អាមេរិក​ចោទប្រកាន់ ចូ ឡូ​វ និង​អតីត​ធនាគារិក​ជុំវិញ​រឿងអាស្រូវ​ហិរញ្ញវត្ថុ​

835
ចែករម្លែក

ក្រសួងយុត្តិធម៌អាមេរិកកាលពីថ្ងៃព្រហស្បតិ៍ទី០១តុលាបានប្រកាសចោទប្រកាន់ហិរញ្ញិកម៉ាឡស៊ីដែលកំពុងរត់គេចខ្លួននិងអតីតធនាគារិកGoldman Sachsពីរនាក់ដែលត្រូវបានចោទប្រកាន់ក្នុងគំរោងផែនការលាងលុយនិងសូកប៉ាន់ដ៏ធំមួយ ដែលបានបញ្ជូនចេញប្រាក់រាប់ពាន់លានដុល្លារពីមូលនិធិម៉ាឡេស៊ីមួយ ដែលត្រូវបានបង្កើតឡើងសំរាប់ជំរុញគំរោងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងប្រទេស។

ការចោទប្រកាន់៣ករណីប្រឆាំង ឡូវ ទែក ហូ (Low Taek Jho)ឬ ចូឡូវ រួមមានការប្រើប្រាស់ប្រាក់មិនសមស្របពីមូលនិធិរដ្ឋនេះនិងការប្រើវាសំរាប់ផ្តល់សំណូកសំរាប់មន្រ្តីក្នុងស្រុកនិងបរទេស ចំណាយលើលំនៅស្ថានប្រណិត វត្ថុលិស្បៈនិងគ្រឿងអលង្កានៅអាមេរិក ព្រមទាំងជួយផ្តល់លុយដល់ភាពយន្តហហូលីវូតរួមមានភាពយន្តរឿងThe Wolf of Wall Street។

ត្រូវបានចោទប្រកាន់ផងដែរ គឺអតីតធនាគារិកGoldman Sachs លោកធីម លេសនឺ ដែលបានឆ្លើយទទួលកំហុសចំពោះការសមគំនិតលាងលុយនិងសមគំនិតរំលោភច្បាប់ប្រឆាំងការស៊ីសំណូក។អតីតមន្រ្តីធនាគារម្នាក់ទៀត ឈ្មោះង៉ ចុង ហ្វា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍នៅម៉ាឡេស៊ីនិងត្រូវបានចោទប្រកាន់គេចពីការត្រួតពិនិត្យគណនេយ្យផ្ទៃក្នុង។

លេសនឺ បានទទួលស្គាល់ថាបានបង់ប្រាក់រាប់លានជាសំណូកដល់មន្រ្តីរដ្ឋាភិបាលនៅម៉ាឡេស៊ីនិងនៅក្រុងអាប៊ូ ដាប៊ី ,នេះបើតាមឯកសារតុលាការ។

ប៉ូលិសនៅម៉ាឡេស៊ី បាននិយាយថា ឡូវ បានភៀសខ្លួនទៅម៉ាកាវនិងបន្តចេញទៅកាន់កន្លែងដែលគេមិនស្គាល់។ មុនត្រូវបានចោទប្រកាន់ ឡូវល្បីល្បាញណាស់នៅទីក្រុងញូវយ៉កនិងក្លឹបនៅឡូស អ៊ែនជើឡេស។កាលពីឆ្នាំ២០១២ គាត់បានរៀបចំពិធីខួបកំណើត៣១ឆ្នាំដ៏ខ្ជះខ្ជាយ ដោយមានការចូលរួមពីតារាភាពយន្តឡេអូណាដូឌីកាព្រីយ៉ូ កំពូលអ្នកបង្ហាញម៉ូត គីម កាដាសៀន និងតារាដទៃទៀត រហូតដល់សារព័ត៌មានThe Wall Street Journal ហៅវាថាជាពិធីជប់លាងសាហាវអស្ចារ្យមិនដែលធ្លាប់មាន។

សូមបញ្ជាក់ថា មូលនិធិ1Malaysia Development Berhad (1MDB)ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩ដោយនាយករដ្ឋមន្រ្តីពេលនោះ លោក ណាជីប រ៉ាហ្សាក់ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច។វាពឹងលើប្រាក់បំណុលដើម្បីផ្តល់មូលនិធិវិនិយោគនិងគំរោងអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយត្រូវបានមើលការខុសត្រូវដោយពួកមន្រ្តីរដ្ឋាភិបាលម៉ាឡេស៊ី។

លោកណាជីបធ្វើជាប្រធាននៃក្រុមប្រឹក្សាភិបាលនិងក្នុងនាមជារដ្ឋមន្រ្តីហិរញ្ញវត្ថុមានសិទ្ធិវេតូរាល់សកម្មភាពរបស់វា។ជាមិត្តម្នាក់របស់កូនធម៌របស់ណាជីប លោកឡូវ មិនមានតួនាទីផ្លូវការនៅមូលនិធិ1MDBទេតែមានឥទ្ធិពលគួរសមលើការសំរេចរបស់វានិងទាក់ទងជាមួយលោកណាជីបជារឿយៗ នេះបើតាមការអះអាងរបស់អាជ្ញាធរអាមេរិក។

រឿងអាស្រូវនេះនាំមកផលវិបាកនយោបាយធំនៅម៉ាឡេស៊ី ដោយនៅឆ្នាំ២០១៥ លោកណាជីបបានបណ្តេញអគ្គរដ្ឋអាជ្ញារបស់លោកនិងឧបនាយករដ្ឋមន្រ្តីម្នាក់ដោយសារតែពួកគរចង់បានការស៊ើបអង្កេតរឿង1MDB។ការស៊ើបអង្កេតសភាមួយបានរកឃើញភាពមិនប្រក្រតីជាច្រើន តែគ្មានអំណាចចាត់ការ។

អតីតមេដឹកនាំម៉ាឡេស៊ី លោកមហាធៀ ម៉ូហាម៉ាត មានកំហឹងចំពោះរឿងអាស្រូវនេះ និងបានបង្ខំចិត្តចេញពីការចូលនិវត្តន៍ហើយសហការគ្នាជាមួយក្រុមប្រឆាំងដើម្បីបណ្តេញណាជីបចេញនៅក្នុងការបោះឆ្នោតជាតិកាលពីខែសីហាកន្លងទៅ។

ណាជីបនិងអតីតមេរតនាគាររបស់លោកត្រូវបានចោទប្រកាន់កាលពីសប្តាហ៍មុនពីបទរំលោភសេចក្តីទុកចិត្តពាក់ព័ន្ធប្រាក់៦.៦៤០លានរីងហ្គិត(១.៦០០លានដុល្លារ) ជាការចោទប្រកាន់បន្ថែមលើការចោទប្រកាន់៣២ករណីរួចហើយពីបទប្រព្រឹត្តអំពើពុករលួយ រំលោភទំនុកចិត្តនិងលាងលុយដែលលោកណាជីបប្រឈមពាក់ព័ន្ធនឹង1MDB ៕ដោយ៖វាសនា