អាមេរិក​ចោទប្រកាន់​ហ៊ែ​ក​ឃើ​ចិន​២​នាក់​ដែលមាន​ទំនាក់ទំនង​ជាមួយ​ទីភ្នាក់ងារ​ចារកម្ម​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​

549
ចែករម្លែក

​ក្រុមមន្ត្រី​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​ធ្នូ​បាន​និយាយថា ពួក​ហ៊ែ​ក​ឃើ (Hacker) ជនជាតិ​ចិន​២​នាក់​បានធ្វើ​យុទ្ធនាការ​យ៉ាង​ទូលំទូលាយ​ជំនួស​ឱ្យ​ទីភ្នាក់ងារ​ចារកម្ម​ដ៏​សំខាន់​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​លួច​យក​អាថ៌កំបាំង​ពាណិជ្ជកម្ម​និង​ព័ត៌មាន​ផ្សេងៗ​ពី​ទីភ្នាក់ងារ​នានា​របស់រ​ដ្ឋា​ភិ​បាល​អាមេរិក និង “​ជន​សំខាន់ៗ​” នៃ​សាជីវកម្ម​ធំៗ​នៅ​សហរដ្ឋអាមេរិក​និង​ប្រទេស​ជាច្រើន​ទៀត​។​

​ការចោទប្រកាន់​នេះ​គឺជា​សំណុំរឿង​ព្រហ្មទណ្ឌ​ចុងក្រោយ​បំផុត​នៅក្នុង​រឿងក្តី​ព្រហ្មទណ្ឌ​របស់​ក្រសួងយុត្តិធម៌​អាមេរិក​ដែល​ផ្ដោត​សំខាន់​លើ​ការធ្វើ​ចារកម្ម​តាម​អ៊ី​ន​ធឺ​ណេ​តរបស់​ចិន​និង​គាប់​ជួន​ទៅនឹង​សេចក្តីប្រកាស​មួយ​ដោយ​ចក្រភព​អង់គ្លេស​ដែល​ស្តីបន្ទោស​ក្រសួង​សន្តិសុខ​រដ្ឋ​ចិន​ចំពោះ​ការ​លួច​អា​ថ៍កំ​បាំង​ពាណិជ្ជកម្ម​ដែល​ប៉ះពាល់​ដល់​បណ្តា​ប្រទេស​លោកខាងលិច​។​

​ក្រុម​ហ៊ែ​ក​ឃើ ដែល​ម្នាក់​ក្នុងចំណោម​នោះ​មាន​រហស្សនាម​ថា “Godkiller” ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភបំពាន​លើ​បណ្តាញ​កុំព្យូទ័រ​ដែល​ចាប់ផ្ដើម​តាំងពី​ឆ្នាំ ២០០៦ នៅក្នុង​ឧស្សាហកម្ម​ជាច្រើន​ដូចជា​អាកាសចរណ៍​និង​អវកាស ហិរញ្ញវត្ថុ​ប្រេង​និង​ឧស្ម័ន បច្ចេកវិជ្ជា​ផ្កាយរណប​និង​ឱសថ​។ ក្រុម​រដ្ឋអាជ្ញា​និយាយថា ពួក​ហ៊ែ​ក​ឃើ​នេះ​ក៏​ទទួលបាន​ឈ្មោះ លេខ​សន្តិសុខ​សង្គម និង​ព័ត៌មាន​ផ្ទាល់ខ្លួន​ផ្សេងទៀត​របស់​បុគ្គលិក​ក​ង​ទ័ពជើងទឹក​ជាង ១០០.០០០ នាក់​ផងដែរ​។​

​នៅក្នុង​ការផ្លាស់ប្តូរ​ថ្មី​ដែល​ឆ្លុះបញ្ចាំង​ពី​ការវិវត្ត​របស់​សាជីវកម្ម​កុំព្យូទ័រ ពួក​ហ៊ែ​ក​ឃើ​ទាំង​នោះបាន​ជ្រៀតចូល​ទៅក្នុង​ក្រុមហ៊ុន​ផ្ទុក​ទិន្នន័យ​កុំព្យូទ័រ​លើ​អ៊ី​ន​ធឺ​ណេ​ត (Cloud Computing) និង​ក្រុមហ៊ុន​ផ្តល់​បច្ចេកវិជ្ជា​សំខាន់ៗ​ដទៃទៀត​ដើម្បី​ចូល​មើល​ឯកសារ​ដ៏​មានតម្លៃ​របស់​អតិថិជន​ដោយ​ប្រយោល​។​

​ក្រុម​រដ្ឋអាជ្ញា​បាន​និយាយថា ពួក​ហ៊ែ​ក​ឃើ​បាន​លួច​ទិន្នន័យ “​រាប់រយ​ជី​ហ្គា​បៃ​” ដោយ​រំលោភបំពាន​លើ​កុំព្យូទ័រ​របស់​អង្គភាព​ជាង ៤៥ នៅក្នុង​រដ្ឋ​ចំនួន ១២ រួមទាំង​មន្ទីរ​ពិសោធ​ម៉ាស៊ីន​យន្តហោះ​របស់ និង​មជ្ឈមណ្ឌល​អវកាស Goddard របស់​អង្គការ​ណា​សា​។ ពួក​ហ៊ែ​ក​ឃើ ដែល​គេ​ស្គាល់​ថា​ជា​សមាជិក​នៃ​ក្រុម APT10 ឬ “Stone Panda” មិន​ត្រូវបាន​ឃុំឃាំង​ទេ​។ រដ្ឋអាជ្ញា​បាន​និយាយថា ឈ្មោះ​របស់​ពួកគេ​គឺ ជូ ហ៊ួ (Zhu Hua) និង​ចាង ស៊ី​ល​ឡុង (Zhang Shillong)៕ ដោយ៖ កញ្ញាដាលីស

ហ៊ែ​ក​ឃើ​ទាំង​២​មាន​ឈ្មោះថា ជូ ហ៊ួ និង​ចាង ស៊ី​ល​ឡុង