អាមេរិក​ជួសជុល​ទំនាក់ទំនង​ជាមួយ​សម្ព័ន្ធ​មិត្ត តែ​កំពុង​ត្រៀម​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​

633
ចែករម្លែក

​ដោយ​ប្រមូល​កម្លាំង​សម្រាប់​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ឃោរឃៅ​ជាមួយ​ចិន សហរដ្ឋអាមេរិក​ទំនងជា​កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​ជាមួយ​មិត្តភក្តិ​របស់ខ្លួន​។​

​អ្នកចរចា​អាមេរិក​និង​ម៉ិ​ក​ស៊ិ​ក​កំពុង​ជួបប្រជុំ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ (​ទី​២​និង​៣​សីហា​) ដើម្បី​សរសេរ​ឡើងវិញ​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាងជើង (NAFTA) ដែលជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ មើលទៅ​ដូចជា​បាន​ស្លាប់​អស់​រយៈពេល​ពីរ​បី​ខែ​មកហើយ​។ ហើយ​កាលពី​សប្តាហ៍​មុន​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានប្រកាស​បទ​ឈប់​បាញ់​ក្នុង​ជម្លោះ​ដ៏​បំផ្លិចបំផ្លាញ​ជាមួយ​សហភាព​អឺរ៉ុប​លើ​ជំនួញ​ផ្នែក​រថយន្ត ឡាន​ដឹកទំនិញ និង គ្រឿងបន្លាស់​រថយន្ត​។​

​ទន្ទឹមនឹង​នេះដែរ រដ្ឋបាល​ត្រាំ​បាន​បង្កើន​សម្ពាធ​លើ​ប្រទេស​ចិន​នៅ​សប្តាហ៍​នេះ ដោយ​ស្នើ​វាយ​ពន្ធ​ទ្វេដង​លើ​ការនាំ​ចូល​របស់​ចិន​ចំនួន ២០០ ពាន់​លាន​ដុល្លារ​។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ប្តេជ្ញា​វាយបក​វិញ​ជាមួយ​ការដាក់ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម​ផ្ទាល់​របស់ខ្លួន​តែម្តង​។​

​លោក ម៉ៃ​ឃើ​ល ខា​មូ​ណេ​ស ប្រធាន​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​យោបល់ Monarch Global Strategies និង​ជា​អតីតមន្ត្រី​ក្រសួងពាណិជ្ជកម្ម​អាមេរិក បាន​និយាយថា “​ប្រសិនបើ​អ្នកនឹង​ចេញទៅ​តតាំង​ជាមួយ​ចិន អ្នក​គួរតែ​ធ្វើឱ្យ​ប្រាកដថា អ្នក​បាន​ពង្រឹង​មូលដ្ឋាន​របស់​អ្នក​ជាមួយ​សម្ព័ន្ធមិត្តរ​បស់​អ្នក ហើយ​ធ្វើឱ្យ​ប្រាកដថា អ្នករក្សា​ទីផ្សារ​ផ្សេងទៀត​ឱ្យនៅ​បើកចំហ​” ។​

​លោក​ត្រាំ​បានធ្វើ​យុទ្ធនា​ការប្តេជ្ញា​ធ្វើ​វិសោធនកម្ម​លើ​កិច្ចព្រមព្រៀង NAFTA អាយុ ២៤ ឆ្នាំ​ជាមួយ​ប្រទេស​កាណាដា​និង​ម៉ិ​ក​ស៊ិ​ក ដែលជា​កតិកាសញ្ញា​មួយ គាត់​ហៅថា គ្រោះមហន្តរាយ​សម្លាប់​ការងារ​។​

​ការចរចា​ដើម្បី​សរសេរ​កិច្ចព្រមព្រៀង NAFTA ឡើងវិញ​កើតឡើង​បន្ទាប់ពី​លោក អង់​ដ្រេ​ស ម៉ា​នូ​អែល ឡូ​ប៉េ​ស អូ​ប្រា​ដ័​រ ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក​កាលពី​ខែ​មុន និង​បានបង្ហាញ​ការគាំទ្រ​ឱ្យ​កែប្រែ NAFTA​។ អ្នកចរចា​ម៉ិ​ក​ស៊ិ​ក​សង្ឃឹមថានឹង​សម្រេចបាន​កិច្ចព្រមព្រៀង​ក្នុង​ខែ​នេះ​ជាមួយ​អាមេរិក រួចហើយ​នឹង​ទាញ​កាណាដា​ចូលមក​ការចរចា​សាជាថ្មី​៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អាមេរិក លោក ឡៃ ធី​ស​ហ្ស័​រ (​ឆ្វេង​) និយាយ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ម៉ិ​ក​ស៊ិ​ក លោក អ៊ី​ល​ដេ​ហ្វុ​ង​សូ ហ្គា​ចា​ដូ វី​ល​យ៉ា​រៀល (​ស្តាំ​) នៅ​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ព្រហស្បតិ៍