អាម៉េរិក​ដាក់ទណ្ឌកម្ម​នាវា​ចិន​ចំពោះ​ការរំលោភ​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​

461
ចែករម្លែក
  • 86
    Shares

​សហរដ្ឋអាម៉េរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​មីនា​ បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​ចិន​២​ ដោយសារ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាងជើង ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​​ប្តេជ្ញា​រក្សា​ការដាក់ទណ្ឌកម្ម​តឹងរ៉ឹង​លើ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ទោះបីជាមាន​ទំនាក់ទំនង​ការទូត​កម្រិត​ខ្ពស់​ក៏ដោយ​។​

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក លោក ច​ន បុល​ថុន បាន​និយាយបន្ទាប់​ពី​ការប្រកាស​របស់​ក្រសួង​រតនាគារ​អាម៉េរិក​ថា “​ឧស្សាហកម្ម​សមុទ្រ​ត្រូវតែ​ធ្វើ​បន្ថែមទៀត​ដើម្បី​​បញ្ឈប់​សកម្មភាព​ការដឹកជញ្ជូន​ដោយ​ខុស​ច្បាប់​របស់​កូរ៉េខាងជើង​។​

​លោក​បាន​និយាយថា ” មនុស្ស​គ្រប់គ្នា គួរ​កត់សម្គាល់​និង​ពិនិត្យ​មើល​សកម្មភាពរ​បស់​ខ្លួន​ដើម្បី​ធានា​ថា​ពួកគេ​មិន​ចូល​ពាក់ព័ន្ធ​នឹង​ការរំលោភ​ការ​ដាក់​ទណ្ឌកម្ម​លើ​​កូរ៉េខាងជើង​។​

​ក្រសួង​រតនាគារ​នេះ​បាន​និយាយថា ខ្លួន​កំពុង​រារាំង​ផលប្រយោជន៍​នៃ​ក្រុមហ៊ុន Dalian Haibo International Freight Co.Ltd និង​ហាមឃាត់​ជនជាតិ​អាម៉េរិក​​មិន​ឱ្យ​ទាក់ទង​ជាមួយ​ក្រុមហ៊ុន​នេះ​។​

​សហរដ្ឋអាម៉េរិក បាន​ចោទ​ថា ក្រុមហ៊ុន​នេះ​កាលពី​ឆ្នាំមុន បាន​ដឹក​ទំនិញ​ចេញពី​កំពង់ផែ​ក្រុង​Dalian​ប្រទេស​ចិន​ទៅ​កូរ៉េខាងជើង ដោយ​តំណាង​ឱ្យ​ក្រុមហ៊ុន​Paeksol Trading Corporation​ដែល​នៅ​កាលនោះបាន​លក់​លោហធាតុ​និង​ធ្យូងថ្ម​ដើម្បី​រក​លុយ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​។​

​ក្រសួង​រតនាគារ​នេះ ក៏​បាន​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន Liaoning Danxing International Forwarding Co. Ltd. ដោយ​និយាយថា ក្រុមហ៊ុន​នេះ​បាន​ជួយ​ក្រុមមន្ត្រី​កូរ៉េ​​ខាងជើង​ដែលមាន​មូលដ្ឋាន​នៅ​អឺរ៉ុប​ក្នុង​ការផ្តល់​ទំនិញ​សម្រាប់​របប​នេះ​។​

​ចំណាត់ការ​នេះ​ធ្វើ​ឡើង​មិន​ដល់​មួយ​ខែ​ផង​បន្ទាប់ពី​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន​បាន​ជួប​ជាមួយ​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ នៅ​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​សម្រាប់​កិច្ច​ជំនួប​កំពូល​លើក​ទី​២​ដែល​បាន​បរាជ័យ​ដោយសារតែ​ការទាមទារ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ឱ្យ​បន្ធូរបន្ថយ​ការដាក់ទ​ណ្ឌកម្ម​នេះ​៕​ដោយ​៖​សុខា​/sn/Ha

រូបភាព យក​ពី​របាយការណ៍​របស់​គណៈកម្មការ​សហប្រជាជាតិ​មួយ បង្ហាញ​ការផ្ទេរ​ទំនិញ​ខុសច្បាប់​ពាក់ព័ន្ធ​នាវា​កូរ៉េខាងជើង​

#