អាមេរិក​កាត់​ផ្តាច់ជំនួយ​ទៅ​ប៉ា​គី​ស្ថាន​ដោយសារតែ​បរាជ័យ​ក្នុងការ​ដោះស្រាយ​ភេរវកម្ម​

565
ចែករម្លែក

បូករួមទាំងការកាត់ជំនួយកាលពីមុន ចំនួនប្រាក់ជំនួយសរុបដែលត្រូវអាមេរិកកាត់ផ្តាច់ទៅអោយប៉ាគីស្ថានមានចំនួន៨០០លានដុល្លារ។

ក្រសួងការពារជាតិអាមេរិកបានលុបចោលជំនួយប្រមាណ៣០០លានសំរាប់ប៉ាគីស្ថានដោយសំអាងថារដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាតបរាជ័យនៅក្នុងការដោះស្រាយជាមួយពួកភេរវករនៅលើទឹកដីរបស់ខ្លួនដោយម៉ឺងម៉ាត់។

អ្នកនាំពាក្យក្រសួងវរសេនីយ៍ទោ ខូន ហ្វោលនឺ បាននិយាយថា “ដោយសារប៉ាគីស្ថានខ្វះចំណាត់ការដាច់ខាតនៅក្នុងការគាំទ្រយុទ្ធសាស្រ្តអាស៊ីខាងត្បូង លុយសេសសល់៣០០លានដុល្លារត្រូវបានរៀបចំកម្មវិធីឡើងវិញ”។

មុននេះក្នុងឆ្នាំ២០១៨នេះដែរ អាមេរិកបានដកហូតជំនួយតំលៃ៥០០លានដុល្លារ ដែលធ្វើអោយជំនួយដែលត្រូវកាត់ផ្តាច់សរុបមានចំនួន៨០០លាន។

ការប្រកាសនេះបានកើតឡើងប៉ុន្មានខែក្រោយពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានវាយប្រហាររិះគន់ប៉ាគីស្ថានថាផ្តល់រង្វាន់ដល់ប្រទេសដែល”មិនបានធ្វើអ្វីក្រៅតែពីភូតភនិងបោកប្រាស់” ទោះជាអាមេរិកបានផ្តល់ជំនួយជាថ្មី។អាមេរិកចោទប្រកាន់ប៉ាគីស្ថានថា ផ្តល់ជម្រកសុវត្ថិភាពដល់ពួកភេរវករនិងពួកសកម្មប្រយុទ្ធដែលកំពុងធ្វើសង្រ្គាមអស់១៧ឆ្នាំមកហើយនៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្បែរនោះ ជាការចោទប្រកាន់ដែលរដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាតបានច្រានចោល។

ពួកអ្នកជំនាញកត់សំគាល់ថា ការសំរេចចិត្តរបស់អាមេរិកនេះនឹងដាក់សម្ពាធលើផ្នែកសន្តិសុខរបស់ប៉ាគីស្ថាន ចំពេលសេដ្ឋកិច្ចរបស់ប្រទេសនេះបន្តត្រដាបត្រដួស ហើយអាចបង្ខំអោយប៉ាគីស្ថានងាកទៅរកជំនួយលុយពីអង្គការIMFដើម្បីសងបំណុលសន្ធឹកសន្ធាប់ទៅចិនដែលបានកសាងហេដ្ឋារចនាសម្ពន្ធជាច្រើននៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ៕ដោយ៖វាសនា