អាជ្ញាធរ និង​ពលរដ្ឋ​ស្រុក​កោះកុង ធ្វើ​ទំនប់​ស្តុក​ទឹកសាប​ទុក​ប្រើប្រាស់​ពេល​ខ្វះ​ទឹក​ខ្លាំង​

682
ចែករម្លែក
  • 128
    Shares

ដោយ​: សុ​ផានី​តា / កោះកុង​: អាជ្ញាធរ ពលរដ្ឋ និង​យុវជន​តាម​បណ្តា​ឃុំ​ចំនួន​៤​នៅ​ស្រុក​កោះកុង ត្រៀម​បង្ការ​ពី​គ្រោះរាំងស្ងួត​តាមរយៈ​ប្រមូល​ផ្តុំគ្នា ធ្វើជា​ទំនប់​ស្តុក​ទឹកសាប​ទុក សម្រាប់​ប្រើ ប្រាស់​ក្នុងពេល​ជួបប្រទះ​ការខ្វះ​ទឹកសាប​ខ្លាំង នៅ​រដូវប្រាំង​។

​បើតាម​អភិបាលស្រុក​កោះកុង បានឱ្យដឹងថា លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​បន្ត​ស្វែងរក​ប្រភពទឹក​បន្ថែមទៀត​ផងដែ​រ​។ បច្ចុប្បន្ន ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​តាម​មូលដ្ឋាន​ឃុំ​ជ្រាប​ប្រស់ ឃុំ​តា​តៃ ឃុំ​កោះ​កាពិ និង​ឃុំ​ត្រពាំងរូង ជួប​ភាពខ្វះ​ទឹកជា​បណ្តើរៗ​ហើយ ប៉ុន្តែ​ពុំ​ខ្វះខាត​ខ្លាំង​នោះទេ ដោយសារតែ​ពួកគាត់​ប្រើ​ទឹក​អណ្តូង​ដែល​ជីក និង​ទឹកភ្លៀង​ស្តុ​ប​ទុក​ក្នុង​អាង ឬ​ពាង​។​

​លោក ជា សូ​វី អភិបាល​នៃ​គណៈ​អភិបាលស្រុក​កោះកុង ប្រាប់​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​២៧ ខែកុម្ភៈ​ថា ប្រភពទឹក​មាននៅ​ឆ្ងាយ​ពី​ភូមិឋាន​ប្រជាពលរដ្ឋ​ខ្លះ​១​គីឡូម៉ែត្រ ខ្លះទៀត​នៅ​ឆ្ងាយ​ពីនេះ​ក៏មានដែរ​។ ជាពិសេស រថយន្ត​តូចធំ​មិនអាច​ធ្វើដំណើរ​ទៅដល់​ទេ ដើម្បី​ដឹក​ជ​ញ្ចូ​ន​ទឹក​មកប្រើប្រាស់ គឺមាន​ដើរ​យួរ​ដោយ​ដៃ​ផ្ទាល់​។​ ឃុំជ្រោយប្រស់ និងឃុំកោះកាពិ គឺជាតំបន់កោះ ស្ថិតនៅសមុទ្រ និងមាត់សមុទ្រ ជាពិសេសឃុំជ្រោយប្រស់ គឺមិនទាន់ផ្លូវគមនាគមន៍ ចូលដល់ឃុំនៅឡើយ ទើបមិនមានគ្រឿងចក្រអាចជួយអន្តាគមន៍បានក្នុងការ ជីកស្រះទឹកឬទប់ទំនប់ការពារទឹកប្រៃ ដូច្នេះហើយទើប លោកបានណែនាំឲ្យឃុំប្រមូលប្រជាពលរដ្ឋ និងយុវជនកងកម្លាំងប្រដាប់អាវុធ ដើម្បីជួយទប់ទំនប់ស្តុកទឹកទុកប្រើប្រាស់ នៅពេលខាងមុខ។

​លោក​អភិបាលស្រុក បាន​បន្ថែមថា​ជា​វិធានការ​ត្រៀម​បង្ការ​ខ្លាចក្រែង​ខ្វះខាត​ទឹកសាប​ប្រើប្រាស់​២​ទៅ​៣​ខែ​ទៀត​នោះ លោក​បាន​ជំរុញ​ដល់​អាជ្ញាធរ ព្រមទាំង​ប្រជាពលរដ្ឋ និង​យុវជន​តាម​បណ្តា​ឃុំ​ចំនួន​៤ ចាំបាច់​នាំគ្នា​ស្វែងរក​ប្រភព​ទឹកសាប ដើម្បី​ទប់​ទំនប់​ស្ទើរ​ទឹក​តាម​អូរ ត្រពាំង ដែល​មក​ពីលើ​ជ្រលង​ភ្នំ​ជា​បណ្តើរៗ​។ ថ្វី​ត្បិត​ពេលនេះ ពលរដ្ឋ​ពុំទាន់​ខ្វះ​ទឹក​ប្រើ​ខ្លាំង​ក៏ដោយ​។​

​ទន្ទឹម​នោះ លោក ជា សូ​វី ក៏​បន្ត​ជំ​រុញឱ្យ​អាជ្ញាធរ​ភូមិ​ឃុំ​បន្ត​ស្វែងរក​ប្រភពទឹក​បន្ថែមទៀត​ផងដែ​រ ជៀសវាង​អូរ ត្រពាំង​ដែល​ស្តុក​ទុក​ប្រើប្រាស់​អស់ ពុំ​ដឹងថា ត្រូវ​ទៅរក​ឯណា​ទៀត​។ ជាធម្មតា បើ​គ្មាន​ទឹកសាប​នៅ​អូរ ឬ​ត្រពាំង ទេ ទឹកសមុទ្រ​អាច​ជោ​ហូរ​ចេញ កាន់តែ​លំបាក​ប្រើប្រាស់ ពុំទាន់​មាន​ទេ​ប្រព័ន្ធ​បណ្តាញ​ទឹកស្អាត​។​

​គួរ​ជម្រាប​ថា កាលពី​ឆ្នាំ​២០១៥ ពលរដ្ឋ​រស់នៅ​ក្នុងស្រុក​កោះកុង ធ្លាប់​រងគ្រោះ​ខ្វះ​ទឹកសាប​ប្រើប្រាស់​ម្តង​ដែរ ព្រោះ​ទឹក​ប្រភព​ទឹកសាប​រីងស្ងួត​ចេញ​ទឹកប្រៃ​តម្រូវឱ្យ​ទៅរក​ទឹក​ឆ្ងាយ​ដាច់​ស្រ​យោល​ពី​ផ្ទះ​។ ឆ្នាំ​២០១៩ មិន​ចំពោះតែ​ស្រុក​កោះកុង​ទេ ក្រុង​ខេមរភូមិន្ទ និង​ស្រុក​មណ្ឌលសីមា ក៏​ប្រទះ​ការខ្វះ​ទឹក​ដូចគ្នា ហើយ​ក៏មាន​ក្រុម​អាជ្ញាធរ និង​មន្ទីរជំនាញ​ដឹក​ជ​ញ្ចូ​ន​ទឹក​ទៅ​ចែកជូន​ពលរដ្ឋ​ជា​បន្តបន្ទាប់​រហូតមក​ដល់​ម៉ោង​នេះ​។​
​ស្រុក​កោះកុង ជា​ស្រុក​មួយ​ដែលមាន​សក្តានុពល​ផ្នែក​ទេសចរណ៍ កសិកម្ម និង​ការនេសាទ​សមុទ្រ ដោយ​បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​ជាង​៣០០០​នាក់​កំពុង​រស់នៅ​។ ឃុំ​ខ្លះ​ផ្ទៃដី​ជា​ផែន រីឯ​ឃុំ​ខ្លះទៀត ពិសេស​ឃុំ​កោះ​កាពិ ត្រូវ​ជិះទូក​ឆ្ងាយ​គីឡូម៉ែត្រ ទើប​ធ្វើដំណើរ​ទៅដល់​៕ ល​

#