អាមេរិក​កោះហៅ​តំណាង​របស់ខ្លួន​មកពី​បណ្តា​ប្រទេស​អាមេរិក​ឡាទីន​ដែល​កាត់ផ្តាច់​ទំនាក់​ទំនងជា​មួយ​តៃវ៉ាន់​

2783
ចែករម្លែក

សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រទី៧កញ្ញា បានកោះហៅតំណាងរបស់ខ្លួនប្រចាំនៅប្រទេសនៅអាមេរិកឡាទីនចំនួន៣ដែលទើបបានប្តូរទំនាក់ទំនងការទូតពីកោះតៃវ៉ាន់ទៅមហាចិនដីគោក ដោយថាខ្លួននឹងធ្វើការប្រឹក្សាយោបល់ជាមួយពួកអ្នកការទូតទាំងនេះ។

ចំណាត់ការនេះត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកាលពីខែមុនបានចោទប្រកាន់រដ្ឋាភិបាលចិនថាធ្វើអោយបាត់បង់ស្ថិរភាពទំនាក់ទំនងកាត់ច្រកសមុទ្រនិងចូលពាក់ព័ន្ធក្នុងយុទ្ធនាការ”អន្តរាគមន៍នយោបាយ”ដោយប្រមាញ់សម្ពន្ធមិត្តតៃវ៉ាន់នៅអឌ្ឍគោលខាងលិច។

សេចក្តីថ្លែងការណ៍មួយបាននិយាយកាលពីថ្ងៃសុក្រទី៧កញ្ញាថា” ក្រសួងការបរទេសបានហៅត្រឡប់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំសាធារណរដ្ឋដូមីនិក,អែល សាល់វ៉ាឌ័រនិងភារធារីអាមេរិកប្រចាំប៉ាណាម៉ា។ប្រធានបេសកកម្មទាំងបីរបស់យើងនឹងជួបប្រជុំជាមួយមេដឹកនាំអាមេរិកដើម្បីពិភាក្សាអំពីវិធីដែលអាមេរិកអាចគាំទ្រស្ថាប័ននិងសេដ្ឋកិច្ចប្រជាធិបតេយ្យ ឯករាជ្យរឹងមាំនៅទូទាំងអាមេរិកកណ្តាលនិងតំបន់ការ៉ាអ៊ីប”។

កោះតៃវ៉ាន់និងចិនបានប្រឡូកក្នុងភាពប្រទាញប្រទង់ការទូតអស់ពេលរាប់ឆ្នាំមកហើយនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ជាមួយនឹងការគាំទ្រសេដ្ឋកិច្ច និងជំនួយផ្សេងៗជាការតថ្លៃសំរាប់ការទទួលស្គាល់ផ្នែកការទូត។

រដ្ឋាភិបាលក្រុងប៉េកាំងមើលឃើញកោះប្រជាធិបតេយ្យដែលគ្រប់គ្រងដោយខ្លួនឯងនេះ ជាផ្នែកនៃទឹកដីរបស់ខ្លួន ដែលនឹងនាំមកចូលជាមួយមហាចិនដីគោកវិញនៅថ្ងៃណាមួយ ហើយមិនបានច្រានចោលការប្រើកម្លាំងឡើយក្នុងការបង្រួបបង្រួមទឹកដីដូច្នេះ។

សូមបញ្ជាក់ថា ទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងតៃប៉ិះនិងប៉េកាំងកាន់តែអាក្រក់ឡើងចាប់តាំងពីលោកស្រីសាយ អ៊ិងវេន ឡើងកាន់តំណែងប្រធានាធិបតីតៃវ៉ាន់នៅឆ្នាំ២០១៦ដោយសាររដ្ឋាភិបាលរបស់លោកស្រីមិនទទួលស្គាល់ថាតៃវ៉ាន់ជាផ្នែកនៃគោលនយោបាយ”ចិនមួយ”៕ដោយ៖វាសនា

អ្នកយាមបិទទ្វាររបងស្ថានបេសកកម្មតៃវ៉ាន់នៅអែល សាល់វ៉ាឌ័រ កាលពីខែសីហាឆ្នាំ២០១៨