អាមេរិក​ចង់បាន​ចំណាត់ការ​មាំទាំ​ពី​ចិន​ក្នុង​រយៈពេល​៩០​ថ្ងៃ​

193

សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃចន្ទទី៣ធ្នូថាខ្លួននឹងត្រូវការ«អ្វីមួយមាំទាំ»មកពីចិននៅក្នុងរយៈពេល៩០ថ្ងៃដើម្បីស្ថាបនាកិច្ចព្រមព្រៀងជាក់លាក់មួយអំពីពាណិជ្ជកម្ម ។ការបញ្ចេញការទាមទារនេះកើតឡើង២ថ្ងៃក្រោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងសមភាគីចិន លោកស៊ី ជីនពីងបានជួបគ្នានិងព្រមព្រៀងផ្អាកការបន្ថែមសង្រ្គាមវាយពន្ធរវាងមហាអំណាចទាំង២ដើម្បីទុកពេលចរចាគ្នា។

រដ្ឋមន្រ្តីរតនាគារអាមេរិកលោក ស្ទេវិន ម្នូជីន បានប្រាប់សារព័ត៌មានCNBCថា អាមេរិកនិងចិនបានធ្វើការពិភាក្សាពិសេសណាស់នៅក្រុងប៊ុយណូហ្សែរកាលពីថ្ងៃសៅរិ៍ស្តីពីវិធានការកាត់បន្ថយជម្លោះរវាងប្រទេសទាំងពីរ ដែលពាក់ព័ន្ធពាណិជ្ជកម្មទ្វេភាគីតំលៃរាប់រយពាន់លានដុល្លារ។

ចំណែកទីប្រឹក្សាសេដ្ឋកិច្ចសេតវិមានលោកឡារី គុតឡូវ បាននិយាយថា លោករំពឹងថាពន្ធពិន័យ២៥ភាគរយលើទំនិញកសិផលអាមេរិកនឹងត្រូវដកចេញហើយបានអំពាវនាវដល់ចិនអោយចាត់វិធានការបន្ទាន់ដើម្បីអនុវត្តការសន្យារបស់ខ្លួន។

លោកម្នូជីនបាននិយាយថា«មានការសន្យាដ៏សំខាន់មួយមកពីមេដឹកនាំទាំង២លើអ្វីដែលត្រូវធ្វើក្នុងរយៈពេល៩០ថ្ងៃ និងការណែនាំអោយក្រុមទាំងពីរចរចារកកិច្ចព្រមព្រៀងជាក់ស្តែងមួយ»។

រដ្ឋមន្រ្តីរតនាគារអាមេរិក(ស្តាំទី២)ក្នុងគណៈប្រតិភូអាមេរិកចូលរួមពិភាក្សាជាមួយចិននៅអាហ្សង់ទីន

ក្រោយជំនួបពិភាក្សាត្រាំ-ស៊ីនៅក្រៅកិច្ចប្រជុំG20កាលពីចុងសប្តាហ៍ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានយល់ព្រមផ្អាកការយកពន្ធ២៥ភាគរយលើទំនិញចិនតំលៃ២០០ពាន់លានដុល្លារចាប់ពីថ្ងៃ០១មករាឆ្នាំ២០១៩ ដោយរក្សាទុកនៅអត្រា១០ភាគរយដដែល។ជាថ្នូរមកវិញ ចិនត្រូវទិញទំនិញកសិកម្ម ថាមពល ឧស្សាហកម្មនិងផលិតផលដទៃទៀតពីអាមេរិកក្នុងបរិមាណច្រើនបំផុត។

ក្នុងការប្រកាសមួយតាមបណ្តាញសង្គមកាលពីយប់ថ្ងៃអាទិត្យ លោកត្រាំក៏បាននិយាយថា ចិននឹងបន្ថយឬដកចេញពន្ធ៤០ភាគរយលើរថយន្តនាំចូលពីអាមេរិក តែទោះជាយ៉ាងណាចិននៅមិនទាន់បញ្ជាក់អះអាងនៅឡើយទេលើបញ្ហាពន្ធរថយន្តអាមេរិកនេះ។

សូមបញ្ជាក់ថា ឱនភាពពាណិជ្ជកម្មរបស់អាមេរិកជាមួយចិនមានចំនួន៣៣៥ពាន់លានដុល្លារកាលពីឆ្នាំមុន ដូច្នេះការបន្ថយឱនភាពជាគោលដៅពិសេសមួយរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន៕ដោយ៖វាសនា