អានុភាព, អានិសង្ស, ​អរ, អគ្គ, ​រចនា, រង្វាន់, ​ទ្រនឹប, ទ្រង់, ទ្រុង, យោង, ​យាន, ​យ៉ាង, យល់សប្ត, ​យល់

633
ចែករម្លែក

អានុភាព បា​. ( ន​. ) (​អា​នុ​ភាវ​) អំណាច​; តេជះ​; សេចក្ដី​អង់អាច​, សេចក្ដីក្លាហាន : មាន​អានុភាព​ច្រើន​, អានុភាព​នៃ​គុណបុណ្យ ។ សព្ទ​នេះ​ច្រើន​ប្រើ​រៀង​ភ្ជាប់​ពី​ខាង ចុង​សព្ទ​ដទៃ តាម​គួរ​ដល់​ការប្រកប​, ដូចជា គុណានុភាព​, បុញ្ញានុភាព​, ព​លា​នុ​ភាព​, ឥទ្ធានុភាព ឬ ឫទ្ធានុភាព “​អានុភាព​នៃ​គុណ​, –​នៃ​បុណ្យ​, –​នៃ​កម្លាំង​, –​នៃ​ឫទ្ធិ​” ជាដើម ។

​អានិសង្ស –​សង់ បា​.; សំ​. ( ន​. ) (​អា​និ​សំស​; អា​និ​ឝំ​ស​) ផល​នៃ​កុសល​, ផល​បុណ្យ​; គុណប្រយោជន៍​ឬ​សេចក្ដីសុខ​-​ចម្រើន ដែល​បាន​អំពី​ការប្រព្រឹត្ត​ល្អ : អានិសង្សទាន​, អានិសង្សសីល​, អានិសង្ស​នៃ​សុចរិត ។ មនុស្ស​មាន​អានិសង្ស មនុស្ស​មាន​កុសល ។

​អរ អ ( កិ​. ) មាន​អំណរ​, មាន​សោមនស្ស​, រីករាយ​ចិត្ត​, មានចិត្ត​រីករាយ : អរ​ព្រោះ​បាន ទ្រព្យ​គាប់ចិត្ត​; បាន​ឮថា​កូន​ប្រឡង​ជាប់ ខ្ញុំ​អរ​ណាស់ ! ។ អរគុណ អរ​ចំពោះ​គុណ​គេ​, មាន​អំណរគុណ​គេ : ដោយ​គេ​បាន​ជួយសង្គ្រោះ​ខ្ញុំ​បន្តិច​ប៉ុណ្ណឹង ខ្ញុំ​នឹង​អរគុណ​គេ​មិន ភ្លេច ។ អរគុណ ! ពាក្យ​សម្រាប់​ទទួល​អំណរ​ចំពោះ​គុណ​គេ​ក្នុង​ទី​ចំពោះមុខ ។ តាម ធម្មតា​របស់​អ្នក​សុភាព​ឬ​អ្នកមាន​ច្បាប់​, សូម្បី​គ្រាន់តែ​គេ​ហុច​អ្វី​បន្តិចបន្តួច​ឲ្យ​មក​ខ្លួន ឬ​គេ​គូស​ឈើគូស​កាន់​ឲ្យ​ខ្លួន​អុជ​បារី​ប៉ុណ្ណោះ​ក៏ត្រូវ​បញ្ចេញវាចារ​អរគុណ​គេ​ថា អរគុណ ! ឬថា អរគុណ​លោក !, អរគុណ​អ្នក ! … ។​

​អគ្គ អ័ក​-​គៈ បា​. ឬ សំ​. ( ន​. ) កំពូល​; ចុង​, ចុង​ដែល​ខ្ពស់​; ចំណែក​ឬ​ប៉ែក​ខាងដើម ឬ​ខាងមុខ​បំផុត ។ គុ​. ខ្ពស់​, ខ្ពង់ខ្ពស់​, ខ្ពស់បំផុត​; លើស​, លើសលន់​, លើសលុប​, ឧត្ដម​, ប្រសើរ​, ប្រសើរ​បំផុត​, ផុត​ថ្នាក់​, ផុត​លេខ​; ឯក​, ជា​ឯក​, យ៉ាង​ឯក​; ធំ​, ធំចម្បង​, ធំ​បណ្តាច់​, មុន​, មុន​បំផុត​; មានតម្លៃ​; ថ្មោង ។ តំណែង​ឬ​ឋានន្តរ​ខ្ពស់បំផុត ។ អគ្គ​ទេ​សា ភិ​បាល ឋានន្តរ​មន្ត្រីជាន់ខ្ពស់​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​មហាអំណាច​ណាមួយ​ចាត់ តាំង ឲ្យ​ទៅ​ត្រួត ត្រា​ស្រុក​ចំណុះ ដូច​យ៉ាង​មន្ត្រី​បារាំង​ដែល​ត្រួតត្រា ឥណ្ឌូចិន ក្នុង​សម័យមុន​ឯករាជ្យ​ជាដើម (​បារ​. Gouverneur Général) ។ អគ្គនាយក នាយក​ធំ​, ចាងហ្វាង​ធំ ។ អគ្គបណ្ឌិត ឬ អគ្រ​– បណ្ឌិត​ខ្ពង់ខ្ពស់​, អ្នកប្រាជ្ញ​ថ្នាក់ខ្ពស់ ។ អគ្គបុគ្គល បុគ្គល​ថ្នាក់ខ្ពស់ ។

​រចនា រៈ​ចៈ​ន៉ា សំ​. បា​. ( ន​. ) ការតាក់តែង​; ការធ្វើ​ឲ្យ​វិចិត្រ​ផ្សេងៗ​;​ការរៀប​រៀង​ឲ្យ ត្រូវ​របៀប​បែបយ៉ាង​; ការ​តែងសេចក្ដី​ឲ្យ​ចុះ​របៀប​; … ។ ខ្មែរ​ប្រើពាក្យ​នេះ​ជា កិ​. ក៏បាន : រចនា​ឲ្យ​ល្អ​ប្លែក ។ ប្រើ​ជា គុ​. ក៏បាន : ការ​រចនា​, ក្បាច់រចនា ។ សាលា​រចនា​សាលា ដែលមាន​ពួក​គ្រូបង្រៀន​ខាង​ការ​រចនា​ផ្សេងៗ (​ឈ្មោះ​សាលារៀន​មួយ​នៅ​ក្រុងភ្នំពេញ ក្នុង​សម័យមុន​, សម័យ​តម​ក​ហៅ សាលា​វិចិត្រសិល្ប​) ។

​រង្វាន់ ( ន​. ) របស់​ដែល​ថែម​ឲ្យ​ដោយឡែក​ផ្សេង​លើសពី​កំណត់​ដែល​ត្រូវបាន​, របស់ ជា​បំណាច់​ដែល​ថែម​ឲ្យ ព្រោះ​គាប់ចិត្ត​ឬ​ដើម្បី​បំពេញ ចិត្ត : ឲ្យ​រង្វាន់​, ទទួល​ប្រាក់រង្វាន់ ។ រង្វាន់​ខាន់ខៅ រង្វាន់​និង​ទ្រនឹប​, របស់​ដែល​ឲ្យ​ដោយឡែក​ផ្សេង​ក្រៅពី​ទ្រនឹប ។

​ទ្រនឹប ( ន​. ) រង្វាន់​គ្រូ​មើលជំងឺ : រៀប​ទ្រនឹប​, ជូន​ទ្រនឹប​គ្រូ (​ម​. ព​. ខាន់ខៅ ផង​) ។

​ទ្រង់ ( កិ​. ) ប្រព្រឹត្ត​, កាន់​, ប្រដាប់​, តាក់តែង : ទ្រង់សីល​, ទ្រង់ធម៌​, ទ្រង់គ្រឿង ។ (​រ​. ស​.) : ស្ដេច​ទ្រង់​ព្រះ​ពស្ត្រ​ព័ណ៌ ។ លោក​ទ្រង់​បាត្រ គឺ​ភិក្ខុ​សាមណេរ​និមន្ត​បិណ្ឌបាត ។ ( បុ​. ស​. ) (​រ​. ស​.) ព្រះអង្គ : សូម​ទ្រង់​ប្រោស​ព្រះ រាជទាន​អភ័យទោស ។ ( ន​. ) ទម្រង់​, សណ្ឋាន​, លំនាំ​, រាង​, រូប ។

​ទ្រុង ( ន​. ) ប្រដាប់​សម្រាប់​ដាក់​, សម្រាប់​ប្រស់​, សម្រាប់​ខាំង​សត្វ​ទាំងឡាយ : ទ្រុងលលក​, ទ្រុងមាន់​, ទ្រុងត្រី​, ទ្រុងខ្លា ជាដើម ។

​យោង ( កិ​. ) ភើច​ទាញ​ពី​ខាងក្រោម​មក​ខាងលើ​ដោយ​ចាប់​កាន់​ខ្សែ​ឬ​ពួរ : យោង ទឹក​អណ្តូង ។ នាំមុខ​, អន្ទង​ពីមុខ : ដើរ​យោងមុខ​, ជិះសេះ​យោងមុខ​គោ ។ ធ្វើ​ឲ្យ​អណ្តែត​ឡើង​, ធ្វើ​ឲ្យ​ឡើង​ពី​ក្រាប : យោងមុខបូស​, ព័ទ្ធបូស​យោងមុខ​ឲ្យ​ឡើង ។ ជួយ​ស្រោចស្រង់​សង្គ្រោះ ដោយ​នាំមុខ​ឲ្យ​បាន​ប្រយោជន៍​, ឲ្យ​បាន​ស្រួល : យោង​ឲ្យ​រួច​ពី​ក្រីក្រ​, យោងញាតិ​, រកស៊ី​យោងគ្នា​, និយាយ​យោងគ្នា​, ឆ្លើយ​យោងគ្នា ។​

​យាន សំ​. បា​. ( ន​. ) គ្រឿង​ដឹកនាំ​, គ្រឿង​នាំ​បន្ទុក​ទៅមក​, គ្រឿង​សម្រាប់​ជិះ ដូច​យ៉ាង​រទេះ​, រថ​, ទូក ជាដើម : ជិះ​យាន​, ទៅដោយ​យាន ។ យានជំនិះ យាន សម្រាប់​ជិះ ។ យានដ្ឋាន (​យា​-​ន័ត​-​ឋាន​) កន្លែង​ដាក់​យាន​, កន្លែង​សំចត​យាន ។ យានពាហនៈ ឬ យានវាហនៈ (​ម​. ព​. ពាហនៈ​) ។

​យ៉ាង ( ន​. ) បែប​, ទំនង​, មុខ​, ភាព : មាន​ច្រើនយ៉ាង ។ យ៉ាងខ្ញុំ បែប​ខ្ញុំ​, ឯខ្ញុំ ។ យ៉ាងដូច ឬ ដូច​យ៉ាង​, បែប​ដូច ឬ​ដូច​បែប​, ដូចជា ។ យ៉ាងណា បែបណា​, ទំនង​ណា​, ភាព​ណា​, មុខ​ណា ។ យ៉ាងនេះ បែបនេះ​,…​។ យ៉ាងម៉េច ? ដូចម្តេច ? ។ យ៉ាងហ្នឹង បែប​ហ្នឹង​….. ។​ល​។

​យល់សប្ត –​សប់ សំ​. បា​. ( កិ​. ) (​សុប្ត ឬ សុ​ប្តិ​; សុ​ត្ត ឬ សុ​ត្តិ ជា​គុ​. ឬ​ន​. “​ដែល​ដេក លក់​; ដំណើរ​ដេកលក់​”) ដេកលក់​ឃើញ​អារម្មណ៍​ផ្សេងៗ (​ម​. ព​. យល់សប្ន ផង​) ។ យល់សប្តិ​

​យល់ ( កិ​. ) ឃើញ​ដោយ​ប្រាជ្ញា​, គិត​ឃើញច្បាស់ : យល់​ការខុសត្រូវ ។ យល់ចិត្ត ឃើញ​ជ្រៅ​ដល់​ទឹកចិត្ត ។ យល់ព្រម ព្រម​តាម​, អនុលោម​តាម​, ឃើញ​ត្រូវ​ជាមួយ ។ យល់មុខ យោគយល់​ឬ​អត់ ឱន​ដោយ​ឃើញថា​មានមុខ​មានឈ្មោះ​, រើសមុខ : ឲ្យ​ដោយ​យល់មុខ​, លម្អៀង​ព្រោះ​យល់មុខ ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​