អាមេរិក​ដកហូត​ប្រាក់​ជំនួយ​ពី​ប្រទេស​ប៉ា​គី​ស្ថាន​មកវិញ​

409

​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ លោកស្រី នី​ក​គី ហេ​លី បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២​មករា​ថា រដ្ឋាភិបាល​វ៉ាស៊ីនតោន​បាន​កាត់បន្ថយ​ជំនួយ​ហិរញ្ញវត្ថុ​ចំនួន​២២៥​លាន​ដុល្លារ​ពី​ការផ្តល់ឱ្យ​ប្រទេស​ប៉ា​គី​ស្ថាន ។

​ឯកអគ្គរដ្ឋទូត​អាមេរិក​នេះ​បាន​និយាយ​ដូចនេះ បន្ទាប់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា ប្រាក់​ជំនួយ​អាមេរិក​រាប់ពាន់​លាន​ដុល្លារ ត្រូវបាន​បញ្ជូន​ឱ្យទៅ​រដ្ឋាភិបាល​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិន​ទទួលបាន​អ្វី​សោះ គឺ​ក្រៅតែពី​ការនិយាយ​កុហក​និង​លាក់លៀម​។​

​លោកស្រី ហេ​លី និយាយថា ប្រសិនបើ​ប្រទេស​ប៉ា​គី​ស្ថាន​មិន​បញ្ឈប់​ការផ្តល់​សុវត្ថិភាព​ដល់​ក្រុម​ភេរ​វករ​ទេនោះ លោក ដូ​ណា​ល់ ត្រាំ នឹង​ត្រៀម​បញ្ចប់​ការផ្តល់​មូលនិធិ​ទាំងអស់​សម្រាប់​ប្រទេស​នេះ​។​

​អ្នកការទូត​អាមេរិក​នេះ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ទីស្នាក់ការ​កណ្តាល​អង្គកា​រ​សហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក​ថា “​ប៉ា​គី​ស្ថាន​មានការ​លាក់លៀម​អស់​ជាច្រើន​ឆ្នាំ​មកហើយ ។ ពួកគេ​ធ្វើការ​ជាមួយ​ពួកយើង នៅពេល​ខ្លះ ប៉ុន្តែ​ពួកគេ​បានផ្តល់​កន្លែង​លាក់ខ្លួន​របស់​ក្រុម​អ្នក​ភេរវជន​ដែល​វាយប្រហារ​កងទ័ព​របស់​យើង នៅ​អាហ្គានីស្ថាន​ផងដែរ​។ លោកស្រី​បាន​ព្រមាន​ថា “​ការលាក់លៀម​បែបនេះ មិនអាច​ទទួលយកបាន​ទេ​”​។​

​កាលពី​ថ្ងៃ​ចន្ទ ទី​១​ខែមករា លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា សហរដ្ឋអាមេរិក​បាន​ផ្ដល់ប្រាក់​ជំនួយ​ចំនួន​ជាង ៣៣​ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​ប៉ា​គី​ស្ថាន អស់​រយៈពេល​១៥​ឆ្នាំ​មកហើយ ប៉ុន្តែ​ពួកគេ​មិនបាន​ផ្តល់​អ្វី​ទាល់តែសោះ​សម្រាប់​យើង​។ ពួកគេ​និយាយ​ភូតភរ​និង​លាក់លៀម ដោយ​គិតថា ក្រុម​មេដឹកនាំ​របស់​យើង ជា​មនុស្ស​ល្ងីល្ងើ​”​។​

​ប្រហែល​១​ភាគ​៣​នៃ​ថវិការ​របស់​អង្គការ​ផ្តល់ជំនួយ​អាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ​សម្រាប់​ប្រទេស​ប៉ា​គី​ស្ថាន​ក្នុង​ឆ្នាំ​២០១៦ គឺមាន​ទឹកប្រាក់​ជំនួយ​ប្រហែល ២៥៣ លាន​ដុល្លារ​៕ ដោយ៖ សុខា

លោក ដូ​ណា​ល់ ត្រាំ និង លោកស្រី នី​ក​គី ហេ​លី និយាយ​គ្នា នៅ​អង្គការសហប្រជាជាតិ