អាមេរិក​ចាប់ផ្តើម​វាយប្រហារ​តាម​អាកាស ខណៈ​ក្រុម​តា​លី​បង់​វាយប្រហារ​ទីក្រុង​អា​ហ្វ​ហ្គា​នី​ស្ថាន​

330

កងទ័ពអាមេរិកបានចាប់ផ្តើមការវាយប្រហារតាមអាកាសនៅថ្ងៃសុក្រទី១០ខែសីហានេះដើម្បីប្រឆាំងការវាយប្រហារដ៏ធំរបស់ក្រុមតាលីបង់នៅទីក្រុងនៃខេត្តមួយរបស់ប្រទេសអាហ្វហ្គានីស្ថានដែលជាកន្លែងពួកអ្នកស្រុកភ័យរន្ធត់នៅក្នុងផ្ទះរបស់ពួកគេ ចំពេលមានការផ្ទុះនិងការបាញ់កាំភ្លើង ខណៈដែលកងកម្លាំងសន្តិសុខព្យាយាមវាយបកប្រឆាំងក្រុមឧទ្ទាមឱ្យត្រឡប់ថយទៅវិញនោះ។

ក្រុមមន្ត្រីបាននិយាយថា កងកម្លាំងសន្តិសុខពិសេសអាហ្វហ្គានីស្ថាន ត្រូវបានដាក់ពង្រាយនៅទីក្រុងGhazni បន្ទាប់ពីមានការប៉ុនប៉ងចុងក្រោយបំផុតរបស់ក្រុមតាមលីបង់ដើ​ម្បីចូលកាន់កាប់តំបន់ភាគកណ្តាលនៃទីក្រុងនេះ ដោយការវាយប្រហារនេះបានកើតឡើងស្របពេលមានការដាក់សម្ពាធទៅលើពួកឧទ្ទាមដើម្បីឱ្យធ្វើកិច្ចចរចាសន្តិភាព។

លោក Arif Noori អ្នកនាំពាក្យនៃទីក្រុងនេះ បានិយាយថា យ៉ាងតិចណាស់ទាហាអាហ្វហ្គានីស្ថានម្នាក់ត្រូវបានសម្លាប់និងមនុស្ស៧នាក់​បានរងរបួសនៅក្នុងការវាយប្រហារនេះ ។

លោកបានបន្ថែមថា​ផ្ទះជាច្រើនរបស់ប្រជាជន និងប៉ុស្តិ៍ត្រួតពិនិត្យកងទ័ពជាច្រើន បានស្ថិតនៅក្រោមការវាយប្រហារដោយកាំភ្លើងធំ ហើយ មានសាកសពរាប់សិបនាក់នៃយុទ្ធជនតាលីបង់ស្ថិតនៅតាមផ្លូវ។

លោក Farid Ahmad Mashal ប្រធាប៉ូលិសក្រុងនេះបាននិយាយថា ក្រុមតាលីបងបានចាប់ផ្តើមវាយប្រហារនេះ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយវាយប្រហារចេញពីទីតាំងមួយចំនួននៅជុំវិញទីក្រុងនេះ ។

ទោះយ៉ាងនេះក្តី សហរដ្ឋអាមេរិកបាននិយាយថា ទីក្រុងនេះបានស្ថិតនៅក្រោមការគ្រប់គ្រង ដោយរដ្ឋាភិបាលនៅឡើយទេ៕ដោយ៖សុខា/SN

ផ្សែងហុយចេញទៅលើអាកាស បន្ទាប់ពីក្រុមតាលីបង់បានចាប់ផ្តើមវាយប្រហារលើទីក្រុង Ghazni នៅថ្ងៃសុក្រទី១០ខែសីហានេះ