អាមេរិក​ចាក​ចេញពី​សន្ធិសញ្ញា​INF ទំនងជា​សំដៅ​ចិន​ច្រើនជាង​រុស្ស៊ី​

622
ចែករម្លែក
  • 1K
    Shares

​ហេតុផល​ដែល​អាមេរិក​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​កងកម្លាំង​កម្លាំង​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម (INF)​ឆ្នាំ​១៩៨៧​អាច​មិន​ពាក់ព័ន្ធ​ច្រើន​នឹង​ការរំលោភ​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​​លើ​សន្ធិសញ្ញា​នេះ​ដូចដែល​អាមេរិក​បាន​ចោទប្រកាន់​នោះទេ នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកចេះដឹង​មួយចំនួន​។​

​បើតាម​លោក​រ៉ា​ចេស​វ៉ា​រី ពី​ល​ឡាយ ប្រធាន​មូលនិធិ​សិក្សា​ស្រាវជ្រាវ​គោលនយោបាយ​អវកាស​និង​នុយគ្លេអ៊ែរ ហេតុផល​ជំរុញ​ចំបង​នៅ​ពីក្រោយ​ការសំរេចចិត្ត​របស់​​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ ក្នុងការ​ដកខ្លួន​ចេញពី​INF គឺថា ចិន​មិនជា​អ្នកចូលរួម​អនុវត្ត​សន្ធិសញ្ញា​នេះ​។​

​និយាយ​ទៅកាន់​សារព័ត៌មាន​រុស្ស៊ី លោក​ពី​ល​ឡាយ បានចង្អុលបង្ហាញ​ថា​ទាំង​រុស្ស៊ី​និង​អាមេរិក​បាន​ចោទប្រកាន់​គ្នា​ម្តង​ហើយ​ម្តង​ទៀតថា​រំលោភ​សន្ធិសញ្ញា​INF តែ​«​បញ្ហា​​ពិតជា​មួយ​INF​គឺ​មិន​សំខាន់​ខ្លាំង​លើ​ការរំលោភ​របស់​រុស្ស៊ី​ឬ​អាមេរិក​ទេ តែ​ចិន​នៅក្រៅ​វា​»​។​

​បើតាម​លោក​ពី​ល​ឡាយ នៅពេល​អាមេរិក​ដកខ្លួន​ចេញពី​សន្ធិសញ្ញា «​ខ្លួន​ទំនងជា​អភិវឌ្ឍ​កាំជ្រួច​ចម្ងាយ​មធ្យម​ថ្មី សំខាន់​ដើម្បី​ទប់ទល់​នឹង​ចិន​»​។​

​ចំណែក​អតីត​នាយសេនាធិការ​កងទ័ព​រុស្ស៊ី លោក យូ​រី បា​លូ​អេ​វ​ស្គី ក៏បាន​ប្រាប់​សារព័ត៌មាន​ដដែល​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ទំនងជា​ដាក់តាំង​កាំជ្រួច​នៅ​ជប៉ុន​​និង​កូរ៉េខាងត្បូង សំដៅទៅ​ចិន​ដោយផ្ទាល់ បើ​ខ្លួន​ចាក​ចេញពី​INF​។​

​បា​លូ​អេ​វ​ស្គី បាន​និយាយថា​«​អាមេរិក​យល់ថា ចិន​ដើរ​ក្នុង​ល្បឿន​ដ៏​លឿន មិន​ត្រឹមតែ​ខាង​សេដ្ឋកិច្ច តែ​វិស័យ​យោធា​ផងដែរ និង​ក៏​ធ្លាប់​ស្នើអោយ​ចិន​ចូលក្នុង​សន្ធិសញ្ញា​​នេះ​ផងដែរ តែ​ចិន​នឹងមិន​ព្រម​។​ខ្ញុំ​មិន​ច្រានចោល​លទ្ធភាព​ដែលថា​ការចាប់ផ្តើម​ការតាំង​កាំជ្រួច​អាមេរិក​អាច​នៅ​អាស៊ី​បូព៌ា​សំដៅ​ទៅរក​ចិន​។​ខ្ញុំ​យល់ថា​ជប៉ុន​និង​កូរ៉េ​​ខាងត្បូង​ងាយ​បញ្ចុះបញ្ចូល​អោយ​ព្រម​ដាក់​កាំជ្រួច​ប្រឆាំង​ចិន​»​។​

​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១​កុម្ភៈ​ថា​ខ្លួន​អាច​នឹង​ចាក​ចេញពី​សន្ធិសញ្ញា​កាំជ្រួច​នុយក្លេអ៊ែរ​សម័យ​សង្គ្រាមត្រជាក់​ជា​ប្រវត្តិសាស្ត្រ​ដោយសារតែ​ការរំលោភបំពាន​ជាច្រើនលើក​ច្រើនសារ​ពី​សំណាក់​រុស្ស៊ី ។​នៅពេល​អាមេរិក​និយាយ​អំពី​កាំជ្រួច​9M729 ថា​ជា​សព្វាវុធ​រំលោភ​កិច្ចព្រមព្រៀង​មួយ រុស្ស៊ី​បាន​បដិសេធ​​និង​បានលើកឡើង​អំពី​ការដាក់​ពង្រាយ​កាំជ្រួច​បណ្តែត​Tomahawk​របស់​អាមេរិក នៅ​អឺរ៉ុប​ខាងកើត ដែល​សន្ធិសញ្ញា​ហាមឃាត់​។​

​សន្ធិសញ្ញា​INF ត្រូវបាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​១៩៨៧​ដោយ​មេដឹកនាំ​សូ​វៀត​ពេលនោះ​លោក​មី​ខា​អ៊ី​ល ហ្គ័​របា​ឆូវ និង​ប្រធានាធិបតី​អាមេរិក រ៉ូ​ណា​ល់ រី​ហ្គឹ​ន​។​មេដឹកនាំ​
​ទាំងពីរ​បាន​យល់ព្រម​បំផ្លាញចោល​រាល់​កាំជ្រួច​បណ្តែត​និង​កាំជ្រួច​ផ្លោង​បាញ់​ចេញពី​ដី ដែលមាន​ចម្ងាយ​រត់​៥០០​ទៅ​៥.៥០០​គីឡូម៉ែត្រ​៕​ដោយ​៖​វាសនា​

ទម្រ​និង​កាំជ្រួច​9M729 របស់​រុស្ស៊ី​