អាមេរិក​ចាប់ខ្លួន​ជនជាតិ​ចិន ១០ នាក់​ជុំវិញ​ផែនការ​លួច​បច្ចេកវិជ្ជា​យន្តហោះ​

610
ចែករម្លែក
  • 295
    Shares

​សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​ជនជាតិ​ចិន ១០ នាក់​រួមទាំង​មន្ត្រី​ចារកម្ម​២​នាក់​ជុំវិញ​ផែនការ​រយៈពេល​៥​ឆ្នាំ​ដើម្បី​លួច​បច្ចេកវិជ្ជា​ពី​ក្រុមហ៊ុន​ផលិត​យន្តហោះ​អាមេរិក​និង​បារាំង​តាមរយៈ​ការ​លួច​ហ៊ែ​ក (Hack) ចូលក្នុង​កុំព្យូទ័រ​របស់​ពួកគេ​។​

​ការចោទប្រកាន់​នេះ​បានកើត​ឡើង ២០ ថ្ងៃ​បន្ទាប់ពី​ក្រសួងយុត្តិធម៌​បានទទួល​ការធ្វើ​បត្យាប័ន​មន្ត្រី​ស៊ើបការណ៍​ជាន់ខ្ពស់​ចិន​ម្នាក់​ពី​ប្រទេស​បែលហ្ស៊ិក​ដើម្បី​ឡើង​សវនាការ​នៅ​សហរដ្ឋអាមេរិក​ពីបទ​បើក​ប្រតិបត្តិ​ការឧបត្ថម្ភ​ដោយ​រដ្ឋ​ដើម្បី​លួច​អាថ៌កំបាំង​ឧស្សាហកម្ម​អាកាសចរណ៍​របស់​អាមេរិក​។​

​ក្រសួងយុត្តិធម៌​អាមេរិក​បាន​និយាយថា ក្រសួង​សន្តិសុខ​រដ្ឋ​ចិន​តាមរយៈ​អង្គភាព​ខេត្ត​ជាំ​ង​ស៊ូ​របស់ខ្លួន បាន​បង្កើត​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​លួច​បច្ចេកវិជ្ជា​ដែលមាន​មូលដ្ឋាន​លើ​ម៉ាស៊ីន Turbofan ដែល​ត្រូវបាន​ប្រើ​នៅក្នុង​យន្តហោះ​អាមេរិក​និង​អឺរ៉ុប​។​

​ក្រសួង​និយាយទៀតថា ម៉ាស៊ីន​នេះ​ត្រូវបាន​បង្កើតឡើង​តាមរយៈ​ភាពជា​ដៃគូ​មួយ​រវាង​ក្រុមហ៊ុន​ផលិត​យន្តហោះ​បារាំង​មួយ​ដែលមាន​ការិយាល័យ​នៅក្នុង​ទីក្រុង​សូវ​ចូ​វ ខេត្ត​ជាំ​ង​ស៊ូ និង​ក្រុមហ៊ុន​អាមេរិក​មួយ​។​

​ក្រុមហ៊ុន​ទាំងនោះ​មិន​ត្រូវបាន​បញ្ចេញ​ឈ្មោះ​ទេ ប៉ុន្តែ​ការចោទប្រកាន់​មុនៗ​បានចង្អុលបង្ហាញ​ទៅលើ​ក្រុមហ៊ុន GE Aviation ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ស៊ីន​ស៊ីន​ណា​ទី រដ្ឋ​អូ​ហៃ​អូ ដែលជា​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន​យន្តហោះ​ឈានមុខ​គេ​មួយ​របស់​ពិភពលោក​។​

​ទន្ទឹមនឹង​នេះដែរ ក្រុមហ៊ុន Safran Group របស់​បារាំង​ដែល​កំពុងធ្វើការ​ជាមួយ​ក្រុមហ៊ុន GE Aviation លើ​ការអភិវឌ្ឍ​ម៉ាស៊ីន មាន​ការិយាល័យ​នៅក្នុង​ទីក្រុង​ស៊ូ​ចូ​វ​។​

​ប្រតិ​ប​ត្ដិ​ការ​នេះ​បានចាប់ផ្តើម​ជា​សាធារណៈ​កាលពី​ខែកញ្ញា​នៅពេលដែល​សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​វិស្វករ​អាមេរិកាំង​ដើមកំណើត​ចិន​ម្នាក់​ពីបទ​ជួយ​លួច​ឯកសារ​តាម​ការបញ្ជា​ពី​មន្ត្រីជាន់ខ្ពស់​មួយរូប​នៃ​ការិយាល័យ​សន្តិសុខ​រដ្ឋ​នៃ​ខេត្ត​ជាំ​ង​ស៊ូ​។​

​បន្ទាប់មក​នៅ​ថ្ងៃទី ១០ ខែតុលា​ក្រសួងយុត្តិធម៌​បានប្រកាសថា​ខ្លួន​បានទទួល​ការធ្វើ​បត្យាប័ន​លោក ស៊ូ យ៉ាន​ជុន នាយករង​នៃ​ការិយាល័យ​ខេត្ត​ជាំ​ង​ស៊ូ ពី​ប្រទេស​បែលហ្ស៊ិក កន្លែង​ដែល​គាត់​ត្រូវបាន​ល្បួង​និង​ចាប់ខ្លួន​នៅក្នុង​ប្រតិបត្តិការ​ប្រឆាំងនឹង​ការធ្វើ​ចារកម្ម​។​

​ការចោទប្រកាន់​កាលពី​ថ្ងៃ​អង្គារ​ទី​៣០​តុលា​បាន​បញ្ចេញ​ឈ្មោះ​មន្ត្រី​២​រូប​នៃ​ការិយាល័យ​សន្តិសុខ​រប​ស់​ខេត្ត​ជាំ​ង​ស៊ូ​ដែល​ទំនងជា​ធ្វើការ​នៅក្រោម​លោក​ស៊ូ ជន​ហ៊ែ​ក​ឃើ ៦ នាក់​ដែល​ធ្វើការ​នៅក្រោម​ពួកគេ និង បុរស​២​នាក់ ដែល​ធ្វើការ​នៅ​ក្រុមហ៊ុន​បារាំង​។​

​ករណីនេះ​បាន​បន្ថែម​ទៅលើ​ភាព​តានតឹង​ដែល​កើនឡើង​ស្រាប់​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​ក្រុង​វ៉ាស៊ីនតោន​ជុំវិញ​ភូមិសាស្ត្រ​នយោបាយ ពាណិជ្ជកម្ម ការ​ហ៊ែ​ក និង​ចារកម្ម​សាជីវកម្ម​។​

​បន្ទាប់ពី​ការចាប់ខ្លួន​លោក​ស៊ូ ចិន​បាន​និយាយថា សហរដ្ឋអាមេរិក​កំពុង “​កំពុង​បង្កើត​រឿង​ភ្ញាក់ផ្អើល​មិន​នឹកស្មាន​ដល់​”៕ ដោយ៖ កញ្ញាដាលីស

ក្រសួងយុត្តិធម៌​អាមេរិក​និយាយថា បច្ចេកវិជ្ជា​ផលិត​ម៉ាស៊ីន​យន្តហោះ​របស់​ក្រុមហ៊ុន GE Aviation ក្លាយជា​គោលដៅ​ឆ្មក់​លួច​ពី​ប្រតិបត្តិការ​ចារកម្ម​ចិន