អាមេរិក​ចេញ​ការព្រមាន​ឱ្យ​ប្រុងប្រយ័ត្ន​ជាថ្មី​អំពី​សុខភាព​នៅ​ចិន ដោយសារ​ជំងឺ​អាថ៌កំបាំង​

1038
ចែករម្លែក

​ស្ថានទូត​អាមេរិក​នៅ​ប្រទេស​ចិន​នៅ​ថ្ងៃ​សុក្រ​ទី​៨​ខែមិថុនា​បានចេញ​សេចក្តីជូនដំណឹង​ឱ្យ​ប្រុងប្រយ័ត្ន​ជាថ្មី​អំពី​សុខភាព​សម្រាប់​ប្រជាពលរដ្ឋ​របស់ខ្លួន បន្ទាប់ពី​​បុគ្គលិក​រដ្ឋាភិបាល​អាមេរិក​ជាច្រើន​នាក់​បន្ថែមទៀត​ត្រូវបាន​ជម្លៀស​ចេញពី​ប្រទេស​នេះ ដោយសារ​ការភ័យខ្លាច​ថា​ពួកគេ​អាច​រង​ការវាយប្រហារ​ដោយ​ជំងឺ​អាថ៌​​កំបាំង​មួយ​។

​ក្រុមមន្ត្រី​អាមេរិក​បាន​បញ្ជូន​ក្រុមគ្រូពេទ្យ​ទៅកាន់​ទី​ក្វាង​ចូ​វ នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ចិន កាលពី​ខែ​មុន​បន្ទាប់ពី​និយោជិត​ម្នាក់​ដែលមាន​ការទាក់ទង​នឹង​ស្ថាន​កុងស៊ុល​​នៅ​ទីនោះ ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​រកឃើញ​ជំងឺ​រលាក​ខួរក្បាល​(brain trauma) បន្ទាប់ពី​ទទួលបាន​សំឡេង​ចម្លែក​។​

​ករណីនេះ​បានធ្វើឱ្យ​មានការ​ភ័យខ្លាច​ថា គូប្រជែង​អាមេរិក​បាន​បង្កើត​ឧបករណ៍​រលក​សំឡេង​ឬ​ឧបករណ៍​ម៉ៃ​ក្រូ​វ៉េវ​បន្ទាប់ពី​រោគសញ្ញា​ស្រដៀង​គ្នា​នេះ​ត្រូវបាន​រាយការណ៍​​ថា​មាននៅ​ក្នុងចំណោម​អ្នកការទូត​អាមេរិក​និង​ក្រុមគ្រួសារ​របស់​ពួកគេ​នៅ​ប្រទេស​គុយបា​កាលពី​ឆ្នាំ​២០១៦ ។​

​ការជូនដំណឹង​អំពី​សុខភាព​ចុងក្រោយ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​នេះ​ដែលជា​លើក​ទី​២​ក្នុង​រយៈពេល ២​សប្តាហ៍​កន្លងមកនេះ បាន​និយាយថា​បន្ទាប់ពី​មានការ​​ពិនិត្យ​សុខភាព​ដោយ​ស្ម័គ្រចិត្ត​មក ក្រសួងការបរទេស​អា​មេ​រិ​ក បាន​បញ្ជូន​បុគ្គល​ផ្សេងៗ​ទៀត​ជាច្រើន​នាក់​ទៅកាន់​សហរដ្ឋអាមេរិក​ដើម្បី​ធ្វើការ​វាយតម្លៃ​បន្ថែមទៀត​។​

​ការព្រមាន​ឱ្យ​ប្រុងប្រយ័ត្ន​ជាថ្មី​អំពី​សុខភាព​នេះ ជំរុញ​បុគ្គលិក​និង​សមាជិកគ្រួសារ​អាមេរិក​ឱ្យ​ទាក់ទង​គ្រូពេទ្យ​របស់​ពួកគេ​បើសិន​ពួកគេ​ជួបប្រទះ​នឹង​”​រោគសញ្ញា​លើ​រាង​​កាយ​មិន​ប្រក្រតី ឬ​បញ្ហា​សុភាព​ផ្សេងទៀត​ដែល​គួរឱ្យ​អារម្មណ៍​នោះ ។​

​ការជូនដំណឹង​អំពី​សុខភាព​នេះ​និយាយថា រោគសញ្ញា​ដែល​ត្រូវ​យកចិត្តទុកដាក់​គឺ​រួមមាន វិលមុខ ឈឺក្បាល ឈឺ​ត្រចៀក អស់កម្លាំង ស្រវាំងភ្នែក និង​ពិបាក​ដេក ជាដើម​នោះ ៕ដោយ៖សុខា/sn

ការសង្ស័យ​អំពី​ការបង្ក​ជម្ងឺ​ដោយ​ចិន​នេះ​កើត​ឡើងខណៈ​ទំនាក់ទំនង​ចិន​-​អាមេរិក​មិនល្អ​ទាំង​ខាង​សេដ្ឋកិច្ច យោធា​និង​នយោបាយ