អាមេរិក​ខ្លាចរអា​ប្រព័ន្ធ​កាំជ្រួច​ការពារ​ដែនអាកាស​ដែល​អាច​បាញ់​ទម្លាក់​យន្តហោះ​៨០​នៅ​ចម្ងាយ​៤០០​គ​.​ម​ក្នុងពេល​តែមួយ​

992

​រុស្ស៊ី​បាន​ព្រមាន​បាញ់​ទម្លាក់​កាំជ្រួច​អាមេរិក​ណា​ដែល​នឹង​ត្រូវ​បាញ់​សំដៅ​ស៊ី​រី ដោយ​ប្រើ​ប្រព័ន្ធ​កាំជ្រួច​ប្រឆាំង​យន្តហោះ​ដ៏​ទំនើប​របស់​ខ្លួន ចំ​ពេល​ភាព​តានតឹង​ចេះ​​តែ​កើន​ឡើង​រវាង​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​និងក្រុង​វ៉ាស៊ីនតោន​។​

​របប​របស់​ជន​ផ្តាច់ការ បាស​សា អាល់​-​អា​សាត ត្រូវបាន​ការពារ​ដោយ​កាំជ្រួច​គួរអោយខ្លាច​S-400​នៅក្នុង​”​បំពង់​ដែកថែប​” នៅ​ជុំវិញ​ប្រទេស​ស៊ី​រី​។​ប្រព័ន្ធ S-400​ដ៏​ទំនើប​​របស់​រុស្ស៊ី​នេះ ត្រូវបាន​ផលិតឡើង​សំរាប់​បំផ្លាញ​យន្តហោះ កាំជ្រួច​បណ្តែត​និង​កាំជ្រួច​ផ្លោង រួម​មាន​កាំជ្រួច​រយៈ​ចម្ងាយ​មធ្យម និង​ក៏​អាច​ប្រើ​ប្រឆាំង​គោលដៅ​លើ​ដី​ផង​​ដែរ នេះ​បើ​តាម​ការបញ្ជាក់​ពី​ជំនាញការ​រុស្ស៊ី​។​

S-400​ត្រូវបាន​ដាក់ពង្រាយ​ជា​លើកដំបូង​នៅ​ស៊ី​រី​ក្នុង​ឆ្នាំ​២០១៥​ជាមួយនឹង​រយៈ​ចម្ងាយ​ហោះ​បាន​៤០០​គីឡូម៉ែត្រ​ដែល​អាច​ធានា​ការការពារ​នៅ​លើ​ប្រទេស​ស៊ី​រី​ភាគ​​ច្រើន​។​វា​អាច​បាញ់​គោលដៅ​៨០​ក្នុងពេល​តែមួយ និង​អាច​ហោះ​ក្នុង​ល្បឿន​ជាង​១៦.០០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​រុស្ស៊ី​ក៏​សង្ឃឹម​លក់​សព្វាវុធ​នេះ​អោយ​តួ​ក​គី​និង​អ៊ីរ៉ង់ ហើយ​ជោគជ័យ​ណា​មួយ​លើ​សព្វាវុធ​អាមេរិក វារឹតតែ​ជួយ​អោយ​លក់​ប្រព័ន្ធ​កាំជ្រួច​មួយឈុត​តំលៃ​៤០០​លាន​​ដុល្លារ​នេះ​កាន់តែ​លឿន​។​

​ប្រព័ន្ធ​ការពារ​អាកាស​ស៊ី​រី ត្រូវ​គេ​ដឹង​ថា​រង​ការខូចខាត​ធ្ងន់ធ្ងរ តែ​រុស្ស៊ី​បាន​ដាក់​តាំង​ប្រព័ន្ធ S-400​នៅ​ស៊ី​រី​ជាង​មួយ​ឆ្នាំ​មកហើយ​។​រុស្ស៊ី កាលពី​ដំបូង​បាន​បញ្ជូន​ប្រព័ន្ធ​កាំ​​ជ្រួច​នេះ​ចូល​ស៊ី​រី​ដើម្បី​រារាំង​តួ​ក​គី នៅ​ពេល​ប្រទេស​ទាំង​ពីរ​មាន​ភាព​តានតឹង​ខាង​ការទូត​ក្រោយ​យន្តហោះ​តួ​ក​គី​បាញ់​ទម្លាក់​យន្តហោះ​ប្រយុទ្ធ​មួយ​របស់​រុស្ស៊ី​នៅលើ​​ព្រំដែន​ស៊ី​រី​កាលពី​ឆ្នាំ​២០១៥​។​

​ប្រភព​យោធា​បាន​និយាយថា ការវាយប្រហារ​ណាមួយ​ដោយ​អាមេរិក អង់គ្លេស​និង​បារាំង​លើ​ស៊ី​រី អាច​ចេញ​ពី​ចម្ងាយ​មាន​សុវត្ថិភាព​មួយ​ដើម្បី​កុំអោយ​យន្តហោះ​ត្រូវ​​បាញ់​ទម្លាក់​។​ទោះជា​យ៉ាងណា អ្នកនាំពាក្យ​ក៏ដូចជា​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​បាន​ព្រមាន​ថា កាំជ្រួច​អាមេរិក​ដែល​នឹង​ត្រូវ​បាញ់​សំដៅ​ស៊ី​រី​នឹងត្រូវ​បាញ់​ទម្លាក់​ហើយ​ប្រភព​នៃ​​ការវាយប្រហារ​ដោយ​កាំជ្រួច​ក៏​ជា​គោលដៅ​ផងដែរ​៕​ដោយ​៖​វាសនា​