អាមេរិក​កាន់តែ​ក្លាយជា​សត្រូវ​សាធារណៈរ​បស់​ពិភពលោក​!

965

​ដូ​ណា​ល់ ត្រាំ ជាថ្មីទៀត បានធ្វើអោយ​ពិភពលោក​ចាប់អារម្មណ៍​កាលពី​ថ្ងៃ​អង្គារ​ទី​១៩​មិថុនា នៅពេល​សហរដ្ឋអាមេរិក​បានប្រកាស​ដកខ្លួន​ចេញពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​​របស់​អង្គការសហប្រជាជាតិ​(UNHRC)​។​ដោយ​ជ្រោង​ទង់​”​អាមេរិក​អាទិភាព​” ស្ទីល​គ្រប់គ្រង​របស់​ត្រាំ​ហាក់​ដើរ​តាម​ទំរង់​ជាក់លាក់​មួយ​គឺ​៖​ការខ្វែងគំនិត​គ្នា​តិចតួច​នាំអោយ​​គាត់​ដើរចេញ ឬ គំរាម​ដើរ​ចេញពី​ក្របខណ្ឌ​ពហុភាគី​ជាច្រើន​។​

​ត្រាំ​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស កិច្ចព្រមព្រៀង​ស្តីពី​ភាពជា​ដៃគូ​កាត់​ប៉ាស៊ីហ្វិក អង្គការ​UNESCO​និង​កិច្ចព្រមព្រៀង​អ៊ីរ៉ង់ ជាហេតុ​នាំអោយ​​សម្ពន្ធមិត្ត​របស់លោក​និង​សហគមន៍​អន្តរជាតិ​ស្រឡាំងកាំង​។​

​ហេតុអ្វី​អាមេរិក​ចាក​ចេញពី​UNHRC?

​អាមេរិក​បាន​រិះគន់​UNHRC​យូរ​មកហើយ​ចំពោះ​ការអនុម័ត​សេចក្តីសំរេចចិត្ត​ប្រឆាំង​អ៊ីស្រាអែល ដោយ​ចោទ​អង្គការ​នេះ​ថា​”​លម្អៀង​ប្រឆាំង​អ៊ីស្រាអែល​ជាប្រចាំ​”​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ពហិការ​វេទិកា​នេះ​អស់​៣​ឆ្នាំ​ក្រោម​អាណត្តិ​ប្រធានាធិបតី ច​ច ដាប់​ប​ល​យូ ប៊ូ​ស និង​ទើបតែ​ចូល​វិញ​ពេល​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ចូល​​កាន់តំណែង​នៅ​ឆ្នាំ​២០០៩​។​ពេលនេះ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​លោកស្រី និក​គី ហា​ឡី បាន​និយាយថា​”​យូរ​មកហើយ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​​មួយ​នេះ​ជា​អ្នកការពារ​អ្នករំលោភ​សិទ្ធិមនុស្ស និង​ជា​អណ្តូងទឹក​ស្អុយ​មួយ​នៃ​ការ​លម្អៀង​នយោបាយ​”​។​

​ការសំរេចចិត្ត​នេះ​ពាក់ព័ន្ធ​នឹង​អំពើ​របស់​ត្រាំ ដែល​បានទទួល​ស្គាល់​ក្រុង​ហ្សេ​រុយ​សា​ឡឹម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល ដោយ​មិន​ខ្វល់​ការផ្ទុះ​កំហឹង​។​នៅ​ហ្កា​ហ្សា ជន​ប៉ា​ឡេ​​ស្ទី​ន​ជាង​មួយ​នាក់​ត្រូវបាន​ទាហាន​អ៊ីស្រាអែល​សម្លាប់​។​ជាមួយនឹង​ការស្លាប់​មនុស្ស​ច្រើន​ដូច្នេះ UNHRC​បាន​អំពាវនាវ​អោយមាន​ការស៊ើបអង្កេត​មួយ ជាហេតុ​នាំអោយ​​ទាំង​អាមេរិក​និង​អ៊ីស្រាអែល​ខឹង​។​លោកស្រី​ហា​ឡី បាន​រិះគន់​អង្គការសហប្រជាជាតិ​និង​បាន​ពណ៌នា​ការស៊ើបអង្កេត​នេះ​ថា​ជា​អំពើ​បំបាក់មុខ​អ៊ីស្រាអែល​។​

​មិន​ដូច​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ទេ នៅក្នុង​UNHRC​មិនមាន​សិទ្ធិ​វ៉េតូ​ប្រឆាំង​និង​មិនអាច​រារាំង​បញ្ឈប់​ការស៊ើបអង្កេត​ណាមួយ​លើ​អំពើ​របស់​អ៊ីស្រាអែល​។​​អ្វីដែល​ធ្វើអោយ​ត្រាំ​កាន់តែ​ច្រឡោតខឹង​ថែមទៀត​នោះ​គឺថា​UNHRC បាន​និយាយ​អំពី​គោលនយោបាយ​របស់​សហ​រដ្ឋ​អាមេរិក​។​

​អំពី​ផែនការ​របស់លោក​ប្រឆាំងនឹង​អន្តោប្រវេសន៍​ខុសច្បាប់​មន្ត្រី​របស់លោក​បាន​បំបែក​កូនក្មេង​ជាង​២.០០០​នាក់​ចេញពី​ឪពុកម្តាយ​របស់​ពួកគេ​នៅ​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ច ជាហេតុ​នាំអោយមាន​ប្រតិកម្ម​រិះគន់​មកពី​គ្រប់ទិសទី​សូម្បីតែ​ក្នុង​គ្រួសារ​របស់លោក​ផ្ទាល់​។​

​ជំទាវ​ទី​១ មេ​ឡា​នៀ ត្រាំ បាន​និយាយថា លោកស្រី​”​ស្អប់​មិន​ចង់ឃើញ​ក្មេងៗ​ត្រូវបាន​គេ​បំបែក​ចេញពី​គ្រួសារ​របស់គេ​ទេ​”​និង​”​ជឿថា​យើង​ត្រូវការ​ប្រទេសមួយ​ដែល​អនុ​​វត្ត​ច្បាប់​ទាំងអស់ តែ​ក៏​ជា​ប្រទេស​ដែល​គ្រប់គ្រង​ដោយ​បេះដូង​”​។​

“​ខ្ញុំ​នឹងធ្វើ​អ្វីដែល​ខ្ញុំ​ចង់​ធ្វើ​” ជា​ស្ទីល​របស់​ត្រាំ មិន​ខ្វល់​ប្រទេស​ណា​និយាយ​ឬ​ធ្វើ​អ្វី “​ខ្ញុំ​អត់​ខ្វល់​!”​។ ពិនិត្យមើល​អ្វីដែល​គាត់​បានធ្វើ​ចាប់​តាំង​ចូលកាន់​តំណែង​។​ត្រាំ​ឈ្លោះ​​ជាមួយ​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ច​តាម​ទូរស័ព្ទ លោក​រិះគន់​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ក្នុងអំឡុង​ហៅ​ទូរស័ព្ទ លោក​ធ្វើជា​មិនឃើញ​ការ​លូក​ចាប់ដៃ​ពី​សំណាក់​អធិការបតី​អា​ល្លឺ​​ម៉​ង់ អ៊ែន​ជេ​ឡា មឺ​គែល​។​

​ថ្មីៗ​នេះ លោក​បាន​ចាក​ចេញពី​កិច្ចប្រជុំ​G7 មុន​គេឯង​និង​ថែមទាំង​វាយប្រហារ​រិះគន់​នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ ដោយ​ចោទប្រកាន់​លោក​ថា​”​ខ្សោយ​និង​​មិន​ស្មោះ​”​។​

អធិកា​ប​តី​អាល្លឺម៉ង់ អង់​ហ្គេ​ឡា មឺ​គែល និយាយ​ទៅកាន់​ប្រធានាធិបតី​អាមេរិក ក្នុងអំឡុង​ជំនួប​កំ​ពុល​G7​នៅ​កាណាដា​កាល​ពិ​ថ្ងៃ​៩​មិថុនា​

​នៅ​សប្តាហ៍​នេះ​លោក​បាន​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​អាល្លឺម៉ង់ និង​ប្រឈម​នឹង​លោកស្រី​មឺ​គែល​។​លោក​ថា​គោលនយោបាយ​អន្តោប្រវេសន៍​បើកទ្វារ​របស់​មឺ​គែល​​បាន​បង្កើន​បទឧក្រិដ្ឋ​នៅ​អាល្លឺម៉ង់ តែ​តាមពិត​ទិន្នន័យ​បង្ហាញ​ភាពផ្ទុយ​។​

​មឺ​គែល​បាន​ព្រមាន​ថា ទស្សនវិស័យ​អាមេរិក​បាន​ផ្លាស់ប្តូរ និង​ថា អឺរ៉ុប​ត្រូវតែ​ពឹង​លើ​ខ្លួនឯង​។​

​កាលពីមុន បណ្តា​ប្រទេស​លោកខាងលិច​បាន​បិទ​ភ្នែក​របស់​ពួកគេ​ចំពោះ​ទង្វើ​របស់​អាមេរិក ទោះជា​យ៉ាងណា ការ​វាយ​ពន្ធ​ដែល​ថែប​និង​អាលុយមីញ៉ូម​របស់​រដ្ឋ​ការ​ត្រាំ​​វា​ប៉ះពាល់​ផលប្រយោជន៍​របស់គេ​ផ្ទាល់​ជាហេតុ​នាំអោយ​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​២២​មិថុនា​បាន​ចាត់វិធានការ​តប​ដោយ​វាយ​ពន្ធ​លើ​ទំនិញ​អាមេរិក​មួយចំនួន​វិញ​៕

​ប្រែ​សម្រួល​ពី​cgtn.comដោយ​៖ វាសនា​