អាមេរិក​ជំរុញ​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​វៀតណាម​ចំពេល​មាន​ភាព​តានតឹង​ជាមួយ​ចិន​

2804
ចែករម្លែក

តាមរយៈការធ្វើទស្សនកិច្ចលើកទី២នៅឆ្នាំនេះនៅវៀតណាម រដ្ឋមន្រ្តីការពារជាតិអាមេរិក លោកជីម ម៉ាតទីស កំពុងបញ្ជូនសញ្ញាអោយឃើញថាតើរដ្ឋការបស់ត្រាំកំពុងព្យាយាមទប់ទល់នឹងការសម្ញែងឫទ្ធិយោធារបស់ចិននៅក្នុងតំបន់នេះកំរិតណា។

ដំណើរទស្សនកិច្ចនាថ្ងៃអង្គារទី១៦តុលានេះបង្ហាញការវិវឌ្ឍជឿនលឿននៃទំនាក់ទំនងអាមេរិក-វៀតណាមចាប់តាំងពីបណ្តាឆ្នាំដ៏វឹកវរនៃសង្រ្គាមវៀតណាម។

ម៉ាតទីស ឧត្តមសេនីយ៍ចូលនិវត្តន៍ដែលបានបំរើជាទាហានម៉ារីនក្នុងអំឡុងសង្រ្គាមវៀតណាមបានធ្វើទស្សនកិច្ចក្រុងហាណូយកាលពីខែមករាឆ្នាំនេះ។វាត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃមុនខួបទី៥០នៃការវាយប្រហារថ្ងៃបុណ្យចូលឆ្នាំថ្មីនាឆ្នាំ១៩៦៨ ដែលពេលនោះយុទ្ធជនវៀតណាមខាងជើងពេលនោះបានវាយប្រហារគោលដៅសំខាន់ៗមួយចំនួននៅវៀតណាមខាងត្បូង ដែលបានធ្វើអោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនភ្ញាក់ផ្អើលជាខ្លាំង។

នៅ៣ខែបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ម៉ាតទីស នាវាផ្ទុកយន្តហោះអាមេរិក USS Carl Vinsonបានចូលចតផែក្រុងដាណាំង ។វាជាដំណើរចូលចតដូច្នេះលើកដំបូងចាប់តាំងពីសង្រ្គាមនិងរំលឹកដល់ចិនថា អាមេរិកមានបំណងពង្រឹងភាពជាដៃគូនៅក្នុងតំបន់ដើម្បីទប់ទល់នឹងអំណាចយោធាចិនកាន់តែកើនឡើង។

ចំណុចគួរអោយអាមេរិកព្រួយបារម្ភបំផុតគឺការអះអាងជាកម្មសិទ្ធិធំធេងរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងនិងការប្រែក្លាយទីរាក់ៗនៃផ្លូវទឹកនេះទៅជាកូនកោះសិប្បនិមិត្តដើម្បីដាក់គ្រឿងបរិក្ខាយោធា រួមទាំងកាំជ្រួច។

ម៉ាតទីស បាននិយាយថា​ការដាក់សព្វាវុធទាំងនេះ “ជាប់ទាក់ទងដោយផ្ទាល់ទៅនឹងការប្រើយោធាសំរាប់គោលដៅបំភិតបំភ័យនិងបង្ខិតបង្ខំ”។តែទោះជាយ៉ាណាចិនតែងតែបដិសេធការចោទប្រកាន់បែបខាងលើនិងថា វាជាសិទ្ធិរបស់របស់ប្រទេសមួយនៅក្នុងការដាក់ទ័ពនៅលើទឹកដីរបស់ខ្លួន។

ពេលនេះ លោកម៉ាតទីស ធ្វើទស្សនកិច្ចក្រុងហូជីមិញ ទីក្រុងពាណិជ្ជកម្មធំបំផុតរបស់វៀតណាម។ធ្លាប់ត្រូវបានគេហៅថាក្រុងសាយហ្គនមុនពេលពួកកុំម្មុយនីសដណ្តើមជោគជ័យលើរបបសាធារណរដ្ឋវៀតណាមខាងត្បូងនៅឆ្នាំ១៩៧៥ ទីក្រុងមួយនេះត្រូវបានដាក់ឈ្មោះថ្មីតាមបុរសម្នាក់ដែលបានដឹកនាំចលនាជាតិនិយមវៀតណាម គឺលោក ហូជីមិញ។

កាលពីខែមករាឆ្នាំ២០១៨ លោកជីម ម៉ាតទីស និងសមភាគីវៀតណាម ង៉ូ សួន លីច ដើរត្រួតពលរបស់កងកិត្តិយសនៅក្រុងហាណូយ

ម៉ាតទីសក៏មានផែនការទៅទស្សនាមូលដ្ឋានទ័ពអាកាសវៀតណាម បៀន ហ័រ ដែលជាទីតាំងទ័ពអាកាសរបស់អាមេរិកធំមួយក្នុងអំឡុងសង្រ្គាម ហើយនឹងជួបប្រជុំជាមួយរដ្ឋមន្រ្តីការពារជាតិវៀតណាម ង៉ូ សួនលីច។

ពីដំបូងដំណើររបស់ម៉ាតទីសរួមមានដំណើរទស្សនកិច្ចនៅក្រុងប៉េកាំងរបស់ចិន តែដំណើរនេះត្រូវបានលុបចោលទៅវិញចំពេលមានភាពតានតឹងទាំងខាងពាណិជ្ជកម្មនិងយោធារវាងមហាអំណាចទាំងពីរ។ចិនកាលពីពេលថ្មីៗ បានបដិសេធមិនអោយនាវាផ្ទុកយន្តហោះអាមេរិកមួយចូលចតកំពង់ផែហុងកុងទេ បន្ទាប់ពីបានលុបចោលដំណើរទស្សនកិច្ចរបស់មន្រ្តីយោធាអាមេរិកនិងទាមទារអោយអាមេរិកផ្អាកការលក់អាវុធទៅអោយកោះតៃវ៉ាន់៕ដោយ:វាសនា

រូបឯកសារ ខែមករាឆ្នាំ២០១៨ បង្ហាញរដ្ឋមន្រ្តីការពារប្រទេសអាមេរិក ពិភាក្សាជាមួយអគ្គលេខាបក្សវៀតណាម ង្វៀន ភូ ត្រុង នៅក្រុងហាណូយ