាមៗ ក្រោយ​ទទួលបាន​ដំណឹង​ពី​អាជ្ញាធរ​មូលដ្ឋាន អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប និង​បានសម្រេច​ដកហូត ដឹកជញ្ជូន​ឈើ​ដែល​ចោរ​កាប់​ផ្ទួ​ល​នោះ មក​រក្សាទុក​នៅ​ទី​មាន​សុវត្ថិភាព​។​

​ឈើ​គ្រញូង​មួយ​ដើម ត្រូវបាន​ជន​មិន​ស្គាល់មុខ បាន​លួច​កាប់ នៅ​យប់​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨ ស្ថិតក្នុង​ភូមិសាស្ដ្រ​ភូមិ​គោក​តា​ចាន់ សង្កាត់​គោកចក ក្រុង​សៀមរាប​។ ប្រជាពលរដ្ឋ ដែល​បានដឹង​ហេតុការណ៍​នេះ បានផ្តល់​ដំណឹង​ភ្លាមៗ​ទៅ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​អន្តរាគមន៍ និង​ទប់ស្កាត់​មិនឱ្យ​មានការ​ដឹកជញ្ជូន​ចេញ​។​

​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក ស៊ិន ពិសី បានឱ្យដឹងថា បន្ទាប់ពី​មានការ​សម្របសម្រួល​ពី​ភាគី​ពាក់ព័ន្ធ គ្រញូង​ដែល​គេ​លួច​កាប់​នោះ បាន​យកទៅ​រក្សាទុក​នៅ​ស្នាក់ការ​តំបន់​ការពារ​ឧទ្យាន​អង្គរ នៅ​ថ្ងៃទី​១០ ខែសីហា​។​

​ក្រោយ​ដឹង​ហេតុការណ៍​នៅ​យប់​ថ្ងៃទី​៨​មក​នោះ ភាគី​ពាក់ព័ន្ធ​បាន​សហការ​យ៉ាង​យកចិត្តទុកដាក់ ដោយបាន​ប្រើ​កម្លាំង​យាម​ត្បា​ត​ជាប់​រហូត ព្រោះ​បារម្ភ​ខ្លាច​ក្រុម​ជនខិលខូច​ចូលមក​ដឹកជញ្ជូន​ឈើ​ដែល​កាប់​រួច​។​

​លោក ស៊ិន ពិសី បាន​បញ្ជាក់ថា គ្រញូង​ដែល​ត្រូវគេ​លួច​កាប់​នោះ មាន​ទំហំ​មិនធំ​ប៉ុន្មាន​ទេ គឺមាន​មុខកាត់​ជិត ៤​តឹក ឯ​បណ្តោយ​ជាង ២​ម៉ែត្រ​ប៉ុណ្ណោះ (​កន្លែង​ដែលមាន​តម្លៃ​)​។ លោក​បន្ថែមថា ភូមិសាស្ដ្រ​ដែល​ជន​មិន​ស្គាល់មុខ​លួច​កាប់​នោះ គឺ​ចុះ​ពី​ផ្លូវ​កៅស៊ូ​ប្រមាណ ១០​ម៉ែត្រ​ប៉ុណ្ណោះ តែ​វា​នៅ​ដាច់​ឆ្ងាយ​ពី​ផ្ទះ​អ្នកភូមិ​បន្ដិច ណាមួយ​យប់​ដែល​កាប់​នោះ មាន​ភ្លៀង​ធ្លាក់​ពេញ​មួយ​យប់​ផងដែរ ដែលជា​ឱកាស​សម្រាប់​ក្រុម​អ្នករកស៊ី​គ្រញូង​៕ ល​