អាមេរិក​ចង្អុល​ដាក់​អ៊ីរ៉ង់​ចំពោះ​ការវាយប្រហារ​នាវា​ដឹក​ប្រេង​នៅ​ឈូង​សមុទ្រ​ពែ​ក្ស តែ​បន្ថយ​សំឡេង​សម្លុត​កំហែង​

370
ចែករម្លែក

​រដ្ឋបាល​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​បាន​ចោទប្រកាន់​កាលពី​ថ្ងៃ​អង្គារ​ទី​២១​ឧសភា​ថា វា “​ពិតជា​អាចទៅរួច​” ដែលថា​អ៊ីរ៉ង់​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការបំផ្លិចបំផ្លាញ​ផលប្រយោជន៍​ប្រេង​នៅ​ឈូង​សមុទ្រ​ពែ​ក្ស ប៉ុន្តែ​បាន​និយាយថា ការឆ្លើយតប​ដ៏​រឹងមាំ​របស់ខ្លួន​បាន​ទប់ស្កាត់​លទ្ធភាព​វាយប្រហារ​មកលើ​អាមេរិក​។​

​ពួក​មន្ត្រីជាន់ខ្ពស់​រប​ស់លោក​ត្រាំ​ហាក់ដូចជា​កំពុង​បន្ថយ​សំឡេង​ព្រមាន​ដ៏​ក្តៅគគុក​ជាច្រើន​សប្តាហ៍​ទៅលើ​អ៊ីរ៉ង់ មុនពេល​ផ្តល់នូវ​ព័ត៌មាន​សម្ងាត់​ទៅកាន់​ស​ភា​ពេញអង្គ កន្លែង​ដែល​គណបក្សប្រឆាំង​គឺ​បក្ស​ប្រជាធិបតេយ្យ​បាន​ចោទប្រកាន់ថា រដ្ឋបាល​ត្រាំ​បាន​ឃោសនា​បំផ្លើស​អំពី​ការស៊ើបអង្កេត​សម្ងាត់​និង​ជំ​រុញឱ្យ​សហរដ្ឋអាមេរិក​ខិតជិត​សង្គ្រាម​ដ៏​គ្រោះថ្នាក់​។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​លោក ម៉ៃ ផ​ម​ផេ​វ បាន​និយាយថា សហរដ្ឋអាមេរិក​មិនអាច​ធ្វើ “​សេចក្តីសន្និដ្ឋាន​ច្បាស់លាស់​” ដែល​អាច​បង្ហាញ​ជា​សាធារណៈ​អំពី​ការបំផ្លិចបំផ្លាញ​នាវា​ដឹក​ប្រេង​ពី​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​ឬ​ការវាយប្រហារ​ដោយ​យន្តហោះ​ដ្រូ​ន​មកលើ​បំពង់​បង្ហូរ​ប្រេង​មួយ​នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ទេ​។​

​លោក​ផ​ម​ផេ​វ​បាន​និយាយប្រាប់​ពិធីករ​វិទ្យុ​អភិរក្សនិយម​មួយ​គឺ​លោក​យូ​ច ហេ​វីត (Hugh Hewitt) មុនពេល​ធ្វើដំណើរ​ទៅកាន់​វិមាន​កា​ពី​តូ​ល​ហ៊ីល​ថា “​ប៉ុន្តែ​ដោយហេតុថា​ជម្លោះ​ក្នុង​តំបន់​ដែល​យើង​បានឃើញ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​និង​រូបរាង​នៃ​ការវាយប្រហារ​ទាំងនេះ វា​ហាក់ដូចជា​អាចទៅរួច​ណាស់​ដែលថា​អ៊ីរ៉ង់​នៅ​ពីក្រោយ​ការវាយប្រហារ​ទាំងនេះ​”​។​

​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​របស់​យេ​ម៉ែន​ដែលជា​សម្ព័ន្ធមិត្ត​ជាមួយ​អ៊ីរ៉ង់​និង​កំពុង​រង​ការវាយប្រហារ​ខ្លាំងក្លា​ដោយ​ការវាយប្រហារ​តាម​អាកាស​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​បានទទួល​ខុសត្រូវ​កាលពី​សប្តាហ៍​មុន​ចំពោះ​ការវាយប្រហារ​ដោយ​យន្តហោះ​ដ្រូ​ន​ទៅលើ​បំពង់​បង្ហូរ​ប្រេង​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​បង្ខំ​ឱ្យ​បិទ​វា​ជា​បណ្ដោះអាសន្ន​។​

​លោក​ច​ន បូល​តុ​ន ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់លោក​ត្រាំ កាលពី​ដើមខែ​នេះ​បាន​ព្រមាន​អំពី “​ការវាយប្រហារ​ឥត​ស្រាកស្រាន្ត​” ប្រសិនបើ​អ៊ីរ៉ង់​វាយប្រហារ​លើ​ផលប្រយោជន៍​របស់​អាមេរិក ខណៈ​លោក​បានប្រកាស​ដាក់ពង្រាយ​ក្រុម​ប្រយុទ្ធ​របស់​នាវា​ផ្ទុក​យន្តហោះ​ទៅកាន់​តំបន់ ជាមួយ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 គឺ​បញ្ជូន​ទៅតាម​ក្រោយ​៕ ដោយ៖ កញ្ញាដាលីស

លោក​ម៉ៃ ផ​ម​ផេ​វ មកដល់​សភា​សម្រាប់​ការផ្តល់​ព័ត៌មាន​សម្ងាត់​នៅក្នុង​បន្ទប់​បិទ​ជិត